ផ្ទុះ​មេរោគ​អេ​ដស៍ ពលរដ្ឋ​ឃុំ​សំបួរមាស ​ផ្អើល​ធ្វើតេស្ត​ឈាម ​ក្រោយ​ពេល​រក​ឃើញ​ អ្នក​ផ្ទុក​១៨​នាក់

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​ប្រុស​ស្រី ចំនួន​១៨​នាក់ នៅ​ភូមិ​ពាម ឃុំ​សំបួរមាស ស្រុក​មុខកំពូល ត្រូវ​បាន​គេ​រក​ឃើញ​ថា ​មាន​ផ្ទុកមេរោគ​អេ​ដស៍ ។ នេះ​ជា​ចំនួន​ គិត​មក​ដល់​ ថ្ងៃ​ទី​២២ កុម្ភៈ បន្ទាប់​ពី​មានការ​ធ្វើតេស្ត​ឈាម ​លើ​អ្នក​ភូមិ ​ចាប់តាំងពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​ មក ។

ប្រជាពលរដ្ឋ បាន​សម្តែង​នូវ​ក្តី​បារម្ភ​ ចំពោះ​ការ​ផ្ទុកមេរោគ​អ​ដស៍ ​ទៅ​លើ​មនុស្ស​ជា​ច្រើន​នាក់ ​នៅ​ក្នុងភូមិ ដោយ​គេ​ពុំ​ដឹង​ពី​មូលហេតុ​ នៃ​ការ​ឆ្លង​មេរោគ​អេ​ដស៍​នេះ​ តាម​របៀប​ណា ដែល​មានអ្នកខ្លះ ​សង្ស័យ​តាម​រយៈ​ ការ​ចាក់​ថ្នាំ​ព្យាបាល​ជំងឺ​ ពី​សំណាក់​គ្រូពេទ្យ តែ​មិន​ទាន់​អាច​កំណត់​បាន​ថា ​គ្រូពេទ្យ​ណា​ ជា​អ្នក​ទទួលខុសត្រូវ​ នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន ​ពី​ប្តី​ប្រពន្ធ​២​នាក់ ដែល​បាន​មក​ធ្វើតេស្ត​ឈាម​ រក​មេរោគ​អេ​ដស៍ ​ឱ្យ​ដឹង​ថា គ្រួសារ​គាត់​មិន​បានដឹង​ថា ការ​ផ្ទុះ​មេរោគ​អេ​ដស៍​នេះ ​កើត​មាន​តាំងពី​ពេល​ណា​មក​ទេ គ្រាន់តែ​មក​ធ្វើតេស្ត​ត​ៗ​គ្នា​ ពី​អ្នក​ភូមិ​ម្នាក់​ទៅ​អ្នក​ភូមិ​ម្នាក់​ទៀត ។ ក្រោយ​ពី​ដឹង​ហើយ ក៏​មក​ធ្វើតេស្ត ប៉ុន្តែ​គ្រួសារ​គាត់ ​មិន​មាន​ផ្ទុកមេរោគ​អេ​ដស៍ ​ដូច​អ្នក​ភូមិ​មួយ​ចំនួន ​ផ្សេង​ទៀត​ទេ ។

លោកស្រី យ៉ែ​ម ណ​ង់ មេឃុំ​សំបួរមាស បានឱ្យ​ដឹង​ថា លោកស្រី​ក៏​មិន​ទាន់​អាច ​សន្និដ្ឋាន​បាន​ថា ការ​ផ្ទុះ​នេះ​បណ្តាល​មក​ពី​ មូលហេតុ​អ្វី​ ពិតប្រាកដ​នោះ​ឡើយ រហូត​ទាល់តែ​ អង្គការ​ខេមរា ចុះ​ទៅ​ធ្វើតេស្ត​ឈាម ​រក​មេរោគ​អេ​ដស៍​ ពី​ប្រជាពលរដ្ឋ​ នៅ​ក្នុងភូមិ ទើប​រក​ឃើញ​មេរោគ​អេ​ដស៍​ កើត​មាន​ទៅ​លើ​ អ្នក​ភូមិ​ជា​បន្តបន្ទាប់ ។ ករណី​នេះ ធ្វើ​ឱ្យ​លោកស្រី​ មានការ​ព្រួយបារម្ភ ចំពោះ​អ្នក​កើត​មេរោគ​អេ​ដស៍ ដែល​គ្រួសារ​ខ្លះ ​កើត​ទាំង​ប្តី​ទាំង​ប្រពន្ធ ឆ្លង​រហូត​ទៅ​ដល់​កូន ហើយ​ភាគច្រើន​ ជា​គ្រួសារ​ទីទ័ល​ក្រ ។

លោកស្រី​មេឃុំ បាន​ស្នើ​ដល់​ មន្ត្រី​សុខាភិបាល ធ្វើ​យ៉ាងណា​ យកចិត្តទុកដាក់ ​ក្នុង​ការ​ជួយ​ផ្តល់ ​ថ្នាំសង្កូវ​ក្នុង​ការ​ព្យាបាល​ អ្នក​ដែល​មាន​ផ្ទុក មេរោគ​អេ​ដស៍​នេះ​ផង ។

លោក លី ប៉េង​ស៊ុន នាយក​មជ្ឈមណ្ឌល​ជាតិ ​ប្រយុទ្ធ​ប្រឆាំង​ជំងឺអេដស៍ ​និង​កាមរោគ ដែល​បាន​ចុះ​ធ្វើតេស្ត​ឈាម​ដោយ​ផ្ទាល់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន ​តាម​ទូរស័ព្ទ​ថា ការ​រក​ឃើញ​ មេរោគ​អេ​ដស៍​នេះ គឺ​បាន​ធ្វើ​ឡើង ​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ បន្ទាប់​ពី​អង្គការ​ខេមរា ​បាន​ចុះ​ទៅ​រក ​អ្នក​ស្ម័គ្រចិត្ត​ មក​ធ្វើតេស្ត​ឈាម ​រក​មេរោគ​អេ​ដស៍​នោះ ។ បន្ទាប់​មក​ក៏​មានការ​ភ្ញាក់ផ្អើល ដោយសារ​តែ​រក​ឃើញ​ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ ជា​មនុស្ស​ចាស់ ដែល​ពួក​គាត់​មិន​អាច​នឹង​ ឆ្លង​ជំងឺ​នេះ​បាន​ទេ ។ ក្រោយ​ពី​ធ្វើតេស្ត​ មក​ដល់​ថ្ងៃ​ទី​២២ ខែកុម្ភៈ បាន​រក​ឃើញ​ ចំនួន​១៨​នាក់ មាន​ផ្ទុកមេរោគ​អេ​ដស៍ ក្នុង​នោះ​មាន ​ស្ត្រី​ចំនួន​១២​នាក់ ដែល​ភាគច្រើន​ កើត​លើ​មនុស្ស​ចាស់ និង​ឆ្លង​មក​កុមារ​តូច​ម្នាក់ ។

ទោះបីជា​បែប​ណា លោក លី ប៉េង​ស៊ុន បញ្ជាក់​ថា ចំនួន​ដែល​បាន​រក​ឃើញ​នេះ​ មិនមែន​ជា​ករណី​ ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល ​ដូច​ករណី​ផ្ទុះ​នៅ​ភូមិ​រកា ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង កាលពី​ឆ្នាំ​កន្លង​ទៅ​នោះ​ឡើយ ព្រោះ​តួលេខ​នេះ ​មិន​ទាន់​ជា​ផ្លូវការ​ទេ គឺ​អាច​មាន​ធ្វើតេស្ត​ដឹង​ថា ​ខ្លួន​មាន​ផ្ទុកមេរោគ​អេ​ដស៍ ហើយ​មិន​អស់ចិត្ត​ ក៏​មក​ធ្វើតេស្ត​ម្តងទៀត ធ្វើ​ឱ្យ​តួលេខ​កើនឡើង ។

ខណៈ​កំពុង​មានការ​ភ្ញាក់ផ្អើល ​ពី​ការ​រក​ឃើញ​ អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ​នៅ​ឃុំ​សំបួរមាស ស្រុក​​មុខកំពូល​នេះ នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ស្ត្រី​ម្នាក់​ទៀត​បាន​ស្លាប់​ ក្នុង​ចំណោម​អ្នក​ស្លាប់​ ដោយសារ​ជំងឺអេដស៍ ដែល​មក​ទល់​ពេល​នេះ ​បាន​កើន​ដល់ ​ចំនួន​១២​នាក់ ។

អនុប្រធាន​មន្ទីរ​សុខាភិបាល ​ខេត្តបាត់ដំបង លោក ស៊ូ សានិ​ត បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ថា ស្ត្រី​រូប​នេះ​បាន​ស្លាប់​ កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ។ បើ​ទោះជា​បែប​នេះ​ក៏ដោយ​ លោក​បញ្ជាក់​ថា ពុំ​មាន​សញ្ញា​ណាមួយ​ នៃ​ការ​ឆ្លង​ថ្មី​ទៀត ដោយសារ​ការ​រីក​រាលដាល ​នៃ​ជំងឺអេដស៍ ​នៅ​ឃុំ​រកា​នោះ​ទេ ។

ផ្ទុយ​ពី​មន្ត្រី​សុខាភិបាល ប្រធាន​អង្គការ​ពុទ្ធសាសនា​ ដើម្បី​អភិវឌ្ឍន៍​ ខេត្តបាត់ដំបង លោក ប៉ុក សុ​ជាតិ ដែល​ដាក់​បុគ្គលិក​ ប្រចាំការ​ផ្តល់​យោបល់ និង​ជួយ​គ្រួសារ​ ផ្ទុកមេរោគ​អេ​ដស៍​ នៅ​វត្ត​រកា មាន​ប្រសាសន៍​ថា អ្នក​ស្លាប់​ផ្ទុកមេរោគ​អេ​ដស៍ ​ឈ្មោះ លួង អម ភេទ​ស្រី អាយុ​៨៤​ឆ្នាំ នៅ​ភូមិ​រកា ដែល​ស្លាប់​ កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ នោះ គឺជា​មនុស្ស​ទី​១៤ មិនមែន​ជា​ មនុស្ស​ទី​១២ ដូច​ការ​ឱ្យ​ដឹង ​របស់​អនុប្រធាន​មន្ទីរ​ សុខាភិបាល​ ខេត្តបាត់ដំបង​នោះ​ទេ ។ រហូត​មក​ដល់​ពេល​នេះ អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ​នៅ​ឃុំ​រកា សរុប​មាន ​ចំនួន​២៩២​នាក់ ក្នុង​នោះ​អ្នក​ស្លាប់មាន​ចំនួន​១៤​នាក់​ហើយ ។

កាលពី​ឆ្នាំ​២០១៤ មានការ​ភ្ញាក់ផ្អើល​ពី​ករណី​ មាន​អ្នកភូមិ​ ជិត​៣០០​នាក់ ​បាន​ឆ្លង​មេរោគ​អេ​ដស៍ នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ។ ចំពោះ​ការ​ភ្ញាក់ផ្អើល​ ពី​ការ​រក​ឃើញ​ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ នៅ​ឃុំ​សំបួរមាស គឺជា​ការ​ផ្ទុះ​មេរោគ​អេ​ដស៍ ​គួរ​ឱ្យ​ព្រួយបារម្ភ​ ឬ​បែប​ណា​នោះ​ទេ តែបើ​តាម​មន្ត្រី​ នៃ​មជ្ឈមណ្ឌល​ជាតិ ​ប្រយុទ្ធ​ប្រឆាំង​ជំងឺអេដស៍​ និង​កាមរោគ​ថា បញ្ហា​នេះ​មិន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ ដូច​នៅ​ឃុំ​រកា​ឡើយ ៕

ផ្ទុះ​មេរោគ​អេ​ដស៍ ពលរដ្ឋ​ឃុំ​សំបួរមាស ​ផ្អើល​ធ្វើតេស្ត​ឈាម ​ក្រោយ​ពេល​រក​ឃើញ​ អ្នក​ផ្ទុក​១៨​នាក់
ផ្ទុះ​មេរោគ​អេ​ដស៍ ពលរដ្ឋ​ឃុំ​សំបួរមាស ​ផ្អើល​ធ្វើតេស្ត​ឈាម ​ក្រោយ​ពេល​រក​ឃើញ​ អ្នក​ផ្ទុក​១៨​នាក់
ផ្ទុះ​មេរោគ​អេ​ដស៍ ពលរដ្ឋ​ឃុំ​សំបួរមាស ​ផ្អើល​ធ្វើតេស្ត​ឈាម ​ក្រោយ​ពេល​រក​ឃើញ​ អ្នក​ផ្ទុក​១៨​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត