ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឯកសារ​របស់​សហព័ន្ធ​កីឡាប្រដាល់ បាន​អះអាង​ថា របៀប​ថ្វាយបង្គំ​គ្រូ​របស់​កីឡាករ​នៅ​មុន​ពេល​ប្រកួត​មាន​ចំនួន​១៦​របៀប​ផ្សេង​ពី​គ្នា ដែល​ក្បាច់​ទាំងនោះ​ក្រៅពី​មាន​លក្ខណៈ​ពិសេស​រៀងខ្លួន ក៏​មាន​ជំនឿ​ថា ជួយ​ឱ្យ​កីឡាករ​ដែល​មាន​រាសី​ត្រូវ​របៀប​ថ្វាយបង្គំ​ប្រភេទ​ណាមួយ​ទទួល​បាន​នូវ​អំណាច​ពិសេស​ពី​គ្រូ​ខាង​ក្បាច់គុន​នោះ​ផង​។ យ៉ាងណា​ក៏​ដោយ​នា​ពេល​ចុង​ក្រោយ​នេះ គេ​កត់​សម្គាល់ថា មាន​តែ​របៀប​ថ្វាយបង្គំ​គ្រូ​មិន​ដល់​៦​នោះ​ទេ​ត្រូវ​បាន​កីឡាករ​និយម​ប្រើ ចំណែក​ប្រមាណ​ជា​១០​ផ្សេង​ទៀត​ត្រូវ​គេ​កប់​ទុក​ចោល​ទៅ​ហើយដោយ​សឹង​មិន​មាន​អ្នក​ស្គាល់​ផង​ទេ ក្រៅ​តែ​ពី​ឮឈ្មោះ​នោះ ។

មន្ត្រី​ប្រចាំ​សហព័ន្ធ​កីឡាប្រដាល់ បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​បន្ទាប់​ពី​របៀប​ថ្វាយបង្គំ​គ្រូ​របស់​កីឡាករ​ប្រដាល់​កាន់តែ​ច្រើន​ត្រូវ​គេ​ឃើញ​ធ្វើ​ឡើង​តាម​គ្នា ហើយ​កប់​ចោល​នូវ​របៀប​ថ្វាយបង្គំ​គ្រូ​ដែល​គេ​មិនសូវ​ចូល​ចិត្ត​ឱ្យ​ស្ថិត​នៅ​ក្នុង​ឯកសារ ។ កីឡាករ​ស្ទើរ​ទាំងអស់​សឹង​មិន​បានដឹង​ថា​របៀប​ថ្វាយបង្គំ​គ្រូ​ដែល​គេ​មិន​និយម​ត្រូវ​ថ្វាយបង្គំ​បែប​ម៉េច​នោះ​ផង ដែល​នេះ​គឺ​អាច​បណ្ដាល​មក​ពី​បញ្ហា​ជំរុញ​ទឹកចិត្ត​ក្នុង​ការ​បង្វឹក​នៅ​មាន​កម្រិត ហើយ​កីឡាករ​ខ្លួនឯង​ជា​អ្នក​មិនសូវ​ចង់​ទទួល និង​ទាមទារ​សុំ​ប្រើ​តែ​ក្បាច់​ថ្វាយបង្គំ​គ្រូ​ដែល​មាន​លក្ខណៈ​ងាយ​ៗ ។ កីឡាករ​ភាគច្រើន​បាន​អះអាង​ថា ពួក​គេ​មិនមែន​មិន​ចង់​អភិរក្ស​ពី​របៀប​ថ្វាយបង្គំ​គ្រូ​ប្រភេទ​ខ្លះ​ដែល​គេ​មិន​ប្រើ​នោះ​ទេ ប៉ុន្តែ​មក​ពី​ក្បាច់​ទាំងនោះ​មើលទៅ​ស្មុគស្មាញ និង​ភ័យ​ខ្លាច​គេ​សើច​រឿង​ខុស​គេ ទើប​សុខចិត្ត​ហ្វឹកហាត់​តែ​ក្បាច់​ថ្វាយបង្គំ​គ្រូ​ដែល​គេ​និយម​ប្រើ ។

មិន​ខុស​ពី​ការ​ប្រកាស​នេះ គេ​តែង​កត់​សម្គាល់ថា កីឡាករ​ណា​ក៏​ដោយ​ឲ្យ​តែ​ប្រើ​ក្បាច់​ថ្វាយបង្គំ​គ្រូ​ខុស​ប្លែក​ពី​គេ គឺ​ច្រើន​តែ​ទទួល​រង​នូវ​បញ្ហា​២​ទន្ទឹម​គ្នា គឺ​ការ​ចាប់អារម្មណ៍ និង​ការ​សើចចំអក ទើប​ធ្វើ​ឱ្យ​កីឡាករ​ភាគច្រើន​មិនសូវ​ចង់​យក​អ្វី​ដែល​ខុស​ប្លែក​ពី​គេ​នោះ​ឡើយ ។ ជាក់ស្ដែង​ក្នុង​ចំណោម​កីឡាករ​ទាំងអស់ គេ​ឃើញ​មាន​តែ​កីឡាករ អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ​ម្នាក់​ប៉ុណ្ណោះ ដែល​ថ្វាយបង្គំ​គ្រូ​តាម​របៀប​ក្រមុំ​តែងខ្លួន​ក្នុង​ពេល​ដែល​គេ​ឡើង​រេញ ។ ពេល​ថ្វាយបង្គំ​គ្រូ​ម្ដង​ៗ មាន​អ្នក​សើចចំអក​ឱ្យ​ពី​កាយវិការ​ម្ញ៉ិកម្ញ៉ក់​ក្នុង​ពេល​ថ្វាយបង្គំ​គ្រូ​ដែល​គ្រប់ពេល​ឡើង​រេញ គឺ​មិន​មាន​អ្នក​ណា​មិន​កោតសរសើរ និង​សើចចំអក​ឱ្យ​នោះ​ទេ ជា​ពិសេស​ក្នុង​ពេល​គេ​ធ្វើ​កាយវិការ​ម៉ិ​ក​ម្ញ៉​ក់​ដើម្បី​ឲ្យ​ត្រូវ​តាម​ក្បួន​នោះ​។ ក្បាច់​ថ្វាយបង្គំ​គ្រូ​នេះ ក្រោយ​ពី អ៊ុំ ចំរើន ដកខ្លួន​ពី​ការ​ប្រដាល់​គេ​មិនឃើញ​ទៀត​ទេ​ក្នុង​ពេល​ដែល​កីឡាករ​ភាគច្រើន​នៅ​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ រួម​មាន​ផល សោ​ភ័​ណ្ឌ​ជាដើម ក៏​ប្ដូរ​ក្បាច់​ថ្វាយបង្គំ​គ្រូ​មក​ជា​ក្បាច់​ងាយ​ៗ​ដូច​គ្នា​នឹង​កីឡាករ​ភាគច្រើន​ដែរ​នោះ ។

លោក រាជ សុ​ផែន សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡាប្រដាល់​បាន​ទទួលស្គាល់​ថា នៅ​ក្នុង​កីឡាប្រដាល់​គឺ​ក្បាច់​ថ្វាយបង្គំ​គ្រូ​មាន​ភាព​សំខាន់​មិន​អាច​អត់​បាន បើ​ទោះជា​ជំនឿ​ទៅ​លើ​បញ្ហា​សម្ដែង​ក្បាច់គុន​ថ្វាយបង្គំ​គ្រូ​នេះ ហាក់​សាបរលាប​ខុស​ប្លែក​ពី​សម័យ​មុន ។ លោក​ថា ការ​ថ្វាយបង្គំ​គ្រូ​មាន​ច្រើន​របៀប​ច្រើន​សណ្ឋាន ប៉ុន្តែ​អ្វី​ដែល​កីឡាករ​បង្ហាញ​នៅ​លើ​សង្វៀន គឺ​មាន​មិន​ច្រើន​នោះ​ទេ ដោយសារ​តែ​ក្បាច់​ថ្វាយបង្គំ​គ្រូ​ខ្លះ​មាន​ភាព​ស្មុគស្មាញ ហើយ​បើ​ទោះជា​មិន​ស្មុគស្មាញ ក៏​កីឡាករ​ជំនាន់​ក្រោយ​មិនសូវ​ចង់​ហាត់ ព្រោះតែ​យល់​ថា នោះ​ជា​ក្បាច់​ដែល​គេ​មិន​ពេញ​និយម​។ លោក​ថា គ្រូបង្វឹក​ដែល​អភិរក្ស​ពី​របៀប​ថ្វាយបង្គំ​គ្រូ​តែងតែបាន​កំណត់​ឲ្យ​មានការ​ហ្វឹកហាត់​នូវ​របៀប​ថ្វាយបង្គំ​គ្រូ​ច្រើន​សណ្ឋាន ប៉ុន្តែ​កីឡាករ​ខ្លួនឯង​ទៅ​វិញ​ទេ​ដែល​ទទូច​សុំ​ហាត់​តែ​ក្បាច់​ដែល​ពួក​គេ​ធ្លាប់​ឃើញ ហើយ​បណ្ដាល​ឱ្យ​ក្បាច់​ថ្វាយបង្គំ​គ្រូ​កាន់តែ​ច្រើន​កប់​ចោល ។

យោង​តាម​ឯកសារ​ក្បាច់​ថ្វាយបង្គំ​គ្រូ​មាន​សរុប​ចំនួន​១៦​របៀប ដូច​ជា ទី​១-​ក្បាច់​ទន្សាយ​បន្លែង​ព្រះ​ចន្ទ ទី​២-​ក្បាច់​គ្រុឌ​ឆក់​នាគ ទី​៣-​ក្បាច់​ឥន្ទ្រី​សម្ដែងឫទ្ធិ  ទី​៤-​ក្បាច់​ព្រះ​លក្ខណ៍​ព័ទ្ធសីមា ទី​៥-​ក្បាច់​ព្រះ​រាម​ផ្លែង​សរ ទី​៦-​ក្បាច់​ក្រមុំ​ចូល​ម្លប់ ឬ ក្រមុំ​តែងខ្លួន ទី​៧-​ក្បាច់​រា​ហ៊ូ​ចាប់​ច័ន្ទ ទី​៨-​ក្បាច់​កសិករ​ធ្វើស្រែ ទី​៩-​ក្បាច់​នាគ​ពាំ​កែវ ឬ​នាគ​បន្លែង​កែវ ទី​១០-​ក្បាច់​នាគ​លេង​ទឹក ទី​១១-​ក្បាច់​ក្រុង​រាពណ៍​សម្ដែង​ឬ​ទ្ធិ ទី​១២-​ក្បាច់​រំលឹក​គុណគ្រូ ទី​១៣-​ក្បាច់​ទូ​ភី​លេង​ស្នែង ទី​១៤-​ក្បាច់​ទូ​ភី​សម្ដែងឫទ្ធិ ទី​១៥-​ក្បាច់​ព្រហ្ម​មុខ​បួន និង​១៦-​ក្បាច់​ហនុមាន​សម្ដែង​ឬ​ទ្ធិ​។

យ៉ាងណា​ក៏​ដោយ​កីឡាករ​ភាគច្រើន​នៅ​បន្ត​អនុវត្តន៍​តែ​ក្បាច់​ថ្វាយបង្គំ​គ្រូ​មិន​លើស​ពី​៦​នោះ​ទេ ដោយ​បាន​ទាំង​ចាត់​ទុក​ថា​នោះ​ជា​ក្បាច់​ដែល​មានការ​ពេញ​និយម និង​ស្នើ​សុំ​ឲ្យ​គ្រូបង្ហាត់​ពួក​គេ​តែ​ក្បាច់​ទាំងនោះ​កុំ​ឲ្យ​ស្មុគស្មាញ​នោះ​ផង ។ ក្បាច់​ដែល​និយម​ប្រើ​ទាំងនោះ​រួម​មាន ក្បាច់​ព្រះ​លក្ខណ៍​ព័ទ្ធសីមា ក្បាច់​ឥន្ទ្រី​សម្ដែងឫទ្ធិ ក្បាច់​ព្រះ​រាម​ផ្លែង​សរ ក្បាច់​នាគ​លេង​ទឹក និង​យូរ​ៗ​ម្ដង​ឃើញ​មានការ​សម្ដែង​ក្បាច់​ក្រមុំ​តែងខ្លួន ឬ​គេ​ហៅ​ថា​ក្បាច់​ថ្វាយបង្គំ​គ្រូ​តាម​របៀប​ក្រមុំ​ចូល​ម្លប់​។

មន្ត្រី​ប្រចាំ​សហព័ន្ធ​ជា​ច្រើន​ផ្សេង​ទៀត​បាន​អះអាង​ស្របគ្នា​ថា ការ​ពេញ​និយម​តែ​៥-៦​ក្បាច់​នៃ​របៀប​ថ្វាយបង្គំ​គ្រូ បាន​រុញ​ឲ្យ​ក្បាច់​ថ្វាយបង្គំ​គ្រូ​ផ្សេង​ទៀត​ប្រឈម​នឹង​ការ​បាត់បង់​។ យ៉ាងណា​ក៏​ដោយ​មន្ត្រី​ភាគច្រើន​បាន​អះអាង​ថា នោះ​មិន​មាន​ជា​បញ្ហា​ចោទ​ទាំងស្រុង​ឡើយ ដោយសារ​តែ​ក្បាច់​ថ្វាយបង្គំ​គ្រូ​ត្រូវ​បាន​ចងក្រង​នៅ​ក្នុង​ឯកសារ​រួច​ហើយ ឯ​ក្រុម​គ្រូបង្វឹក​ក៏​បាន​បង្ហាត់បង្រៀន​ដល់​កីឡាករ​របស់​ខ្លួន​ដែរ គ្រាន់តែ​កីឡាករ​ភាគច្រើន​នៅ​ពេល​ចេះ​ហើយ​ក៏​នៅ​តែ​ប្រើ​ក្បាច់​ថ្វាយបង្គំ​គ្រូ​ដែល​ពួក​គេ​យល់​ថា​ពេញ​និយម ។ សហព័ន្ធ​មាន​គម្រោង​ដាក់​កំហិត​ដល់​ការ​ប្រើប្រាស់​ក្បាច់​ថ្វាយបង្គំ​គ្រូ​ដែល​គេ​មិនសូវ​ប្រើ​ដើម្បី​ឲ្យ​ក្បាច់​ទាំងនោះ​ត្រូវ​បាន​បង្ហាញ​ជូន​ឲ្យ​អ្នក​ស្នេហា​កីឡាប្រដាល់​បានដឹង​។ អ្នកជំនាញ​និយាយ​ថា របៀប​ថ្វាយបង្គំ​គ្រូ​ទាំង​១៦​ក្បាច់ គឺជា​លក្ខណៈ​ពិសេស​របស់​ប្រដាល់​ខ្មែរ ហើយ​បើ​ក្បាច់​ណាមួយ​ត្រូវ​បាន​កប់​ចោល​នោះ​ក៏​នឹង​កើត​មាននូវ​បញ្ហា​ចោទ​ផង​ដែរ ។ បញ្ហា​ចោទ​នោះ​គឺ​នៅ​ត្រង់​ថា ប្រសិនបើ​ប្រទេស​ជិតខាង​ដែល​មាន​វប្បធម៌​ស្រ​ដៀង​ខ្មែរ គេ​យក​ក្បាច់​ទាំងនោះ​ទៅ​បង្ហាត់​ដល់​កីឡាករ​គេ ហើយ​ខ្មែរ​ខ្លួនឯង​មិន​ដែល​ស្គាល់​ច្បាស់​ជា​ចាត់​ទុក​ថា​ជា​ក្បាច់​របស់​គេ​ដែរ​មិន​ខាន ។

យោង​តាម​មន្ត្រី​ឯកទេស​បាន​អះអាង​ថា កាលពី​សម័យ​ដើម របៀប​ថ្វាយបង្គំ​គ្រូ​គេ​ធ្វើ​មាន​ក្បួន​មាន​ខ្នាត​ហើយ​មើលទៅ​រស់​រវើក​ខុស​គ្នា​នឹង​សម័យ​បច្ចុប្បន្ន​ឆ្ងាយ​ណាស់​ដើម្បី​ឲ្យ​ស្រប​នឹង​ជំនឿ​លើ​មន្ដអាគម​អូ​ម​អាម ។ ជាក់ស្ដែង​ឱ្យ​តែ​មុន​ពេល​ចេញ​ច្បាំង ឬ​ចេញ​ទៅ​កាន់​ឆាកប្រយុទ្ធ​ណាមួយ ខ្មែរ​កាលពី​សម័យ​ដើម​បាន​ទាំង​ធ្វើ​ពិធី​ថ្វាយបង្គំ​គ្រូ​ដោយ​សម្ដែង​ក្បាច់គុន​តាម​របៀប​ទាំង​១៦​នោះ ដើម្បី​យក​ឫទ្ធិ​កុំ​ឲ្យ​ចាញ់​ច្រាប​សត្រូវ​ផង​ដែរ ដោយ​ការ​ថ្វាយបង្គំ​នៅ​ក្នុង​ពេល​នោះ គឺ​គេ​មិន​ចោល​ជា​ដាច់ខាត​រឿង​បាយសី និង​ភ្លេង​ប្រគំ​។ បន្ថែម​ពីលើ​ការ​ពន្យល់​នោះ មន្ត្រី​ភាគច្រើន​ក៏​អះអាង​ថា កីឡាករ​បច្ចុប្បន្ន​ក្រៅពី​និយម​ថ្វាយបង្គំ​គ្រូ​តែ​របៀប​ដដែល​ៗ​តាម​គ្នា  ក៏​ធ្វើ​ឲ្យ​តែ​បាន​ៗ និង​មិន​ត្រូវ​ក្បួនខ្នាត​ដែល​ធ្វើ​ឱ្យ​បាត់បង់​នូវ​លក្ខណៈ​ដើម​នោះ​ផង ៕