ស្នាក់ការគណបក្ស ហ៊្វុនស៊ិនប៉ិចទាំងអស់ ត្រូវស្ថិតក្រោមការ គ្រប់គ្រងរបស់បក្ស

ភ្នំពេញ៖ លោក សាយ ហាក់ អគ្គលេខាធិការ ប្រតិបត្តិគណបក្ស ហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបង្ហាញជំហរ យ៉ាងមុតមាំថា គ្រប់ស្នាក់ការបក្ស និងរាល់អចលនទ្រព្យ ទាំងអស់ត្រូវស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ គណបក្សតែមួយគត់ គ្មានបុគ្គលណាម្នាក់ អាចយកធ្វើជាកម្មសិទ្ធ ផ្ទាល់ខ្លួនបានឡើយ។

ការលើកឡើងរបស់លោក សាយ ហាក់ បែបនេះ បានធ្វើឡើងបន្ទាប់ពី លោក ញឹក ប៊ុនឆៃ ដែលទើបតែដកខ្លួន ចេញពីគណបក្ស ហ៊្វុនស៊ិនប៉ិច មកបង្កើតបក្សថ្មី មួយឈ្មោះ “គណបក្សខ្មែររួបរួមជាតិ” ធ្លាប់បានអះអាងថា បើសិនជាគណបក្ស ហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចង់បានទីស្នាក់ការបក្ស នៅតាមបណ្តា រាជធានីខេត្តនោះ គឺត្រូវដោះស្រាយ គ្នាតាមផ្លូវច្បាប់ មិនអាចមករំលោភ យកបាននោះទេ ព្រោះទីស្នាក់ការបក្ស ភាគច្រើនបាន កើតមុនពេល បង្រួបបង្រួមគ្នា រវាងបក្សសង្គម រាស្រ្តរាជាធិបតេយ្យ និងហ៊្វុនស៊ិនប៉ិច។

លោក សាយ ហាក់ បានផ្ដល់បទសម្ភាសន៍ ដល់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា " ឯកឧត្តមញឹក ប៊ុនឆៃ លោកបានចាកចេញ ទៅបើកគណបក្ស នយោបាយថ្មី មួយហើយ ដោយច្បាប់គណបក្ស គឺមាត្រាទី១៥ លោក ញឹក ប៊ុនឆៃ ត្រូវបាត់បង់សមាជិកភាព បក្សដោយស្វ័យប្រវត្តិ គណបក្សហ៊្វុនស៊ិនប៉ិច មិនបានបណ្ដេញគាត់ទេ ហើយស្នាក់ការ គណបក្សហ៊្វុនស៊ិនប៉ិច សុទ្ធតែជាអចលនទ្រព្យ របស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលគាត់ (ញឹក ប៊ុនឆៃ) ប្រគល់ទទួលទាំងអស់”។

លោកបន្តថា “យើងចង់ដឹងថា អ្វីសល់ខ្លះ យើងមិនបាច់សើរើទេ គាត់ប្រគល់អ្វីហើយ គាត់ជាអ្នកប្រគល់ទាំងអស់ ដូចមានក្នុងឯកសារ ហើយចុះហត្ថលេខា ទាំងអស់ ដោយ ញឹក ប៊ុនឆៃ ឯកសារដំបូងម្ចាស់អារុណ (អារុណ រស្មី ) ជាមួយនឹងឯឧត្ដម ញឹក ប៊ុនឆៃ គាត់ធ្វើបញ្ជីសារពើ ភ័ណ្ឌទាំងអស់។ នៅក្នុងឯកសារខេត្ត នីមួយៗដូច មានចែងនេះ ដូចសៀមរាបក្ដី បន្ទាយមានជ័យក្ដីគឺ ទ្រព្យសម្បត្តិរបស់ គណបក្សហ៊្វុនស៊ិនប៉ិច ទាំងអស់ មិនមែនឯកសារ របស់អ្នកណាទេ មិនមែនទ្រព្យសម្បតិ្ត បុគ្គលណាមួយទេ"។

ជាងនេះទៅទៀត លោក សាយ ហាក់បានបញ្ជាក់ថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងប្រើវិធីសាស្រ្តយ៉ាងណា ដើម្បីទាមទារយក ស្ថានីយ៍វិទ្យុដែលកំពុង ស្ថិតក្នុងការគ្រប់គ្រង របស់លោក ញឹក ប៊ុនឆៃ យកមកវិញទាំងអស់ ព្រោះលោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា ជារបស់គណបក្ស ហ៊្វុនស៊ិនប៉ិចមិនមែន ជារបស់បុគ្គលទេ។

គួរបញ្ជាក់ថា លោក ញឹក ប៊ុនឆៃ អតីតអនុប្រធានទី២ គណបក្សហ៊្វុនស៊ិនប៉ិច និងជាប្រធានស្ថាបនិក គណបក្សខ្មែររួបរួមជាតិ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០១៦ បានឲ្យដឹងថា ការដែលលោក សម្រេចចិត្តចាកចេញ ពីគណបក្សចាស់ ដោយសារតែ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ដឹកនាំបែប បក្ខពួកនិយម ផ្ដាច់ការ និង មិនដែលឲ្យតម្លៃដល់ អ្នកតស៊ូជំនាន់មុន ដោយចាត់ទុក ពួកគាត់ទាំងនោះ ជាឈើពុកផុយ គ្មានបានការអ្វីទាំងអស់ ៕

ស្នាក់ការគណបក្ស ហ៊្វុនស៊ិនប៉ិចទាំងអស់ ត្រូវស្ថិតក្រោមការ គ្រប់គ្រងរបស់បក្ស

ស្នាក់ការគណបក្ស ហ៊្វុនស៊ិនប៉ិចទាំងអស់ ត្រូវស្ថិតក្រោមការ គ្រប់គ្រងរបស់បក្ស