ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តតាកែវ ៖ ជន​សង្ស័យ​ម្នាក់ ​ត្រូវ​បាន​ប៉ូលិស​​ចាប់ខ្លួន​​រួច​កសាង​សំណុំរឿង​​បញ្ជូន​មក​​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់​ខេត្ត​ ខណៈ​​​​ដែល​ជនសង្ស័យ​​បាន​អោប​និង​​បៀតបៀន​កេរ្តិ៍​ភេទ​លើ​នារី​ម្នាក់​ នៅ​តាម​ដងផ្លូវ​​ក្នុងភូមិ ​ក្រោយ​ពេល​កើតហេតុ​ នារី​រង​គ្រោះ​បាន​​ប្ដឹង​ប៉ូលិសឱ្យ​​ចាប់ខ្លួន​ បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​កាត់ទោស​ទៅ​តាម​​ច្បាប់​ ។

ហេតុការណ៍​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ ​កុម្ភៈ ២០១៦ ​ស្ថិត​​នៅ​ភូមិ​ក្រាំងរ​អូត ​ឃុំ​សំរោង ​ស្រុក​សំរោង​ ខេត្តតាកែវ ​។ លោក​មឿង ​សា​រុន ​អធិការ​នគរ​បាល​ស្រុក​សំរោង​បាន​ឱ្យ​​ដឹង​ថា ​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​​នេះ​​​ឈ្មោះ​ហាក់​ វ​ណ្ណី​ ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ​ រស់នៅ​ភូមិ​ស្រែ​តា​សុខ ​ឃុំ​ជម្រះ​ពេន ​ស្រុក​សំរោង​ ។ ចំណែក​នារី​រង​គ្រោះ​​​អាយុ​៣៤​ឆ្នាំ ​​ក្នុង​ក្រុង​ដូន​កែវ ​ខេត្តតាកែវ​ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា​ មុន​ពេល​កើតហេតុ​ នារី​​រង​គ្រោះ​បាន​ដើរ​តាម​ផ្លូវ​លំ​ក្នុងភូមិ​ខាងលើ​​តែ​ម្នាក់ឯង ​ដើម្បី​រក​ម៉ូតូឌុប​​ជិះ​មក​ផ្ទះ​ ។ ពេល​នោះ​ជនសង្ស័យ​ បាន​ជិះ​ម៉ូតូ​មក​ដល់ ​ក៏​ចាប់​អោប​និង​ស្ទាប​ប្រដាប់​ភេទ​ នារី​រង​គ្រោះ​​ក៏​បាន​ស្រែក​ ធ្វើ​ឱ្យ​ជន​សង្ស័យ​ភ័យ​ពេក​ ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ តែ​ត្រូវ​​​ប៉ូលិស​តាម​ចាប់ខ្លួន​បាន​នៅ​​ឯ​ផ្ទះ​ ។

នៅ​ចំពោះ​មុខ​ប៉ូលិស​ ជនសង្ស័យ​បាន​​និយាយ​សារភាព​ថា​ រូបគេ​​ពិតជា​បាន​ចាប់​អោប​ និង​ស្ទាប​ប្រដាប់​ភេទ​នារី​រង​គ្រោះ​​ពិតប្រាកដ​មែន​។ នៅ​ពេល​នេះ​ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ កំពុង​តែ​កសាង​សំណុំរឿង​​ ហើយ​រសៀល​ថ្ងៃ​ទី​២៣ ​កុម្ភៈ​ ២០១៦ ​នេះ​ នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ​។