បាន សុភ័ក្ត្រ៖ មាន​គោល​ដៅ​ច្បាស់​លាស់ ខំ​ប្រឹង​​ពុះពារ អ្នក​នឹង​​ជោគជ័យ

បាន សុភ័ក្ត្រ៖ មាន​គោល​ដៅ​ច្បាស់​លាស់ ខំ​ប្រឹង​​ពុះពារ អ្នក​នឹង​​ជោគជ័យ

កើត​ក្នុង​គ្រួសារ​មាន​ជីវភាព​មធ្យម​ បាន សុភ័ក្ត្រ ជា​អតីត​សិស្ស​ពូកែ​មួយ​រូប ក្នុង​ចំណោម​សិស្ស​ពូកែ​ផ្សេង​ទៀត នៃ​​វិទ្យាល័យ​ហ៊ុនសែន​ភ្នំពេញ​ថ្មី។ យុវតី ១៨ ឆ្នាំ តែង​ជាប់​ចំណាត់​ថ្នាក់​ល្អ​ ពោល​គឺ​ថ្នាក់​ទី ៨-៩ ជាប់​លេខ ១ ថ្នាក់​ទី ១០-១១ ជាប់​លេខ ២ និង​ថ្នាក់​ទី ១២ ជាប់​និទ្ទេស B ។ ​

 

បច្ចុប្បន្ន​កូន​អ្នក​ភ្នំពេញ​រូប​នេះ កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ដេប៉ាតឺម៉ង​សិក្សា​អន្តរជាតិ នៅ​វិទ្យាស្ថាន​ភាសាបរទេស IFL ក្រោយ​ជាប់​​អាហារូបករណ៍ពី​ក្រុមហ៊ុន​រោងភាពយន្ត Platinum Cineplex ឆ្នាំ​ ២០១៥។ ដូច្នេះ​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​អ្នកយកព័ត៌មាន Sabay និងអតីតសិស្សពូកែខ្មែរ សុភ័ក្ត្រ ក្រោម​ប្រធានបទ “ធ្វើ​យ៉ាង​ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ​ម្នាក់ និង​​ការ​ចែក​រំលែក​បទពិសោធន៍ ​ទទួល​បាន​អាហារូបករណ៍”។

 

បាន សុភ័ក្ត្រ៖ មាន​គោល​ដៅ​ច្បាស់​លាស់ ខំ​ប្រឹង​​ពុះពារ អ្នក​នឹង​​ជោគជ័យ

 

Sabay៖ សួស្ដី សុភ័ក្រ! តើ​ប្អូន​អាច​បញ្ជាក់​​ប្រាប់​ប្រិយមិត្ត​អ្នកអាន​បាន​ទេ​ថា តើ​អ្វី​ជា​កត្តា​ជំរុញ​ឱ្យ​ប្អូន​​ក្លាយ​ជា​សិស្ស​ពូកែ​ម្នាក់? ​
 
បាន សុភ័ក្ត្រ៖ ចាស​បង! គ្រួសារ លោកគ្រូ​អ្នកគ្រូ និង​មិត្តភ័ក្ដិ ជា​កត្តា​សំខាន់​បំផុត ធ្វើ​ឱ្យ​ខ្ញុំ​ជោគជ័យក្នុង​ការ​សិក្សា។ ពួកគាត់ ជា​មនុស្ស​ដ៏​សំខាន់ ដែល​ជំរុញ​ខ្ញុំ​ឱ្យ​សម្រេច​បាន​អ្វី ខ្ញុំ​កំពុង​សុបិន។ គ្មាន​ពួកគាត់ ខ្ញុំ​អត់​ដឹង​ថា​ប្រឹងប្រែង​ដើម្បី​អ្វី​​ទេ។ ចំណុច​មួយ​ទៀត​គឺ​ខ្លួន​ខ្ញុំ។ ខ្ញុំ​ត្រូវ​តែ​សំលៀង​កម្លាំង និង​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​ធ្វើ​អ្វី​ខ្ញុំ​ចង់​បាន។ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ប្រឈម​បញ្ហា​ជាច្រើន ហើយ​​ខ្ញុំ​តែង​ប្រាប់​ខ្លួន​ឯង​ថា ក្នុង​លោក​នេះគ្មាន​អ្វី​ដែលថា ​គេ​​មិន​អាច​ធ្វើ​បាន​នោះ​ទេ ដូច្នេះ​ខ្ញុំ​ជឿជាក់​លើ​ខ្លួន​ឯង។ ​

 

Sabay៖ ក្នុងនាម​ជា​សិស្ស​​ពូកែម្នាក់​ តើ​សុភ័ក្ត្រ​ចាត់​ទុក​ថា ការប្រកួត​ប្រជែង​​ជា​រឿង​សំខាន់​​ដែរ​ឬ​ទេ?
 
បាន សុភ័ក្ត្រ៖ សម្រាប់​ខ្ញុំ ការ​ប្រកួត​ប្រជែង​មិន​សូវ​ជា​សំខាន់​ទេ។ អ្វី​ជា​បញ្ហាគឺ​ថា​តើ​ខ្ញុំ ​អភិវឌ្ឍ​ខ្លួន​បាន​ប៉ុណ្ណា? តើ​ខ្ញុំ​ឃើញ​ខ្លួន​ឯង​រីក​ចម្រើន​ជាង​មុន​ប៉ុណ្ណា។ វា​គឺ​ជា​គោលដៅ និង​ទំនុក​ចិត្ត​របស់​ខ្ញុំ។ ពេល​អ្នក​ មាន​គោលដៅ​ច្បាស់​លាស់ ​ខំប្រឹង​ពុះពារ​ (លើ​វា) ​អ្នក​នឹង​ទទួល​បាន (ជោគជ័យ)។

 

Sabay៖ ត្រង់​ចំណុច​នេះ​ ហេតុ​អ្វី​បាន​ជា​ប្អូន​យល់​ថា ការ​ប្រកួត​ប្រជែង​មិន​សូវ​ជា​សំខាន់ ខណៈ​សិស្ស​ពូកែ​ផ្សេង​ទៀត ចាត់​ទុក​ថា​ការ​ប្រកួត​ប្រជែង ជា​ដុំ​បាយ​មួយ​ដុំដែល​ពួកគេ​កំពុង​ដណ្ដើម​គ្នា? ​
 
បាន សុភ័ក្ត្រ៖ ទេ! មិន​បាន​ន័យ​ថា ខ្ញុំ​មិន​ចូលចិត្ត​ការ​ប្រកួត​ប្រជែង​​ទេ ប៉ុន្តែ​គ្រាន់​តែ​ខ្ញុំ​មិន​សូវ​ជា​បារម្ភ​ខ្លាំង​ប៉ុណ្ណឹង។ អ្វី​ដែល​ខ្ញុំ​ត្រូវ​យកចិត្ត​ទុកដាក់​នោះ គឺ​​ខ្ញុំ​ត្រូវ​ពង្រឹង​សមត្ថភាព​របស់​ខ្ញុំ។ ខ្ញុំ​ដឹង​ថា ការ​ប្រកួត​ប្រជែង​​សំខាន់​ណាស់ ព្រោះ​យើង​អាច​វាស់​ស្ទង់​ដឹង​​សមត្ថភាព​​របស់​យើង ប៉ុន្តែ​​ខ្ញុំ​ចង់​រៀបចំ​ខ្លួន​ឱ្យ​បាន​ល្អ​សិន មុន​ឈាន​ជើង​ចូល​ប្រកួត​ប្រជែង​ជាមួយ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​ខ្លាំងក្លា។

 

Sabay៖ ងាយ​មក​​អាហារូបករណ៍​វិញ តើ​ប្អូន​មាន​ការ​ពង្រឹង​សមត្ថភាព​ដូច​ម្ដេច​ខ្លះ?
 
បាន សុភ័ក្ត្រ៖ តើ​ខ្ញុំ​ទទួល​បាន​អាហារូបករណ៍​​យ៉ាងម៉េច? ដូច​ខ្ញុំ​បាន​និយាយ​ខាងដើម​អ៊ីចឹង ព្រោះ​ខ្ញុំ​មាន​គោល​ដៅ​មួយ​របស់​ខ្ញុំ (ចង់​បាន​អាហារូបករណ៍) ដូច្នេះ​ហើយ​ខ្ញុំ​តែង​​ស្វែងរក​ព័ត៌មាន ទាក់ទង​​អាហារូបករណ៍។ ខ្ញុំ​មើល​គន្លឹះ​​សុំ​អាហារូបករណ៍ របៀប​ធ្វើម៉េច​​​ឱ្យ​បាន​ជោគជ័យ និង​​របៀប​រៀបចំ​ខ្លួន​ឱ្យ​បាន​ល្អដើម្បី​ធ្វើការ​​ប្រលងប្រជែង​។ ខ្ញុំ​អាន​សៀវភៅ​ជំរុញ​លើក​ទឹកចិត្ត​​ច្រើន (Self-inspirations) ដើម្បី​​ឱ្យ​ខ្លួន​ខ្ញុំ​មាន​ទំនុក​ចិត្ត​ខ្ពស់ ដែល​មិន​ធ្វើ​ឱ្យ​ខ្ញុំ​ភ័យខ្លាច ពេល​មាន​ការប្រកួត​ប្រជែង។

 

Sabay៖ មុន​ និង​ពេល​ប្រលង​អាហារូបករណ៍ តើ​ប្អូន​ធ្វើ​អ្វី​ខ្លះ?
 
បាន សុភ័ក្ត្រ៖ មុន​ប្រលង​​អាហារូបករណ៍ អ្វី​ដែល​សំខាន់​ខ្ញុំ​គិត​ពី Background របស់​ខ្ញុំ​​​សិន ថា​តើ​​​ខ្ញុំ​ស័ក្ដិសម​នឹង​​ការ​ចង់​បាន​នៃ​អាហារូបករណ៍​អត់? ខ្ញុំ​​សួរ​គ្រូ ឬ​អ្នក​ដែល​ជំនាញ ឬ​អ្នក​ធ្លាប់​ជាប់​មុនៗនូវ​​​បទ​ពិសោធន៍។ ត្រូវ​គិត​ពី​ថ្ងៃ​កំណត់ និង​កំណត់​គោលដៅ​ឱ្យ​ច្បាស់​លាស់។ ពេល​ប្រលង ​ស្លៀកពាក់​ឱ្យ​បាន​ល្អ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ខ្ញុំ​​មាន​ទំនុក​ចិត្ត​ខ្ពស់។ ទៅ​ឱ្យ​ទាន់​ពេល មិន​ត្រូវ​ស្លន់ស្លោ យក​សម្ភារៈ​ណា​ដែល​ចាំបាច់ ដូចជា ប៊ិច ទឹក…និង​មើល​សំណួរ ហើយ​ធ្វើ ដែល​សំណួរ​​ភាគច្រើន​ទាក់ទង​នឹង​គោលដៅ។

 

Sabay៖ តើ​ប្អូន​អាច​បង្ហាញ​​ខ្លះ​បាន​ទេ​ថា អ្វី​ជា​សំណួរ​ទាក់ទង​គោល​ដៅ​ដែល​ប្អូន​ធ្លាប់​ជួប?
 
បាន សុភ័ក្ត្រ៖ អ្នក​ត្រូវ​គិត​លើ​បី​ចំណុច​នេះ។ ទី​១ ខ្លួន​របស់​អ្នក ទី២ គ្រួសារ​របស់​អ្នក និង​ទី​៣ ប្រទេស​របស់​អ្នក។ បង្ហាញ​ពី​គំនិត​របស់​អ្នក​ចំពោះ​អ្វី ដែល​អ្នក​អាច​ជួយ​ពួក​គេ​នា​ពេល​អនាគត ឬ​ពេល​អ្នក​សម្រេច​គោល​ដៅ​បាន​ជាដើម។ ដូច្នេះ​​ហើយ​​បាន​ជា​ខ្ញុំ​ប្រាប់​ថា អ្នក​ត្រូវ​មាន​គោលដៅ​ច្បាស់​លាស់​មួយ ហើយ​ត្រូវ​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព។ ពេល​មាន​គោល​ដៅ​ច្បាស់​លាស់ និង​​សមត្ថភាព​ហើយ អ្នក​អាច​ស្វែងរក​អាហារូបករណ៍​ណា ដែល​ត្រូវ​នឹង​អ្នក។ ចុង​ក្រោយ​ប៉ុន្តែ​យ៉ាង​ហោច​ណាស់ អ្នក​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា បើ​ទោះ​ធ្លាក់​ក្ដី អ្នក​នឹង​ព្យាយាម​ម្ដង​​ទៀត និង​ត្រូវ​ចងចាំ​ថា មិន​ត្រូវ Apply គ្រាន់​តែ Apply ទេ។

 

សុភ័ក្ត្រ បាន​ចែក​រំលែក​បន្ថែម​​ថា កញ្ញា​មាន​​គោល​ដៅ​ពីរ​គឺ Short term goal និង Long term goal ។ “ចំពោះ Short term goal ខ្ញុំ​បាន​ដាក់​គោល​ដៅ​ថា ធ្វើ​យ៉ាង​ណា​អាន​សៀវភៅ ២ ឬ ៣ ក្បាល​ឱ្យ​ចប់ ​ក្នុង​មួយ​ឬ​ពីរ​សប្ដាហ៍​ ​តាម​ពេល​វេលា​ខ្ញុំ​​មាន។ ខ្ញុំ​ចូលចិត្ត​សរសេរ​អ្វី​ដែល​ខ្ញុំ​បាន​ទទួល ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​បាន ធ្វើ​គម្រោង​ដើម្បី​សម្រេច​វា។ ពេល​ខ្ញុំ​មាន​ពេល​ទំនេរ ខ្ញុំ​តែង​ចែក​រំលែក​បទពិសោធន៍ ដោយ​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត។ ចំណែក Long term goal ខ្ញុំ​ចង់​ទៅ​​ដើរ​លេង និង​រៀន​នៅ​បរទេស។ ខ្ញុំ​មាន​និទ្ទេស​ខ្ពស់ ម៉្លោះហើយ​ខ្ញុំ​ត្រូវ​ពង្រឹង​វា​បន្ថែម ហើយ​ខ្ញុំ​ក៏​​បាន​រៀប​ចំ​គម្រោង ធ្វើ​យ៉ាង​ម៉េច​​ដើម្បី​សម្រេច​វា។

 

ពី​មុន​យុវតី បាន សុភ័ក្ត្រ បាន​ដាក់​ពាក្យ​ប្រលង​អាហារូបករណ៍ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​ម្ដង​ដែរ ប៉ុន្តែ​បាន​​ជាប់​ត្រឹម​តែ​បម្រុង​ប៉ុណ្ណោះ តែ​យ៉ាងណា​នាង​មិន​​អស់​សង្ឃឹម​ ហើយ​ព្យាយាម​ស្វែង​រក​សាជាថ្មី​ រហូត​ជាប់​​អាហារូបករណ៍​​ពី​​ក្រុមហ៊ុន​ឯកជន​ខាងលើ​​រៀន​នៅ IFL រយៈពេល​បួន​ឆ្នាំ​៕

 

 

ចុចអាន៖ សាស្ត្រាចារ្យ​សាកលវិទ្យាល័យ Oxford ប្រាប់​វិធីសាស្ត្រ​បង្រៀន​ភាសា​អង់គ្លេស​បាន​ល្អ

ចុចអាន៖​ ពី​សិស្ស​ខ្ជីខ្ជា នៅ ពិសិដ្ឋ ក្លាយ​ជា​សិស្ស​ពូកែជាប់​​​អាហារូបករណ៍​ ១០០%​ រៀន​​នៅ IFL

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ