Leo Cup ​ ប្រកួត​ជម្រុះ​មណ្ឌល​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ

ព្រឹត្តិការណ៍​ប្រកួត​បាល់​​ទះ​​ថ្នាក់​ជាតិ​ដណ្តើម​ពាន​រង្វាន់ស្រាបៀ​រលីអូ រដូវ​កាល​ឆ្នាំ​២០១៦​(LEO Cup National Volleyball 2016) នឹង​ត្រូវ​​ប្រកួត​បើក​ឆាក​ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ នៅ​កីឡដ្ឋាន​ជាតិ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ ដើម្បី​រក​ក្រុម​ខ្លាំង​ចំនួន​២ ឡើង​ទៅ​ប្រកួត​នៅ​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ។

leo-volleyballសម្រាប់​ការ​ប្រកួត​ជម្រុះ​មណ្ឌល​ភ្នំពេញ​នេះ មាន​ក្រុម​ចូល​រួម​ចំនួន​៨ ហើយ​ត្រូវ​បាន​ចែក​ជា​២​ពូល ដោយ​ក្នុង​នោះ​ពូល​A មាន​ក្រុម​យុវជន​សាមគ្គី ក្រុម​យុវជន​បុរី​កីឡា ក្រុម​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ(PSE) និង​ក្រុម​សមាគម​និស្សិត ខណៈ​ពូល​Bមាន​ក្រុម​យុវជន​ទំពាំង​ស្នង​ឫស្សី ក្រុម​យុវជន​ភ្នំពេញ​ថ្មី ក្រុមវិទ្យាស្ថាន​ជាតិ​អប់រំកាយ និង​កីឡា និង​ក្រុម​យុវជន​សង្កាត់​ព្រែក​ឯង។

ចំណែក​ការ​ប្រកួត​បើក​ឆាក នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ថ្ងៃ​អង្គារ​នេះ គឺ​មាន​ការ​​ប្រកួត​ចំនួន៦​​ក្រុម ដោយ​ក្នុង​នោះ ក្រុម​យុវជន​សាមគ្គី ជួប ក្រុម​សមា​គម​និស្សិត នៅ​រសៀល​ម៉ោង ១:៣០ ហើយ​ក្រុម​យុវជន​បុរី​កីឡា ត្រូវប៉ះ​ក្រុមPSE រសៀលម៉ោង​២:៣០​ត​ទៅ ខណៈ​ក្រុម​យុវជន​ទំពាំង​ស្នងឫស្សី ត្រូវ​ប្រកួត​ជាមួយ​ក្រុម​យុវជន​សង្កាត់​ព្រែក​ឯង ចាប់​ពី​ម៉ោង ៤:០០ ត​ទៅ។ រីឯ​ក្រុមឈរ​ជើង​ចាំ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រចំនួន​២​ក្រុម ក្នុង​ចំណោម៦​ក្រុម ក៏​ត្រូវ​ដាក់​ឲ្យ​ប្រកួត​មិត្ត​ភាព​ក្នុង​ថ្ងៃ​នេះ​ដែរ គឺ​ក្រុម​ខេត្ត​កំពង់​ចាម ត្រូវ​ប្រកួត​ជាមួយ​ក្រុម​វិសាខា ចាប់​ពី​ល្ងាច​ម៉ោង​៥:៣០ ត​ទៅ៕