សម្តេច ស ខេង នឹងជំរុញធ្វើ អត្តសញ្ញាណបណ្ណ គំរូថ្មីឲ្យ ទាន់ពេលបោះឆ្នោត

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសន្យាថា នឹង ជំរុញទៅដល់មន្ត្រីថ្នាក់ក្រោម ឲ្យខិតខំធ្វើអត្តសញ្ញាណបណ្ណគំរូថ្មី ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេល នៃការបោះ ឆ្នោតឆ្នាំ២០១៧-២០១៨ ខាងមុខ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីចូលរួមក្នុងសន្និបាតបូក សរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៥ និងលើកទិស ដៅសម្រាប់ឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះ បានជំរុញទៅដល់អាជ្ញាធរពាក់ព័ន្ធ មានអភិបាលខេត្ត ក៏ដូចជានគរបាល ខិតខំពន្លឿន ការងារធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋ។

សម្តេច បានបន្តថា “ផែនការយើងវា ១០លានជាង ឥឡូវនេះយើងនៅសល់តែ ៣លាន ៦សែនទេ អីចឹងយើង ខិតខំធ្វើ ហើយករណីដែលនៅ សេសសលមួយចំនួននោះ គឺយើងមានឯកសារគំរូថ្មី ដែលហៅថា ឯកសារបញ្ជាក់ អត្តសញ្ញាណ ឯកសារនេះ គឺមានគល់បញ្ជី និងចុងសន្លឹក ហើយបិទរូបថត ដើម្បីបម្រើឲ្យការបោះឆ្នោត រួចហើយ យើងយកឯកសារហ្នឹង ដើម្បីផលិតជាអត្តសញ្ញាណបណ្ណជូនគាត់ (ប្រជាពលរដ្ឋ) នៅពេលក្រោយ”៕

សម្តេច ស ខេង នឹងជំរុញធ្វើ អត្តសញ្ញាណបណ្ណ គំរូថ្មីឲ្យ ទាន់ពេលបោះឆ្នោត