ដឹងថា Messi ស៊ុតចូលក្រុម ចក្រភពអង់គ្លេស ណាច្រើនជាងគេអត់?

Lionel Messi តារាឆ្នើមក្រុម FC Barcelona ធ្លាប់លេងប៉ះក្រុមខ្លាំងៗ នៅចក្រភពអង់គ្លេស ជាច្រើន ដោយក្នុងនោះឃើញថា កីឡាករជម្រើសជាតិ អាហ្សង់ទីនរូបនេះ ស៊ុតចូលទីក្រុមកាំភ្លើងធំ Arsenal ច្រើនជាងគេ គិតជាមធ្យមភាគ១,៥ក្នុង១ប្រកួត ប៉ុន្តែមិនដែល ស៊ុតចូលក្រុម Chelsea និង Liverpool ឡើយ។

ដឹងថា Messi ស៊ុតចូលក្រុម ចក្រភពអង់គ្លេស ណាច្រើនជាងគេអត់?

Messi ស៊ុតចូល Arsenal ៦គ្រាប់ ត្រឹមតែ៤ប្រកួតប៉ុណ្ណោះ ហើយ៦គ្រាប់នេះ ស៊ុតតែ២ប្រកួតទេគឺ កាល Barcelona ប៉ះ Arsenal នៅ UEFA Champions League វគ្គ៨ក្រុមឆ្នាំ២០១០ កីឡាករវ័យ២៨ឆ្នាំរូបនេះ ស៊ុតកាំភ្លើងធំ៤គ្រាប់ម្នាក់ឯង ជួយ Barca ឈ្នះ ៤-១ នៅ Camp Nou និងពានរង្វាន់នេះដដែល វគ្គ១៦ក្រុមឆ្នាំ២០១១ Messi ស៊ុត Arsenal ២គ្រាប់ ជួយអ្នកមានបុណ្យឈ្នះ ៣-១ នៅទឹកដីខ្លួនឯង។

រីឯក្រុមចក្រភពអង់គ្លេស ដែល Messi ស៊ុតច្រើនជាងគេលំដាប់ទី២នោះគឺ ក្រុម Celtic (ស្កុតឡែន) ដោយកីឡាករឆ្នើមរូបនេះ ស៊ុតបាន៣គ្រាប់ ពេលប៉ះគ្នា៤ប្រកួត និងគិតជាមធ្យមភាគ Messi ស៊ុតចូល០,៨ក្នុង១ប្រកួត។

ចំណែកឯក្រុម Manchester United, Manchester City និង Rangers កីឡាករលេខ១០របស់ Barca ស៊ុតចូលគិតជាមធ្យមភាគ០,៥ក្នុង១ប្រកួតដូចគ្នា។

ដោយឡែកសម្រាប់ក្រុមតោខៀវ Chelsea និងហង្សក្រហម Liverpool ម្ចាស់ពានរង្វាន់ FIFA Ballon d’Or ៥សម័យកាលរូបនេះ មិនដែលស៊ុតចូលទេ។ កន្លងមក Messi ធ្លាប់ប៉ះ Chelsea ៨ដង និងប៉ះ Liverpool ២ដង៕

ប្រភព៖ សប្បាយ