ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្តមណ្ឌលគិរី ៖ សត្វ​ដំរី​ចិញ្ចឹម​ ដែល​បម្រើ​ដល់​វិស័យ​ទេសចរ​ណ៍ និង​​ការ​ប្រកប​របរ​របស់​ជនជាតិ​ដើម ក្នុង​ខេត្តមណ្ឌលគិរី​ កំពុង​តែ​ប្រឈម​មុខ​ការ​ផុត​ពូជ ​ដោយសារ​តែ​ជំនឿ​យ៉ាង​តឹងរ៉ឹង​​របស់​បងប្អូន​ជនជាតិ​ដើម​ព្នង ​។ ​ប្រជាពលរដ្ឋ​មួយ​​ចំនួន ​ដែល​ជា​ជនជាតិ​ដើម​ព្នង​ នៅ​ក្នុងភូមិ​ពូ​លុង​បានឱ្យ​​ដឹង​ថា វប្ប​ធ​ម៌​របស់​ជនជាតិ​គាត់​ទាក់ទិន​ទៅ​នឹង​រឿង​សត្វ​ដំរី​នោះ គឺ​មិន​តម្រូវឱ្យ​​ដំរី​មានកូន​ដោយ​មិន​បាន​រៀប​ការ​នោះ​ទេ ហើយ​ការ​រៀប​ការ​នោះ ​អាច​ធ្វើ​ពិធី​ធំ​ជាង​រៀប​ការ​​របស់​មនុស្ស​ទៅ​ទៀត​ ។

បងប្អូន​ជនជាតិ​ដើម​​បាន​បន្ត​ថា ប្រសិនបើ​យើង​ចង់​ឲ្យ​ដំរី​របស់​យើង​មានកូន លុះត្រាតែ​យើ​បាន​រៀបចំ​ពិធីសែនព្រេន​ឲ្យ​វា ក៏​ដូច​ជា​រៀបចំ​ពិធីជប់លៀង​ដ៏​ធំ​មួយ​​នៅ​ក្នុងភូមិ​ស្រុក ទើប​អាច​​ឱ្យ​​វា​មានកូន​បាន​ព្រោះ​មាន​ជំនឿ​ថា បើ​ដំរី​ណាមួយ ​បាន​ដោយ​ញី​-ឈ្មោល ដោយ​ចៃដន្យ​ ឬ​​ក៏​ប្រការ​ណាមួយ មិន​មានការ​រៀបចំ​ពី​ធី​ការឱ្យ​យ​វា នោះ​នឹង​មាន​គ្រោះអាក្រក់​ចង្រៃ​ដល់​អ្នក​ស្រុកភូមិ​មិន​ខាន ​។

អាស្រ័យ​ដូចនេះ​ បងប្អូន​ជនជាតិ​ព្នង​ដែល​ជា​ម្ចាស់​ដំរី​ដែល​មិន​មាន​លទ្ធភាព ក្នុង​ការ​ធ្វើ​ពិធី​ក៏​ចេះ​តែ​ធ្វើ​តាម​តំណម​ជា​រៀង​រហូត​មក ព្រោះ​ការ​រៀបចំ​ពិធី​នោះ​ត្រូវ​ចំណាយ​ប្រាក់​អស់​ច្រើន​ពេក​។ ពិធី​រៀប​ការ​ ឬ​សែន​ជូន​សត្វ​ដំរី តម្រូវ​ឲ្យ​កាប់​គោ ក្របី ជ្រូក មាន់ ទា រាប់រយ​ក្បាល រួម​មាន​ទាំង​ស្រា​ពាង​ជា​ច្រើន​ទៀត​ផង​ ដើម្បី​ទទួលភ្ញៀវ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ​នៅ​ពេល​ដំរី​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ព​​ពោះ​ គឺ​ពួក​គេ​មិន​អាច​យក​ដំរី​នោះ​ទៅ​ប្រើប្រាស់​ សំរាប់​សម្រួល​ជីវភាព​ដល់​គ្រួ​សារបាន​ទេ ហើយ​រយៈពេល​នៃ​ការ​ព​ពោះ​របស់​សត្វ​ដំរី ​គឺ​ដល់​ទៅ​ជាង​២ឆ្នាំ​ឯណោះ ។​

ចំណែក​អ្នក​ដែល​មាន​ដំរី​ឈ្មោល ប្រសិនបើ​មានការ​ធ្វេសប្រហែស​ធ្វើ​ឲ្យ​ដំរី របស់​ខ្លួន​ទៅ​ពាក់​ដំរី​ញី​របស់​គេ​នោះ នឹង​ត្រូវ​ខាង​ម្ចាស់​ដំរី​ញី​លក់​ (តម្រូវឱ្យ​​រៀប​ចំ​ពិធីការ​ឱ្យ​​ដំរី​នោះ​) ​ប្រសិនបើ​អ្នក​នោះ​ មិន​ព្រម​ធ្វើ​តាម​ប្រពៃណី​ទេ​នោះ​ អ្នកស្រុក​ប្រាកដជា​ដេញ​ម្ចាស់​ដំរី​នោះ​ចេញពីស្រុកភូមិ​ជាក់​ជា​មិន​ខាន ​។

សព្វ​ថ្ងៃនេះ​ ដំរី​ទាំងអស់​ក្នុង​ខេត្តមណ្ឌលគិរី​ ត្រូវ​បាន​គេ​ចិញ្ចឹម ​ដើម្បី​ប្រើ​ការ​ដឹក​ជញ្ជូន​កសិផល​មក​ពី​ក្នុង​ព្រៃ​មួយ​ចំនួន​ទៀត ​គេ​យក​មក​ដាក់​ឲ្យ​ភ្ញៀវ​ទេសចរ​​​មើលកម្សាន្ត​ ដើម្បី​ដោះស្រាយ​ជីវភាព​ ។ ទាក់ទិន​បញ្ហា​នេះ​ផង​ដែរ ​ភ្នាក់ងារ​ម​គ្គុ​ទេសក៍​ទេសចរ​ណ៍​​បាន​ប្រាប់​អ្នក​យក​ព័​ត៌​​មាន​ថា ពួក​គាត់​កំពុង​តែ​ព្យាយាមបញ្ចុះបញ្ចូល​ដល់​ជនជាតិ​ព្នង​ ដែល​មាន​ដំរី​ឱ្យ​មានការ​បន្ត​ពូជ ព្រមទាំង​កំពុង​ស្វែងរក​ជំនួយ​ ដើម្បី​ធ្វើ​ពិធី​ផង​ដែរ ​។ ​ប្រសិនបើ​នៅ​តែ​ដូច្នេះ​គាត់​នឹង​ត្រូវ​បាត់បង់​កម្មវិធី ​(​មើល​ដំរី) ​ដែល​ជា​ផ្នែក​មួយ​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​ឲ្យ​ចង់​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​នេះ ដោយសារ​តែ​ដំរី​ស្រុក​ត្រូវ​បាន​ផុត​ពូជ ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​លោក​ងិ​ន សុ​វិមាន បាន​ថ្លែង​ថា «​ជា​រៀងរាល់ថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ច្រើន​​ក្រុម​បាន​ធ្វើ​ដំណើរ​មក​ខេត្តមណ្ឌលគិរី ក្នុង​គោលបំណង​ចម្បង ដើម្បី​ទស្សនា​សត្វ​ដំរី និង​ជីវភាព​រស់នៅ​របស់​ជនជាតិភាគតិច​ព្ន​ង ​។ ពួក​គេ​ចូល​ចិត្ត​ផ្តល់​ចំណី និង​មុជទឹក​ជាមួយ​ដំរី ឯ​អ្នកខ្លះ​ចូល​ចិត្ត​ធ្វើ​ដំណើរ​ចូល​ក្នុង​ព្រៃ​ជ្រៅ និង​ស្នាក់​នៅ​ជាមួយ​បងប្អូន​ជនជាតិ​ដើម​ភាគតិច​»​។ លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា «​ស្ទើរ​៩០%​ ទៅ​៩៥%​ហើយ ​សុទ្ធតែ​ជនបរទេស​ជួល​ដំរី​ជិះ មិនសូវ​មាន​ជនជាតិ​ខ្មែរ​ទេ​»​។

ដំរី​ទេសចរណ៍​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​បាន​គេ​ដឹង​ថា មាន​ចំនួន​ជិត​២០​ក្បាល ក្នុង​នោះ​ ដំរី​៥​ក្បាល​នៅ​ភូមិ​ពូ​លូ​ង ចម្ងាយ​ប្រហែល​៨​គីឡូម៉ែត្រ ពី​ទីរួមខេត្ត និង​នៅ​ភូមិ​ពូ​តាំង ចម្ងាយ​ប្រហែល​៥​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត មាន​ដំរី​សរុប​១២​ក្បាល ហើយ​ដំរី​ទាំងនោះ​ជា​កម្មសិទ្ធិ​របស់​សហ​គម​ន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ ​។ ចំណែក​តម្លៃ​ក្នុង​ការ​ជួល​ជិះ​មួយ​ថ្ងៃ ​សម្រាប់អ្នកទេសចរ​បរទេស​ចាប់ពី​១៤០.០០០​រៀល​ឡើង​ទៅ ចំពោះ​ជនជាតិ​ខ្មែរ​ចាប់ពី​តម្លៃ​៦០.០០០​រៀល​ឡើង​ ។