ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

សហរដ្ឋ​អា​​មេ​រិ​ក និង​រុ​ស្ស៊ី​បាន​ប្រកាស​នា​ថ្ងៃ​ទី​២២ កុម្ភៈ ពី​បទ​ឈប់​បាញ់​គ្នា​មួយ​នៅ​ស៊ី​រី​ដែល​ត្រូវ​ផ្តល់​សុពលភាព​ដោយ​របប​ក្រុង​ដា​ម៉ាស់ និង​ពួក​ប្រឆាំង ដើម្បី​អាច​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​២៧ កុម្ភៈ ទៅ​លើកលែងតែ​ជាមួយ​បណ្តា​ក្រុម​ជី​ហា​ដ ខណៈ​ការ​ប្រយុទ្ធ​គ្នា​នានា​នៅ​តែ​ខ្លាំងក្លា​ជិត​ទីក្រុង​អា​ឡែ​ប ។

យោង​តាម​សេចក្តី​ប្រកាស​រួម​មួយ​របស់​សហរដ្ឋ​អា​មេ​រិ​ក និង​រុ​ស្ស៊ី​ថា បណ្តា​ភាគី​ដែល​ទាក់ទិន​ក្នុង​ជម្លោះ​លើកលែងតែ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី​២៦ កុម្ភៈ វេលា​ម៉ោង​១២​ម៉ោង​ក្នុងស្រុក ដើម្បី​ប្រកាស​ពី​ការ​ចូលរួម​របស់​ខ្លួន​ក្នុង​បទ​ឈប់​បាញ់​គ្នា​នេះ​ដែល​គ្រោង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ វេលា​ម៉ោង​សូន្យ​ម៉ោង​នៅ​ក្រុង​ដា​ម៉ាស់​ទៅ ។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​សម​ភាគី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន បាន​លើក​ឡើង​ពី​កិច្ចព្រមព្រៀង​នេះ កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ ពេល​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ផ្តួចផ្តើម​ឡើង​ដោយ​លោកពូ​ទី​ន ។ យោង​តាម​សេត​វិមាន​ថា លោក​អូ​បា​ម៉ា ទទូច​លើ​ភាព​ចាំបាច់​គោរព​កិច្ចព្រមព្រៀង​នេះ ដើម្បី​សម្រាល​ការ​រង​ទុក្ខវេទនា​របស់​ប្រជាជន​ស៊ី​រី ហើយ​ផ្តោត​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ក្នុង​សង្កថា​មួយ​តាម​ទូរទស្សន៍​បន្ទាប់​ពី​ការ​ជួប​សន្ទនា​ជាមួយ​លោក​អូ​បា​ម៉ា លោកពូ​ទី​ន អះអាង​ថា ប្រទេស​របស់​លោក​ជា​សម្ព័ន្ធមិត្ត​យោធារបស់​របប​ក្រុង​ដា​ម៉ាស់ នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​ចាំបាច់ ដើម្បី​ឱ្យ​អាជ្ញាធរ​ស្របច្បាប់​ស៊ី​រី​គោរព​ការ​ផ្អាក​ការ​ប្រទូស្ត​រ៉ា​យ​គ្នា ហើយ​សង្ឃឹមថា សហរដ្ឋ​អា​មេ​រិ​ក​នឹង​ធ្វើ​ដូច​គ្នា​នេះ​ដែរ ជាមួយ​បណ្តា​ក្រុម​ឧទ្ទាម។

ក្នុង​សេចក្តី​ប្រកាស​មួយ គណៈកម្មាធិការ​ជាន់ខ្ពស់​នៃ​ការ​ចរចា HCN ដែល​ប្រមូលផ្តុំ​ក្រុមប្រឆាំង​ស៊ី​រី​សំខាន់​ៗ​និយាយ​ថា ខ្លួន​ព្រម​ទទួលយក​បទ​ឈប់​បាញ់​គ្នា​នេះ​ក្នុង​លក្ខខណ្ឌ​មានការ​គោរព​ដំណោះស្រាយ​២.២៥៤​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ដែល​អនុម័ត​កាលពី​ខែធ្នូ​កន្លង​មកនេះ ឱ្យ​មានការ​បើក​ច្រកចូល​ទៅ​កាន់​បណ្តា​តំបន់​ជាប់​ការ​ឡោម​ព័ទ្ធ ហើយ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ជន​ស៊ី​វិល ។

កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ ក្បួន​រថយន្ត​កាំ​មី​ញ៉ុ​ង​ដឹក​ជំនួយ​មនុស្សធម៌​ត្រួតពិនិត្យ​ដោយ អ​.​ស​.​ប និង​កាកបាទក្រហម​ចំនួន​៤៤​គ្រឿង​បាន​ចូល​ទៅ​ដល់ទី​ក្រុង MOUADAMIYAT AL-CHAM ស្ថិត​នៅ​ជាយក្រុង​ដា​ម៉ាស់ ហើយ​ជាប់​ការ​ឡោម​ព័ទ្ធ​របស់​កងទ័ព​ស៊ី​រី ។

កងទ័ព​ស៊ី​រី​ក៏​ឡោម​ព័ទ្ធ​ទីក្រុង​អា​ឡែ​ប​ជាទី​ក្រុង​ធំ​បំផុត​ទី​២​របស់​ប្រទេស​ផង​ដែរ បន្ទាប់​ពី​ការ​វាយលុក​មួយ​តាំងពី​ដើមខែ​នេះ​មក ជាមួយ​ការ​ជួយ​ទ្រទ្រង់​តាម​អាកាស​របស់​រុ​ស្ស៊ី ។ ប្រជាជន​ទីក្រុង​នេះ​នៅ​ភាគ​ខាងជើង​ប្រទេស​ជា​ច្រើន​ពាន់​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​ការ​ប្រយុទ្ធ​គ្នា​ទៅ​កាន់​ព្រំដែន​តួ​ក​គី ។

អគ្គលេខាធិការ អ​.​ស​.​ប លោក​បាន គី​មូ​ន បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​គម្រោង​បទ​ឈប់​បាញ់​គ្នា​នេះ​របស់​អា​មេ​រិ​ក និង​រុ​ស្ស៊ី ដោយ​ចាត់​ទុក​ថា នេះ​ជា​សញ្ញា​នៃ​ក្តី​សង្ឃឹម​មួយ​សម្រាប់​ប្រជាជន​ស៊ី​រី ។

សំណើ​ឱ្យ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​នេះ​ធ្វើ​ឡើង​ជិត​៣​ស​ប្តា​ហ៍​បន្ទាប់​ពី​បរាជ័យ​នៃ​ការ​ចរចា​សន្តិភាព​អន្តរ​ស៊ី​រី​នៅ​ក្រុង​ហ្សឺ​ណែវ និង​ខណៈ​ដែល​បទ​ឈប់​បាញ់​គ្នា​គ្រោង​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ យោង​តាម​កិច្ចព្រមព្រៀង​មួយ​រវាង​ក្រុង​មូ​ស្គូ និង​ក្រុង​វ៉ា​ស៊ី​ន​តោន​ត្រូវ​បរាជ័យ​ទាំងស្រុង ។

ម្យ៉ាងទៀត គម្រោង​បទ​ឈប់​បាញ់​គ្នា​ថ្មី​នេះ​របស់​អា​មេ​រិ​ក និង​រុ​ស្ស៊ី​កើត​មាន​បន្ទាប់​ពីរ​លក​នៃ​ការ​វាយប្រហារ​ភេរវកម្ម​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ទីក្រុង​ហូ​ម ប្រឆាំង​ពួក​អេ​ឡា​ហ្វី​ត និង​ជិត​ក្រុង​ដា​ម៉ាស់​ប្រឆាំង​ពួក​ស៊ី​អីុត ។ ការ​វាយប្រហារ​អត្តឃាត​នៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​៤០០​ម៉ែត្រ ពី​កន្លែង​បញ្ចុះសព​ចៅស្រី​ម្នាក់​របស់​ព្រះ​មហាម៉ាត់ នៅ SAYEDA ZEINAB ជា​កន្លែង​គោរព​បូជា​របស់​ពួក​ស៊ី​អីុ​ត បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​១៣៤​នាក់ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​៩៧​នាក់ ។

ការ​វាយប្រហារ​នេះ​កើត​មាន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​២​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែរ ក្នុង​សង្កាត់​មួយ​មាន​ពួក​អា​ឡា​ហ្វី​ត​ភាគច្រើន​ក្នុង​ទីក្រុង​ហូ​ម បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦៤​នាក់ ៕