តើ​អ្នក​នយោបាយ​និង​ពលរដ្ឋ​ខ្មែរ​អនុវត្ត​តាម​គោលការណ៍​ព្រះពុទ្ធ​សាសនា​ហើយ​ឬ​នៅ?

ថ្ងៃ​ទី ១៥​កើត ខែ​មាឃ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ គឺ​ជា​ថ្ងៃ​ពិធី​បុណ្យ​មាឃបូជា ដែល​ជា​ពិធី​បុណ្យ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា។ នៅ​ថ្ងៃ​មាឃបូជា ពលរដ្ឋ​ខ្មែរ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ភាគ​ច្រើន​ចូលរួម​ប្រារព្ធ​ពិធី​នេះ​នៅ​តាម​វត្ត​អារាម​នានា ដើម្បី​រម្លឹក​ដល់​ព្រះ​សម្មាសម្ពុទ្ធ​សមណគោតម​ដែល​បាន​បរិនិព្វាន​អស់​រយៈកាល ២៥៥៩​ឆ្នាំ​កន្លង​ទៅ​ហើយ​នោះ។

ក្នុង​ថ្ងៃ​នេះ​ដែរ ប្រមុខ​រដ្ឋាភិបាល​អះអាង​ថា ព្រះពុទ្ធ​សាសនា​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រួម​រស់​ជាមួយ​គ្នា​ដោយ​សុខសាន្ត​ខាង​ផ្លូវ​ស្មារតី និង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​សណ្ដាប់ធ្នាប់ និង​សុខ​សន្តិភាព។

តើ​អ្នក​នយោបាយ និង​ពលរដ្ឋ​ខ្មែរ​អនុវត្ត​តាម​គោលការណ៍​ព្រះពុទ្ធសាសនា​ហើយ​ឬ​នៅ?

នៅ​កម្ពុជា ក្នុង​ចំណោម​ប្រជាជន​សរុប​ជាង ១៥​លាន​នាក់ គឺ​មាន​ប្រជាជន​ប្រមាណ ៩៥​ភាគរយ ទៅ ហើយ​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា។ ព្រះពុទ្ធ​សាសនា បាន​ផ្សារភ្ជាប់​ទៅ​នឹង​សង្គម​ខ្មែរ​អស់​រយៈកាល​ជា​យូរ​លង់​មក​ហើយ។ បច្ចុប្បន្ន ព្រះពុទ្ធ​សាសនា​មិន​ត្រឹមតែ​ជា​អត្តសញ្ញាណ​ជាតិ​មួយ​របស់​កម្ពុជា ប៉ុណ្ណោះ​ទេ តែ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា បាន​ចាត់​ទុក​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ​តែមួយ​គត់​ទៀត​ផង។

ជា​រៀងរាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ថ្ងៃ​ពិធី​បុណ្យ​ព្រះពុទ្ធ​សាសនា​សំខាន់ៗ ដូចជា​ពិធី​បុណ្យ​មាឃបូជា ឬ​ពិសាខបូជា គេ​តែង​ឃើញ​ពលរដ្ឋ​ខ្មែរ​គ្រប់​លំដាប់ថ្នាក់ តាំង​ពី​ព្រះមហាក្សត្រ ដល់​ថ្នាក់​ដឹក​នាំ​កំពូល មន្ត្រី និង​ពលរដ្ឋ​សាមញ្ញ ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​នេះ​នៅ​ក្នុង​ព្រះបរមរាជវាំង តាម​វត្ត​អារាម ឬ​តាម​ទី​សក្ការៈ​បូជា​នានា។

​នៅ​ឆ្នាំ​នេះ ក្រៅពី​ធ្វើ​ពិធី​ប្រារព្ធ​នៅ​តាម​វត្ត​អារាម​ក្នុង​ភូមិ​ស្រុក​រៀងៗ​ខ្លួន នៅ​ឯ​ភ្នំ​ព្រះរាជទ្រព្យ ឬ​ភ្នំ​ឧត្តុង្គ ទី​ដែល​ព្រះ​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ ត្រូវ​បាន​នាំ​យក​ទៅ​តម្កល់​នៅ​ក្នុង​ព្រះ​មហា​សក្យមុនីចេតិយ​នៅ​លើ​កំពូលភ្នំ​នៅ​ទី​នោះ ក៏​មាន​ប្រារព្ធ​ពិធី​បែប​សាសនា​យ៉ាង​អធិកអធម ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​ធំៗ និង​សម្ដេច​សង្ឃ​ទាំង​ពីរ​គណៈ​ផង​ដែរ។

​តាម​រយៈ​សក្ខីកម្ម​ទាំង​អស់​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា ព្រះពុទ្ធសាសនា​គឺ​ជា​ធាតុ​ផ្សំ​សំខាន់​មួយ​នៅ​ក្នុង​ព្រលឹង​ជាតិ និង​វប្បធម៌​ខ្មែរ។  ចំណែក​ប្រមុខ​រដ្ឋាភិបាល លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចំ​ថ្ងៃ​មាឃបូជា​នេះ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​កាន់​ព្រះពុទ្ធសាសនា​ចូលរួម​ធ្វើ​ពិធី​បុណ្យ​មាឃបូជា ដើម្បី​សុខ​សន្តិភាព និង​ការ​រីក​ចម្រើន។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) រៀបរាប់​ដោយ​សង្ខេប​ពី​ប្រវត្តិ​នៃ​ពិធី​បុណ្យ​មាឃបូជា និង​ពី​ការ​ចាក់​ឫស​នៃ​ព្រះពុទ្ធសាសនា​នៅ​ក្នុង​សង្គម​ខ្មែរ។ លោក ហ៊ុន សែន ក៏​ថ្លែង​អួត​ថា ក្រោម​ការដឹកនាំ​របស់​លោក ព្រះពុទ្ធសាសនា​រីក​លូតលាស់​យ៉ាង​ស្គុសស្គាយ​នៅ​ទូទាំង​ប្រទេស។ ចំណែក​ចំនួន​ព្រះសង្ឃ និង​វត្ត​អារាម​បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​ធ្វើ​ឲ្យ​កម្ពុជា បច្ចុប្បន្ន​មាន​វត្ត​សរុប ៤.៥១៤​វត្ត ហើយ​ព្រះសង្ឃ​សរុប ៥៦.៨២០​អង្គ។

លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា ព្រះពុទ្ធ​សាសនា​មិន​ត្រឹមតែ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រួមរស់​ជាមួយ​គ្នា​ដោយ​សុខសាន្ត​ខាង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​រួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ពង្រឹង​សណ្ដាប់ធ្នាប់ សុខ​សន្តិភាព ស្ថិរភាព​សង្គម ការ​អភិវឌ្ឍ និង​ថែរក្សា​ការពារ នូវ​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ទៀត​ផង។ ជាង​នេះ​ទៀត លោក​ថា ការ​អប់រំ​បែប​ព្រះពុទ្ធសាសនា ក៏​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​តម្លៃ​សីលធម៌ និង​ឥរិយាបថ​រស់​នៅ​របស់​ពលរដ្ឋ​នៅ​ក្នុង​សង្គម។

​ជា​ការ​ពិត​ណាស់ ស្រដៀង​គ្នា​ទៅ​នឹង​សាសនា​សន្តិភាព​ផ្សេង​ទៀត ព្រះពុទ្ធ​សាសនា តែង​ប្រៀនប្រដៅ​មនុស្ស​ឲ្យ​ធ្វើ​អំពើ​ល្អ មិន​ប្រើ​ហិង្សា​កាប់​សម្លាប់ មិន​បៀតបៀន​ធ្វើទុក្ខបុកម្នេញ​អ្នក​ដទៃ​ឲ្យ​មាន​ក្តី​មេត្តា​សន្ដោស​អ្នក​ដទៃ លះបង់​នូវ​សេចក្ដី​លោភលន់​ទាំងពួង មិន​កេង​ប្រវ័ញ្ច​ជិះជាន់ ចេះ​ស្រឡាញ់ និង​រួមរស់​ជាមួយ​មនុស្ស​ប្រកប​ដោយ​សុខ​សន្តិភាព និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។

​ទោះជា​បែប​នេះ​ក្តី ការ​អនុវត្ត​តាម​ទ្រឹស្ដី​ព្រះពុទ្ធសាសនា​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ហាក់​មិន​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​ចំនួន​ដ៏​ច្រើន​លើសលុប​នៃ​ពលរដ្ឋ​ខ្មែរ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ដែល​មាន​រហូត​ដល់ ៩៥​ភាគរយ​នោះ​ទេ។

​ជាក់ស្ដែង បើ​គេ​បើក​មើល​ទូរទស្សន៍ ឬ​អាន​សារព័ត៌មាន​ក្នុង​ស្រុក គេ​ប្រាកដជា​ឃើញ​អំពើ​ហិង្សា​កើត​ឡើង​សឹង​មិន​លស់​ថ្ងៃ​ឡើយ មាន​តាំង​ពី​បង​ប្អូន​កាប់​សម្លាប់​គ្នា កូន​សម្លាប់​ឪពុក ឪពុក​ផ្ដាច់​ជីវិត​កូន ប្តី​វាយ​ប្រពន្ធ សង្សារ​អារ​ក​គូស្នេហ៍ ប្តី​ប្រពន្ធ​ជះ​ទឹក​អាស៊ីដ​ដាក់​គ្នា ការ​ចាប់​រំលោភ​សេពសន្ថវៈ អំពើ​ឆក់​ប្លន់ ការ​កិបកេង ឆបោក ឬ​លួច​បន្លំ​ច្រើន​រាប់​មិន​អស់។

​បើ​និយាយ​ពី​បញ្ហា​សង្គម​វិញ អំពើ​អមនុស្សធម៌ និង​អយុត្តិធម៌​ក៏​មាន​ច្រើន ការ​រំលោភ​បំពាន​ដីធ្លី ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ការ​រំលោភ​សិទ្ធិមនុស្ស ការ​វាយដំ​កម្មករ ការ​វាយ​ដំ​លើ​អ្នក​តវ៉ា សកម្មជន​ដីធ្លី ការ​ចាប់​សកម្មជន​ការពារ​បរិស្ថាន​ដាក់គុក ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ការ​បង្ក​វិនាសកម្ម​ព្រៃឈើ បក្សពួក​និយម ការ​ប្រើប្រាស់​អំណាច គាបសង្កត់​អ្នក​ទន់​ខ្សោយ និង​កេង​ប្រវ័ញ្ច អំពើ​ពុករលួយ​ជាដើម។

បើ​និយាយ​ពី​រឿង​នយោបាយ​វិញ គេ​ឃើញ​អ្នក​នយោបាយ​ខ្មែរ​ទាស់ទែង​គ្នា​មិន​ចេះ​ចប់ គឺ​មាន​តែ​ការ​គំរាមកំហែង ការ​ប្រើ​ហិង្សា​លើ​គូបដិបក្ខ ការ​រក​មធ្យោបាយ​ប្រកួតប្រជែង​មិន​ស្មើភាព និង​អយុត្តិធម៌ ការ​គុំកួន សងសឹក ការ​ប្ដឹងផ្ដល់ ការ​ធ្វើ​បាប ឬ​ការ​ចាប់​គូបដិបក្ខ​ដាក់​គុក ។ល។

​លើស​ពី​នេះ អំពើ​អមនុស្សធម៌ ការ​រំលោភ​សិទ្ធិមនុស្ស​មិន​ត្រឹម​កើត​ឡើង​តែ​ទៅ​លើ​ពលរដ្ឋ​សាមញ្ញ​នោះ​ទេ សូម្បីតែ​ព្រះសង្ឃ​ដែល​ជា​បុគ្គល​ជាទី​សក្ការៈ​បូជា​របស់​ពុទ្ធ​បរិស័ទ ពេល​ខ្លះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋាភិបាល និង​អ្នក​គាំទ្រ​បក្ស​កាន់​អំណាច​ធ្វើបាប និង​ប្រមាថ​មើល​ងាយ ដូចជា​ការ​វាយដំ​លើ​រូបរាងកាយ ការ​សម្រាត​ស្បង់​ចីពរ ការ​រុញច្រាន ការ​ជេរ​ប្រមាថ​ដោយ​ប្រើ​សម្ដី​គ្រោតគ្រាត អសីលធម៌​ជាដើម។ ប្រសិនបើ​គេ​បាន​ឃើញ​ការ​វាយ​ដំ​របស់​សមត្ថកិច្ច​ទៅ​លើ​ព្រះសង្ឃ​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៨ គេ​ពិបាក​ជឿ​ណាស់​ថា កម្ពុជា​ជា​ប្រទេស​ដែល​គោរព​ព្រះពុទ្ធ​សាសនា ឬ​ជា​ប្រទេស​ដែល​យក​ពុទ្ធសាសនា​ធ្វើ​ជា​សាសនា​របស់​រដ្ឋ​នោះ។

​ទាក់ទង​នឹង​ការប្រតិបត្តិ​ពុទ្ធសាសនា​នៅ​កម្ពុជា ព្រះតេជព្រះគុណ ឆាត សុឆេត គង់នៅ​វត្ត​បទុមវតី។ ព្រះតេជព្រះគុណ​មាន​ថេរដីកា​ថា នៅ​កម្ពុជា មាន​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ច្រើន ប៉ុន្តែ​ការ​ប្រតិបត្តិ​ធម៌​វិន័យ​ពុទ្ធសាសនា​នៅ​មាន​កម្រិត​នៅ​ឡើយ។

​ព្រះតេជព្រះគុណ ឆាត សុឆេត ទទូច​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ទាំង​អស់ មិន​ថា​អ្នក​នយោបាយ ឬ​ពលរដ្ឋ​សាមញ្ញ​ឡើយ ត្រូវ​ស្វែង​យល់​ពី​ការ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ ហើយ​ត្រូវ​យក​ការ​ប្រៀនប្រដៅ​ទាំង​នោះ​មក​អនុវត្ត​ជាក់ស្ដែង​នៅ​ក្នុង​ការ​រស់​នៅ និង​ប្រកប​ការងារ​ប្រចាំ​ថ្ងៃ។

​ព្រះតេជព្រះគុណ ឆាត សុឆេត៖ «ព្រះពុទ្ធ​បាន​បង្រៀន​នៅ​ក្នុង​សូត្រ​មួយ ព្រះអង្គ​សម្ដែង​ថា ការ​មិន​បៀតបៀន​គ្នា​ជា​សេចក្ដី​សុខ​ក្នុង​សកលលោក ការ​ដែល​បៀតបៀន​នេះ​ឯង​ដែល​ធ្វើ​ឲ្យ​វឹកវរ។ រាល់​ថ្ងៃ​នេះ​យើង អ្នក​នយោបាយ​វឹកវរ​ដោយ​អ្នក​នយោបាយ អ្នក​រស់​នៅ​ក្នុង​សង្គម​ដោយ​អ្នក​សង្គម​ទៅ យុវជន​ដោយ​យុវជន​ទៅ ហើយ​ចោរ​ហ្នឹង​ក៏​ចេះតែ​ច្រើន​ទៅ ដោយសារ​តែ​ការ​បៀតបៀន​នេះ​ឯង ប៉ុន្តែ​ការ​បៀតបៀន​នេះ គឺ​កើត​ឡើង​ដោយ​ការ​ខ្វះខាត​របស់​មនុស្ស និយាយ​សរុប​ឲ្យ​ខ្លី​គឺ​ភាព​លោភលន់​របស់​មនុស្ស​នេះ​តែម្ដង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចេះតែ​ទាស់​គ្នា។ យើង​មើល​ចំណុច​ដែល​នាំ​ឲ្យ​កើត​វិវាទ ព្រះអង្គ​សម្ដែង​រហូត​ទៅ​ដល់ ៦​ចំណុច។ ទី​១ គឺ​ការ​ចង​សេចក្ដី​ក្រោធ​ហ្នឹង​ទុក ទី​២ ការ​សិក្សា ទទួល​យក​ផ្នែក​ពុទ្ធិ (ចំណេះដឹង) នៅ​មាន​កម្រិត ទី​៣ គឺ​ការ​ច្រណែន ទី​៤ ប្រាថ្នា​នូវ​ភាព​លោភលន់ ទី​៥ មើល​ទៅ​ឃើញ​គេ​អាក្រក់​រហូត ហើយ​ទី​៦ គឺ​ទិដ្ឋិ មាន​ន័យ​ថា ការ​យល់​គ្នា​ចេញ​ពី​ផ្លូវ​ចិត្ត គឺ​អត់​មាន ទាំង​អស់​នេះ​ជា​ដើម​ចម​ធ្វើ​ឲ្យ​មនុស្ស​គ្មាន​សន្តិភាព។ ព្រះពុទ្ធ​ព្រះអង្គ​សម្ដែង​ថា ការ​មិន​បៀតបៀន​គ្នា ជា​សេចក្ដី​សុខ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។