ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ក្រុង​ប៉ោយ​ប៉ែ​ត ​៖ ​អ្នក​ភូមិ​ប្រមាណ​៥០​គ្រួសារ ដែល​អាជ្ញាធរដោះ​ដូរ​ពី​ចំណុច​ដី​ផ្លូវ​រថភ្លើងឲ្យ​ទៅ​រស់នៅ​ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត បាន​​​ត្អូញត្អែ​រប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា ពួក​គាត់​រស់នៅ​សព្វថ្ងៃកំពុង​​រង​​ផល​ប៉ះពាល់​បញ្ហាសុខភាព​យ៉ាង​ខ្លាំង ដោយសា​តែខាង​ក្រុមហ៊ុន​សម្អាត​​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹក​សំរាម​យក​ទៅ​ចាក់ចោល​ក្នុង​ដី​ភូមិដែល​ពួក​គាត់​រស់នៅ​ពាស​វាល​ពាស​កាល​គ្មា​សណ្តាប់ធ្នាប់ ។

​ក្រុម​អ្នក​ភូមិ​​បាន​លើក​ឡើង​ថា កាលពីមុន​ពួក​គាត់​រស់នៅ​កន្លែង​នេះ មិន​មាន​បញ្ហា​អ្វី​ទេ ​ប៉ុន្តែ​មួយ​រយៈ​ពេល​ជិត​១​ឆ្នាំ​នេះ​ ​​​​ក្រុមហ៊ុន​សំរាមខាងលើ​​​យក​រថយន្ត​ដឹក​កាក​សំណល់​​សំរាមពី​ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត ​​មក​ចាក់ចោល​ពាស​វាល​ពាស​កាល​រាយ​ប៉ាយ​គ្មាន​សណ្តាប់ធ្នាប់​​ជា​រៀងរាល់ថ្ងៃ ​​ថែមទាំង​ដុត​សំរាម​ហុយ​ផ្សែងទ្រលោម រួម​ទាំង​ជះក្លិន​ស្អុយ​​​​​​ស្ទើរតែ​ដកដង្ហើម​មិន​រួច​ ​ជា​បញ្ហាធ្វើ​ឲ្យ​ពួក​គាត់​រង​​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ ។​

​​ពួក​គាត់​​ជា​អ្នក​​រង​គ្រោះ​ទាំងអស់​សំណូមពរ​ដល់​​​អាជ្ញាធរ មាន​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ក្នុង​មូលដ្ឋាន មេត្តា​ជួយ​ចាត់វិធានការ​ណាមួយ​ដល់​ក្រុមហ៊ុន​សំរាម​​សម្អាត​​ក្រុង​ប៉ោយ​ប៉ែ​ត រក​ទីកន្លែង​ណាមួយ​ឲ្យ​បាន​ឆ្ងាយ​ពី​ភូមិ​ពួក​គាត់​រស់នៅ ​ដើ​ម្បី​ចៀសវាង​កុំ​ឲ្យ​រំខាន​ និង​ប៉ះពាល់​ដល់​សុខភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ទៅ​ថ្ងៃក្រោយ ៕