សម្តេច ស ខេង ប្រតិកម្មនឹង អ្នករិះគន់ការ ដំឡើងស័ក្តិ មន្រ្តីជាន់ខ្ពស់កម្ពុជា

-លោកជួន សុវណ្ណ អាចនឹងបន្តដំណែង ជាស្នងការ នគរបាល រាជធានីភ្នំពេញ

ភ្នំពេញ៖សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ  បានបញ្ចេញប្រតិកម្មចំពោះ មតិសាធារណជន មួយចំនួន ដែលបានរិះគន់ ឥតសំចៃមាត់ចំពោះ ការដំឡើងស័ក្តិរបស់ មន្រ្តីជាន់ខ្ពស់កម្ពុជា។

ការបញ្ចេញប្រតិកម្ម របស់សម្តេចនេះ បានធ្វើឡើងបន្ទាប់ពីមាន អង្គការសង្គមស៊ីវិល និងអ្នកវិភាគនៅកម្ពុជា បានលើកឡើងថា ការដំឡើងបុណ្យស័ក្តិនេះ ធ្វើឡើងតែសម្រាប់មន្រ្តី ដែលការពាររាជរដ្ឋាភិបាល និងបង្ក្រាបក្រុមបាតុករ នៅពេលមានបាតុកម្ម កើតឡើងម្តងៗ។

សម្តេច ស ខេង បានមានប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់សន្និបាត បូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួង នៅព្រឹកថ្ងៃទី២៣កុម្ភៈថា “អស់លោក(សង្គមស៊ីវិល)ចេះមានយោបល់ទៅបានហើយ គឺជាសេរីភាពរបស់លោកអស់ទេ ប៉ុន្តែត្រូវមើលថា គេធ្វើបានអីខ្លះ កុំមើលឃើញតែខ្មៅពេក សុខសន្តិភាពប៉ុននេះ មិនមែនជារឿងសាមញ្ញទេ ។ បើយើងច្រណែននិទ្ទានេះ ការដំឡើងស័ក្តិយសនេះ ព្រោះអស់លោកមួយចំនួន (អ្នកដំឡើងស័ក្តិ) ជិតចូលនិវត្តន៍អស់ហើយ ហើយពួកគាត់ធ្វើការ ជិតកន្លះជីវិតទៅហើយ គ្រាន់តែបានផ្តាយ ប៉ុណ្នឹងឲ្យច្រណែន ដូចជាមិនសមរម្យប៉ុន្មានទេ”។

សម្តេចបន្តថា លោក ជួន សុវណ្ណដែលបច្ចុប្បន្ន មានមុខងារជាស្នងការ នគរបាលរាជធានីភ្នំពេញ ដែលត្រូវបានព្រះមហាក្សត្រដំឡើងស័ក្តិឲ្យ អាចនឹងត្រូវបានបន្តដំណែងជាស្នងការទៀត។
សម្តេចក្រឡាហោមបញ្ជាក់ថា “ខ្ញុំ ក្នុងឋានៈជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រហែលជាប្រគល់ឲ្យគាត់ ទទួលការងារនេះបន្តទៀត រយៈពេលណាមួយជាកំណត់”។

គួរបញ្ជាក់ថា កាលពីថ្ងៃ១៩ កុម្ភៈ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី បាន ប្រោសព្រះរាជទាន ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្កិ នាយឧត្តមសេនីយ៍ ចំនួន០៦រូប ក្នុងក្របខណ្ឌន គបាលជាតិ កម្ពុជានៃក្រសួងមហាផ្ទៃ។

មន្ត្រីទាំង៦រូប ដែលទទួលបានការ ដំឡើងឋានន្តរស័ក្កិ រួមមាន៖ ១. ឧត្តមសេនីយ៍ឯក មាស វិរិទ្ធ អត្តលេខ ០៣៨៥,២. ឧត្តមសេនីយ៍ឯក សួស អង្គារ៍ អត្តលេខ ០១៣២ ,៣. ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អត្តលេខ ៦៧១៦៨ ,៤. ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អត្តលេខ ០២៤៧ , ៥. ឧត្តមសេនីយ៍ឯក ថោង លីម អត្តលេខ ០០៤៨ និងទី៦. ឧត្តមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ អត្តលេខ ០២៣៣៕

សម្តេច ស ខេង ប្រតិកម្មនឹង អ្នករិះគន់ការ ដំឡើងស័ក្តិ មន្រ្តីជាន់ខ្ពស់កម្ពុជា

សម្តេច ស ខេង ប្រតិកម្មនឹង អ្នករិះគន់ការ ដំឡើងស័ក្តិ មន្រ្តីជាន់ខ្ពស់កម្ពុជា