ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ អ្នក​រស់នៅ​អគារ​ប៊ូ​ឌិ​ញ ប្រមាណ​ជិត​៦០០​គ្រួសារ កំពុង​មាន​ភាព​ជ្រួលច្របល់​វិលវល់​ក្នុង​ចិត្ត​គ្រប់​ៗ​ក្រុម​គ្រួសារ ដោយសារ​មាន​ក្រុមហ៊ុន​ឯកជន​មួយ​ទៅ​ធ្វើ​សកម្មភាព​ដើរ​ចលនា​ដោះ​ដូរ​ផ្ទះ​ពួក​គាត់ ដែល​កំពុង​រស់នៅ​ក្នុង​អគារ​ប៊ូ​ឌិ​ញ ជា​ថ្នូរ​ឲ្យ​ទៅ​រស់នៅ​ក្នុងផ្ទះ​ល្វែង​នៅ​បុរី​រុងរឿង ក្បែរ​សាលា​ខណ្ឌ​ជ្រោយចង្វារ តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ជ្រោយចង្វា ។

ជាមួយនឹង​សកម្មភាព​ខាងលើ​នេះ ប្រជាពលរដ្ឋ​ចង់​មានការ​ផ្លាស់​ប្តូរ​ដែរ ក៏​ប៉ុន្តែ​សុំ​ឱ្យ​មានផ្ទះ​សមរម្យ​ណាមួយ​សាក​សម​ទៅ​នឹង​ទីផ្សារ​បច្ចុប្បន្ន ជាមួយនឹង​តម្លៃ​ដី​នៅ​ក្នុង​ប្លុក​អគារ​ប៊ូ​ឌិ​ញ ។ ប៉ុន្តែ​អ្វី​ជា​ការ​ខកចិត្ត​ទៅ​វិញ​នោះ គឺ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​លាក់​ឈ្មោះ ហើយ​កំពុង​ធ្វើ​សកម្មភាព​ចលនា​ប្រជាពលរដ្ឋ​ឱ្យទៅ​ទទួលយក​ផ្ទះល្វែង​នៅ​ក្នុង​បុរី​រុងរឿង​នោះ គឺជា​ផ្ទះ​មួយ​សាងសង់​ឡើង​មិន​ត្រូវ​ទៅ​តាម​បទដ្ឋាន​ស្តង់ដា​បច្ចេកទេស​ដែល​អាច​ប្រជាជន​ទៅ​រស់នៅ​បាន​ឡើយ  ។ ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ឈ្មួញ​កំពុង​តែ​ក្រឡុក កិបកេង​ចំណេញ​ពី​១​គុណ​ទៅ​នឹង​១០០​ភាគរយ ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​គិត​ថា ក្រុមហ៊ុន​ដែល​កំពុង​ដើរ ចលនា​ដោះ​ដូរ​ទីជម្រក​របស់​ពួក​គាត់​នេះ មាន​ច​រឹក​ចង់បាន​ដី​ប្លុក​អគារ​ប៊ូ​ឌិ​ញ​ទទេ​តែ​ម្តង​។​ហើយ​ការ​ដោះ​ដូរ​បែប​នេះ ជា​ការ​ប្រមាថមើលងាយ​ប្រជាពលរដ្ឋ​អ្នក​រស់នៅ​អគារ​ប៊ូ​ឌិ​ញ ប្រមាណ​ជា​៣០​ឆ្នាំ​មក​ហើយ​នោះ​ថា គ្មាន​កម្រិត​សមត្ថភាព​ដល់​អស់លោក​ជា​ម្ចាស់​ក្រុមហ៊ុន​ដែល​កំពុង​ចេញ​មុខ​មក​ធ្វើការ​សម្របសម្រួល​ដោះ​ដូរ​ជម្រក​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​មើលទៅ​។

ទន្ទឹម​នឹង​ក្តី​កង្វល់​នេះ​ដែរ ប្រជាពលរដ្ឋ​បាន​ទទូច​សុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន សូម​មេត្តា​ជួយ​ដល់​ពួក​គាត់​ធ្វើ​យ៉ាងណា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​ពិនិត្យ និង​ពិចារណា​អំពី​បញ្ហា​ជុំវិញ​ការ​ចង់បាន​ទីតាំង​អគារ​ប៊ូ​ឌិ​ញ ហើយ​រុញ​ពួក​គាត់​ទៅ​ទទួលយក​ផ្ទះ​នៅ​បុរី​រ៉ុ​ង​រឿង ជា​ប្រភេទ​ផ្ទះល្វែង​ថ្មី​ដូច​លាបម្សៅ​ឡើង​ឆាក​ដែល​ខាងក្នុង​គ្មាន​បន្ទប់​ស្នាក់​នៅ ហើយ​សំណង់​ក៏​អាច​ចាត់​ទុក​ថា មិន​មាន​លក្ខណៈ​ស្តង់ដា​បច្ចេកទេស​ត្រឹមត្រូវ​ផង​ដែរ ។

សូម​រំលឹក​ថា ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ គឺ​កន្លង​មក សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើការ​ព្រមាន​ធ្ងន់​ៗ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដែល​កើតឡើង ។ តែ​អ្វី​ដែល​ជា​ប្រការ​ផ្ទុយ​ទៅ​នឹង​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ គឺ​អាជ្ញាធរ​ខណ្ឌចំការមន និង​លោក​ចៅសង្កាត់​ទន្លេបាសាក់ បាន​ឆ្លើយ​បដិសេធ​យ៉ាង​ខ្លី​ប្រាប់​កោះសន្តិភាព​ថា លោក​មិន​បានដឹង​អំពី​បញ្ហា​ខាងលើ​នេះ​ឡើយ ។

តែ​ទោះជា​យ៉ាងណា​ក៏​ដោយ សកម្មភាព​នៃ​ការ​ចង់បាន​ដី​ប្លុក​អគារ​ប៊ូ​ឌិ​ញ ពី​សំណាក់​ឈ្មួញ​ឯកជន​នោះ គឺ​ធ្វើ​ឡើង​ពី​សំណាក់​ប្រធាន​ក្រុម និង​មេ​ភូមិ​ដែល​ជា​មេខ្យល់​ដើរ​ចលនា​ប្រជាពលរដ្ឋ​ថា គួរតែ​នាំ​គ្នា​ចាកចេញ​ទៅ​ទទួលយក​ផ្ទះ​នៅ​បុរី​រុងរឿង​ទៅ ដោយសារ​សំណង់​អគារ​ប៊ូ​ឌិ​ញ មាន​សភាព​ទ្រុត​ទ្រោម​ខ្លាំង តែ​ការ​ចុះ​ចលនា​នេះ ស្ថិត​ក្នុង​ការ​លួចលាក់​អំពី​ការ​ចរចា ។ បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នកស្រុក​រស់នៅ​អគារ​ប៊ូ​ឌិ​ញ ដែល​មាន​បងប្អូន​ជា​មន្ត្រី​ជំនាញ វិស្វករ និង​ស្ថាបត្យកម្ម ដែល​មាន​ឯកទេស​ខាង​សំណង់​បាន​ធ្វើការ​វាយតម្លៃ​ក្រៅផ្លូវការ​ណ៍​ថា សំណង់​ខាងលើ​នេះ គឺ​មិន​ទាន់​ទ្រុត​ទ្រោម​ដល់​ថ្នាក់​រស់នៅ​មិនកើត​នោះ​ឡើយ ហើយ​ប្រជាពលរដ្ឋ​អាច​រស់នៅ​បាន​ច្រើន​ឆ្នាំ​តទៅ​មុខ​ទៀត ដោយ​មិន​ងាយ​បាក់​ផុយ​ស្រួយ​ដូច​ការ​វាយតម្លៃ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​នៃ​សាលា​រាជធានី​ភ្នំពេញ​នោះ​ដែរ ។ ចំពោះ​បញ្ហា​នេះ បងប្អូន​ប្រជាពលរដ្ឋ​បាន​ទទូច​យ៉ាង​ក្តៅ​គគុក​ថា មាន​តែ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទេ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ទើប​ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់​បាន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដី​ទីតាំង​ប្លុក​អគារ​ប៊ូ​ឌិ​ញ បច្ចុប្បន្ន​មាន​ហាងឆេង​តាម​ទីផ្សារ​ស៊េរី ១​ម៉ែត្រការ៉េ​ពី​៥​ពាន់​ដុល្លារ​ទៅ​៧​ពាន់​ដុល្លារ ដូច្នេះ​តម្លៃ​ទីផ្សារ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ គួរ​ណាស់​ក្រុមហ៊ុន​ឯកជន​ដែល​ធ្វើការ​វិនិយោគ កុំ​កឹ​ប​កេង​យកចំណេញ​កប់​ក្តោង ហើយ​រុញ​បងប្អូន​ប្រជាពលរដ្ឋ​ចាក​ចេញពី​លំនៅ​ឋាន​ដែល​កំពុង​រស់នៅ​ឲ្យ​ទៅ​រស់នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល់ ដូច​ករណី​តំបន់​ដីក្រហម និង​សំបុកចាប​ជាដើម​តទៅ​ទៀត​អី កុំ​ឲ្យ​រាស្ត្រ​ស្អប់​រដ្ឋាភិបាល​កាន់តែ​ខ្លាំ​ឡើង​ថែម​ទៀត​។

គួរ​បញ្ជាក់​ថា វត្ថុបំណង​ដែល​ចង់បាន​របស់​បងប្អូន​ដែល​រស់នៅ​អគារ​ប៊ូ​ឌិ​ញ​ទាំងអស់​គ្នា គឺ​ចង់បាន​រដ្ឋាភិបាល ក៏​ដូច​ជា​ក្រុមហ៊ុន​ឯកជន​ណាមួយ​ពិតប្រាកដ ចុះ​ទិញ​ជម្រក​ពី​ពួក​គាត់​តាម​តម្លៃ​ទីផ្សារ​ជាក់ស្តែង​តែ​ម្តង​ទៅ ចៀសវៀង​មាន​បាតុភាព​ចោទប្រកាន់​ថា ក្រុម​ហ​ហ៊ុន​ឯកជន​មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​មន្ត្រី​ជ​នា​ញ​កឹ​ប​កេង​ចំណេញ​លើ​ពួក​គាត់​ហួសហេតុ​ពេក ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​មិន​អាច​ទទួលយក​បានជា​ដាច់ខាត ៕