តារា​កំប្លែង និង​ចម្រៀងអា​យ៉ៃ​ ព្រហ្ម​ម៉ា​ញ បើករថយន្ត ​បុក​រ៉ឺ​ម៉ក ​ជ្រុល​ទៅ​បុក​ស្ត្រី​ម្នាក់​ របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង និង​ចម្រៀង​អា​យ៉ៃ​ជើង​ចាស់ ​លោក​ព្រហ្ម ម៉ា​ញ បើករថយន្ត​ ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ ដែល​គេ​ចត​ចោល​ នៅ​លើ​ផ្លូវ​សាធារណៈ ​មិន​មាន​ដាក់​ចំណាំងផ្លាត ​រុញ​រ៉ឺ​ម៉ក​ម៉ូតូ​នោះ​ ជ្រុល​ទៅ​បុក​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទៀត ដែល​អង្គុយ​ហូប​បាយ ​នៅ​ក្បែរ​នោះ បណ្តាល​ឱ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២២ កុម្ភៈ តាម​បណ្តោយ​ផ្លូវ​បេតុង​ ចូល​ទៅ​ទួល​ពង្រ មុខ​ផ្ទះ​លេខ​២៧៤ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​សែន​ជ័យ ។

លោក​ព្រហ្ម ម៉ា​ញ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​រូប​លោក​ បាន​បើករថយន្ត​មួយ​គ្រឿង​ ម៉ាក​អូ​ឌី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ 2Y-5192 ទើប​ត្រឡប់​មក​ពី​ ទារ​លុយ​គេ​ នៅ​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​ទារ​លុយ​អត់​បាន​ទេ ក៏​បើករថយន្ត​ ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ធ្វើ​ដំណើរ​ តាម​ផ្លូវ​បេតុង ​ពី​ត្បូង​ទៅ​ជើង ពេល​មក​ដល់​ចំណុច​កើតហេតុ ​ផ្ទះ​លេខ​១៧៤ ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​ រ៉ឺ​ម៉ក​ម៉ូតូ​ ដែល​គេ​ចត​ចោល​លើ​ផ្លូវ ដោយ​មិន​មាន​ដាក់​ចំណាំងផ្លាត ឬ​ភ្លើង​បំភ្លឺ​ ជា​សម្គាល់​ឱ្យ​បានដឹង បូក​រួម​ទាំង​ផ្លូវ​នោះ ​មាន​សភាព​ងងឹត​ផង ។

ចំណែក​ម្ចាស់​រ៉ឺ​ម៉ក​វិញ​ បានឱ្យ​ដឹង​ថា គាត់​ចត​រ៉ឺ​ម៉ក​ អែប​ចិញ្ចើម​ផ្លូវ​ ទៅ​ហើយ នៅ​តែ​មក​បុក​ទៀត ហើយ​បន្ត​ទៅ​បុក​ម្តាយ​គាត់​ ដែល​អង្គុយ​ហូប​បាយ ​នៅ​ក្បែរ​នោះ បណ្តាល​ឲ្យ ​រង​របួសធ្ងន់​ទៀត​ផង ។

បើ​តាម​ប្រភព​ ជុំវិញ​កន្លែង​កើតហេតុ​វិញ​ ឱ្យ​ដឹង​ថា រថយន្ត​របស់​ លោក​ព្រហ្ម​ម៉ា​ញ គឺ​បើក​ត្រូវ​ ស្រប​តាម​ទិស​ដៅ​ចរ​ចរណ៍ ប៉ុន្តែ​រ៉ឺ​ម៉ក​ម៉ូតូ​ទេ ដែល​ចត​បំពាន​ផ្លូវ ហើយ​ថែម​ទាំង​ មិន​មាន​ដាក់​ចំណាំងផ្លាត ឬ​ភ្លើង​បំភ្លឺ​ទៀត មិន​ត្រឹមតែ ​ចត​លើ​ផ្លូវ​ទេ ថែម​ទាំង​ចត​លយ មក​លើ​ផ្លូវ​ ថែម​ទៀត​ផង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​ដល់​ប្រជាពលរដ្ឋ​ចោមរោម​មើល ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ខាងលើ​នេះ​គ្រប់​គ្នា ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ ​ដឹក​យក​ទៅ​ព្យាបាល​ នៅ​គ្លី​និ​ច​ឯកជន ។ ចំណែក​លោក​ព្រហ្ម​ម៉ា​ញ​ បាន​ព្យាយាម​និយាយ​សំរួល ​ជាមួយ​ខាង​រ៉ឺ​ម៉ក​ម៉ូតូ ដោយ​សុំ​ស្មើគ្នា ព្រោះ​ខាង​លោក​ ក៏​ខូច​រថយន្ត​ខ្លាំង​ដែរ ម្យ៉ាង​មិន​ចង់​មានរឿង​វែង​ឆ្ងាយ តែ​ខាង​រ៉ឺ​ម៉ក​មិន​ព្រម​ទេ ហើយ​បានឱ្យ​ខាង​ចរាចរ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​វាស់វែង និង​យក​ទាំង​រថយន្ត និង​ម៉ូតូ​ទៅ​រក្សារ​ទុក​ រង់ចាំ​ដោះស្រាយ ​នៅ​ពេល​ក្រោយ ៕

តារា​កំប្លែង និង​ចម្រៀងអា​យ៉ៃ​ ព្រហ្ម​ម៉ា​ញ បើករថយន្ត ​បុក​រ៉ឺ​ម៉ក ​ជ្រុល​ទៅ​បុក​ស្ត្រី​ម្នាក់​ របួសធ្ងន់
តារា​កំប្លែង និង​ចម្រៀងអា​យ៉ៃ​ ព្រហ្ម​ម៉ា​ញ បើករថយន្ត ​បុក​រ៉ឺ​ម៉ក ​ជ្រុល​ទៅ​បុក​ស្ត្រី​ម្នាក់​ របួសធ្ងន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត