មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ព្រែក​ចាក លោក ណុប សារឹម បំពេញការងារ​មិន​ត្រឹមត្រូវ​តាមច្បាប់​

ប្រភពព័ត៌មាន​ថ្មីៗ​នេះ​ពី​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ខេត្តកំពត បាន​រាយការណ៍​មក​ថា ប្រជាពលរដ្ឋ ពិបាក​រកស៊ី​ខ្លាំងណាស់ ក្រោយពី​មានការ​ផ្លាស់ប្តូរ​មេ​ច្រកទ្វារ​ថ្មី​រួចមក ព្រោះ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ខិលខូច​បានកំណត់​ឱ្យ​បង់​សេវា​ម៉ូតូ​ដឹកទំនិញ ចេញចូល​២​ម៉ឺន​រៀល​ក្នុង​មួយ​ម៉ូតូ ហើយ​បើ​ដឹក​មនុស្ស​ឆ្លងដែន​ក៏​គេ​ដំឡើងថ្លៃ​ក្នុង​ម្នាក់​១០​ម៉ឺន​ដុង ផងដែរ​ដោយ​ពី​មុនពេល​ឆ្លងដែន​ម្នាក់​យកតែ​៥​ម៉ឺន​ដុង​ប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ក្រោម​ការគ្រប់គ្រង​របស់លោក ណុប សារឹម បំពេញការងារ​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​នោះទេ ហើយ​ថែមទាំង​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​សេដ្ឋកិច្ច​ទៀតផង​។​

​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ស្ទើរ​រាល់ថ្ងៃ​បាន​បង្ហើប​ថា ក្រោយពី​មានការ​ផ្លាស់ប្តូរ​មេ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​រួចមក​បែរជា​បាន​ដំឡើងថ្លៃ​សេវា​ក្នុងការ​ឆ្លងដែន​ទៅមក និង​គាប​យកលុយ​ពី​អាជីវករ​ដែល​រកស៊ី​ដឹក​ឥ​វ៉ាន់​បន្តិចបន្តួច​តាម​ម៉ូតូ​ចេញចូល​ដោយ​តម្រូវឱ្យ​បង់​២​ម៉ឺន​រៀល​ក្នុង​ម៉ូតូ​មួយ​។ ប្រភព​ដដែល​បាន​រៀបរាប់ថា ចាប់តាំងពី​លោក ណុប សារឹម មកកាន់​តំណែង​ពេលណា លោក​បាន​ប្រមូល​លិខិតឆ្លងដែន​ពី​អ្នក​ឆ្លងដែន​បោះត្រា​យកលុយ​ខុសធម្មតា​ដោយមាន​អ្នក​រត់ការ​ចាំ​ប្រមូល​ម្តងៗ​រាប់រយ​លិខិតឆ្លងដែន​។​

​មន្ត្រី​គយ​នៅ​ច្រកទ្វារ​ព្រែក​ចាក​បាន​បង្ហើប​ដែរ​ថា តាំងពី​លោក ណុប សារឹម ចូលកាន់​តំណែង​ជា​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ព្រែក​ចាក​មក​ការបង្ក​ភាព​ក្តៅក្រហាយ​ទៅលើ​ប្រជាពលរដ្ឋ និង​ឈ្មួញ​រកស៊ី​នាំ​ទំនិញ​ចូល​ស្រុក ព្រមទាំង​អ្នក​ឆ្លងដែន​ឱ្យ​បង់លុយ​ច្រក​ហោប៉ៅ​ឱ្យ​ពួកខ្លួន​យ៉ាង​គឃ្លើន​បំផុត​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ព្រែក​ចាក​លោក ណុប សារឹម មិន​ត្រឹមតែ​រង​ការ​រិះគន់ថា​បំពេញការងារ​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​អន្តោប្រវេសន៍​នោះទេ តែ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការសម្របសម្រួល​ឲ្យ​មានការ​នាំចូល​ទំនិញគេចពន្ធ​ផងដែរ​។​

គួរបញ្ជាក់​ផងដែរ​ថា​សូម្បីតែ​អាជ្ញាធរ​ខេត្តកំពត​ក៏​មិន​សប្បាយចិត្ត​ចំពោះ​ការបំពេញ​ការងារ​រប​ស់លោក ណុប សារឹម និង​បក្ខពួក​ផងដែរ ពីព្រោះ​ពួកគេ​រិះគន់​លោក ណុប សារឹម ថា ដើរតួ​ជា​អ្នកសម្របសម្រួល​ឱ្យ​ឈ្មួញ​គៃបំបាត់​ពន្ធ​រដ្ឋ​។ ប្រភព​ដដែល​បាន​សំណូមពរ​ថា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួងមហាផ្ទៃ គួរ​ត្រួតពិនិត្យ​សកម្មភាព​បំពេញការងារ​របស់លោក ណុប សារឹម ឡើងវិញ​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ និង​បញ្ចប់​ការិយាធិបតេយ្យ​នៅ​ច្រកទ្វារ​ព្រែក​ចាក​៕

SONY DSC

T-0388