ឈ្មួញ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​សប្បាយចិត្ត​ចំពោះ​ការ​ទុកពេល​របស់​ស្ថាប័នគយ​

​ថ្មីៗ​នេះ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បានប្រកាស​ពន្យារពេល​១​ខែ​ទៀត​សម្រាប់​ការចូល​បង់ពន្ធ​រថយន្ត​ចង្កូត​ស្តាំ នេះ​បើតាម​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦​។ តាមរយៈ​ការពន្យារ​ពេលនេះ គឺ​ឈ្មួញ​ខិលខូច​អាច​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​តាម​ច្រកព្រំដែន​ក្នុង​ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ​ជាដើម នាំចូល​រថយន្ត​ចង្កូត​ស្តាំ​ទំនើបៗ​ក៏ដូចជា​រថយន្ត​គេចពន្ធ​ផ្សេងៗ​ទៀត ចូលមក​លក់ដូរ​ពេញ​ប្រទេស​កម្ពុជា​តែម្តង​។ ដោយហេតុថា​ក្រុម​ឈ្មួញ​និង​ពុករលួយ​តែងតែ​ឆ្លៀតឱកាស​ឃុបឃិត​គ្នា​ដើម្បី​ផលប្រយោជន៍​ដោយ​មិន​ខ្លាច​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ​។

កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានធ្វើ​សេចក្ដីជូនដំណឹង​ជា​ផ្លូវការ​ជំរាប​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ទាំងអស់​ដែលមាន​ស្រាប់​ក្នុងប្រទេស​នាពេលនេះ​ថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានសម្រេច​ពន្យារពេល​ការចុះបញ្ជី​រថយន្ត​ចង្កូត​ស្តាំ​ចំនួន​១​ខែ គឺ​រហូតដល់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦ គឺជា​កាលបរិច្ឆេទ​ចុងក្រោយ​ដោយសារ​យល់​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​។ សេចក្ដី​ជូន​ដ​ណឹ​ង​ដដែល​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​១​ខែ​គឺ​ចាប់ពី​ថ្ងៃទី​១៨ ខែមករា ដល់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ជាច្រើន​បាន​ចូលមក​ចុះបញ្ជី​និង​កក់​ប្រាក់​២០​ភាគរយ​នៃ​ប្រាក់​ពន្ធ​សរុប ប៉ុន្តែ​ម្ចាស់​មួយចំនួន​នៅ​ស្ទាក់ស្ទើរ​ពុំទាន់​បាន​ចូលមក​បង់ពន្ធ​។ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​បញ្ជាក់ថា នេះ​គឺជា​ការពន្យារពេល​ចុងក្រោយ​ដូច្នេះ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ទាំងអស់ ត្រូវ​រួសរាន់​មក​បង់ពន្ធ​ឬ​ចុះបញ្ជី​។

​ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ មជ្ឈដ្ឋាន​នានា​បាន​អះអាងថា អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ទុកពេល​១​ខែ​សម្រាប់​ឈ្មួញ​ខិលខូច​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​គយ​ពុករលួយ​តាម​ច្រកព្រំដែន​ក្នុងការ​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​ទំនើបៗ ក៏ដូចជា​បន្ត​នាំចូល​រថយន្ត​គេចពន្ធ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​។ ក្នុងនោះ​តំបន់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ដែលមាន​លោក ឆែ សុធា ជា​ប្រធាន​សាខាគយ​ខេត្ត​នេះ អាចមាន​ករណី​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​ច្រើនជាងគេ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ ក្រុង​ប៉ោយប៉ែត និង​ស្រុក​ថ្មពួក​ជាដើម​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា កន្លងមក​រថយន្ត​ចង្កូត​ស្តាំ​និង​រថយន្ត​ទំនើបៗ​គេចពន្ធ​ភាគច្រើន​នាំចូល​តំបន់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ដោយសារ​ប្រធាន​សាខាគយ​និង​គយ​ចល័ត​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។ ម្យ៉ាងទៀត​លោក ឆែ សុធា ធ្លាប់មាន​បទពិសោធន៍​ពុករលួយ​តាំងពី​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មកម្ល៉េះ ដូច្នេះ​នៅពេល​កាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ​នៅពេលនេះ គឺ​លោក ឆែ សុធា អាច​យក​រូបមន្ត​ចាស់​មក​អនុវត្តន៍​យ៉ាង​ស្ទាត់ជំនាញ​ជាមិនខាន​៕

Hong-0689លោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ Hong-0682 Hong-0681