មន្ត្រី​អាជ្ញាធរ​ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​ស្រុក​អូរ​យ៉ា​ដាវ

​ថ្មីៗ​នេះ​ដីព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​ប្រមាណ​៥០០​ហិកតា​នៅក្នុង​ស្រុក​អូ​រយ៉ា​ដាវ ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ធ្វើ​សកម្មភាព​កាប់​គាស់​ឈូសឆាយ​ដុតបំផ្លាញ​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិឯកជន ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​អូរ​យ៉ា​ដាវ បាន​រិះគន់ថា មន្ត្រី​អាជ្ញាធរ​ចាប់ពី​ថ្នាកភូមិ ថ្នាក់ឃុំ រហូតដល់​ថ្នាក់ស្រុក ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​យ៉ាង​គឃ្លើន​។ ជាមួយគ្នានេះ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ទាក់ទង​ទៅនឹង​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នោះ​ផងដែរ​។

​ប្រជា​សហគមន៍​នៅក្នុង​ឃុំ​យ៉ា​ទុង និង​ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ប្រមាណ​៥០០​ហិកតា គឺ​កើតឡើង​នៅ​ភូមិ​តា​កុក​ព្នង ភូមិ​តា​កុក​ច្រាយ និង​ភូមិ​ខ្វែង ដោយមាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​។ ប្រជា​សហគមន៍​បានលើកឡើង​ទៀតថា ប្រសិនបើ​គ្មាន​ការ​ត្រូវរ៉ូវ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ឃុំ មន្ត្រី​អាជ្ញាធរ​ស្រុក និង​មន្ត្រី​បរិស្ថាន ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទេនោះ គឺ​អ្នកមាន​លុយ អ្នកមានអំណាច មិន​ហ៊ាន​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​យ៉ាង​ក្រអឺតក្រទម​បែបនេះ​ឡើយ​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​បើក​ការស៊ើបអង្កេត​ក្រុម​អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​យកទៅ​ផ្តន្ទាទោស​តាមច្បាប់ ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

មន្ត្រីរាជការ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ពួកគាត់​រង់ចាំ​មើល​ចំណាត់ការ​របស់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទៅលើ​ក្រុម​អ្នក​ឈូសឆាយ​កាប់​គាស់​ដុតបំផ្លាញ​ព្រៃឈើ​ដើម្បី​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិឯកជន​នៅក្នុង​ស្រុក​អូរ​យ៉ា​ដាវ​។ ក៏ប៉ុន្តែ​មកដល់ពេលនេះ​នៅ​មិនទាន់​ឃើញ​មាន​វិធានការ​ណាមួយ​ទៅលើ​ក្រុម​ជនល្មើស​និង​មន្ត្រី​អាជ្ញាធរ​ដែលជា​ប់​ពាក់ព័ន្ធ​នោះទេ ក្នុងខណៈដែល​ដីព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​ប្រមាណ​៥០០​ហិកតា ត្រូវគេ​ទន្ទ្រាន​កាន់កាប់​យ៉ាង​អនាធិបតេយ្យ​រួចទៅហើយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក៏ដូចជា​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ជាបន្ទាន់​ព្រោះ​បទល្មើស​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​ពឹង​ផ្អែកលើ​អនុផល​ព្រៃឈើ​៕

168721 15369873 179852