ភ្ញៀវ​ទេសចរ​ត្អូញត្អែរ​ថា​តម្លៃ​ម្ហូប​និង​តម្លៃ​ចត​រថយន្ត​មាន​តម្លៃ​ថ្លៃ​នៅ​រមណីយដ្ឋាន​ខេត្ត​ក្រចេះ

ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​រមណីយដ្ឋាន​ខេត្ត​ក្រចេះ ត្អូញត្អែរ​តម្លៃ​អាហារ និង​តម្លៃ​ចត​រថយន្ត​ថ្លៃ​ខុស​ប្រក្រតី បន្ទាប់​ពី​ពួក​គាត់​បាន​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹក​ជួរ​កាំពី កាល​ពី​ថ្ងៃ​ទី​២១ កុម្ភៈ។ ចំណែក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ អះអាង​ថា ភ្ញៀវ​ទេសចរ​មាន​បញ្ហា​នេះ អាច​ទូរស័ព្ទ​ផ្តល់​ព័ត៌មាន​ជូន​គណៈកម្មការ​គ្រប់គ្រង។

ការ​ត្អូញត្អែរ​នេះ បន្ទាប់​ពី​ភ្ញៀវ​ទេសចរ​មក​ទស្សនា​នៅ​រមណីយដ្ឋាន​ទឹក​ជួរ​កាំពី កាល​ពី​ថ្ងៃ​ទី​២១ កុម្ភៈ ឃើញ​ស្លាក​សញ្ញា​តម្លៃ​ផ្ញើ​រថយន្ត​ខាង​មុខ​ផ្លូវ​ចូល​រមណីយដ្ឋាន​តម្លៃ ៥​ពាន់​រៀល ប៉ុន្តែ​កន្លែង​បង់​ប្រាក់​តម្លៃ ១​ម៉ឺន​រៀល។ ចំណែក​តម្លៃ​ម្ហូប​អាហារ​ដែល​លក់​នៅ​ទីនោះ ក៏​ថ្លៃ។

ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹក​ជួរ​កាំពី មក​ពី​រាជធានី​ភ្នំពេញ លោក គង់ ស៊ូត ឲ្យ​ដឹង​ថា ការ​យក​តម្លៃ​ចត​រថយន្ត​ផ្ទុយ​ពី​ស្លាក​សញ្ញា ហាក់​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្តល់​សេវាកម្ម​ទេសចរណ៍​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។ ចំណែក​តម្លៃ​ម្ហូប​អាហារ​ដែល​ដាក់​នៅ​ទីនោះ ហាក់​មាន​តម្លៃ​ថ្លៃ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​មក​កម្សាន្ត ឬ​អាច​ធ្វើ​ឲ្យ​អ្នក​មក​ទស្សនា​រាង​ចាល៖ «យើង​មិន​ស្ដាយ​លុយ​ទេ ៥​ពាន់ ប៉ុន្តែ​យើង​ចង់​ធ្វើ​តាម​ស្លាក​គេ​ដាក់​ប៉ុន្មាន យើង​បង់​ប៉ុណ្ណឹង។ តាំង​ពី ១០០​ឡើង​ទៅ ក៏​ចូលរួម​អំពើ​ពុក​រលួយ​ដែរ ប្រសិន​មន្ត្រី​នៅ​ខាង​ក្រោម ហើយ​ខ្មែរ​គ្រប់​រូប​នៅ​តែ​គាំទ្រ​តម្លៃ​ប៉ុណ្ណឹង មាន​ន័យ​ថា មិន​គាំទ្រ​គោលការណ៍​របស់​រដ្ឋាភិបាល​ទេ»

អាជីវករ​លក់​អាហារ​នៅ​រមណីយដ្ឋាន​ទឹក​ជួរ​កាំពី សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា នាង​លក់​អាហារ​បាន​កំណត់​តម្លៃ​ក្នុង​បញ្ជី​រាយ​មុខ​ម្ហូប​ជាក់លាក់ ហើយ​ភ្ញៀវ​មក​កម្សាន្ត អាច​ត​ថ្លៃ​បាន។ ចំណែក​តម្លៃ​អាហារ​ក៏​មិន​ខ្ពស់​ដែរ​សម្រាប់​ការ​លក់​នៅ​តំបន់​រមណីយដ្ឋាន​នោះ៖ «មីនុយ (បញ្ជី​មុខ​ម្ហូប) ហ្នឹង គេ ដាក់​តម្លៃ ៥​ម៉ឺន ៥​ម៉ឺន ៥​ពាន់ ៦​ម៉ឺន ប៉ុន្តែ​គេ​លក់​តែ​មួយៗ ជួន​កាល​ត្រី​មួយ ៥០​ដុល្លារ ដូចជា​ត្រី​ប៉ាវ៉ា តែ​ភ្ញៀវ​ខ្លះ​គាត់​អត់​ដឹង​ទេ គាត់​ស្អែក​ថា ម្ហូប​ហ្នឹង​ថ្លៃ»

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ ប្រធាន​គណៈកម្មការ​គ្រប់គ្រង​តំបន់​ទេសចរណ៍​ទឹក​ជួរ​កាំពី និង​ជា​អភិបាល​រង​ខេត្ត​ក្រចេះ លោក ខណ្ឌ ចំណាន បំភ្លឺ​ថា គណៈកម្មការ​គ្រប់គ្រង​តំបន់​ទេសចរណ៍​ធម្មជាតិ បាន​កំណត់​តម្លៃ​រថយន្ត​ជាក់លាក់ និង​បាន​ដាក់​ស្លាក​សញ្ញា​បង្ហាញ​ភ្ញៀវ ដូចជា​រថយន្ត​ធំ​តម្លៃ ១​ម៉ឺន​រៀល រថយន្ត​តូច​តម្លៃ ៥​ពាន់​រៀល។ ចំណែក​តម្លៃ​អាហារ គណៈកម្មការ​ធ្លាប់​ផ្សព្វផ្សាយ​ដល់​អាជីវករ ឲ្យ​កំណត់​តម្លៃ​សមរម្យ​ដែល​មាន​ចែង​ច្បាស់​ក្នុង​បញ្ជី​រាយ​នាម​មុខ​ម្ហូប។ លោក​បន្ត​ថា ប្រសិន​ភ្ញៀវ​ទេសចរ​ចង់​ផ្តល់​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី​ផ្សេងៗ អាច​ទូរស័ព្ទ​ផ្តល់​ព័ត៌មាន​មក​គណៈកម្មការ ឬ​ប្រធាន​មន្ទីរ​ទេសចរណ៍៖ «គណៈកម្មការ​ហ្នឹង​បាន​បញ្ជាក់​ជាមួយ​បង​ប្អូន​ដែល​សុំ​ធ្វើ​ចំណត​រថយន្ត​ហ្នឹង ឲ្យ​គោរព​តាម​ហ្នឹង ក្នុង​កិច្ចសន្យា​ក៏​យើង​បាន​បញ្ជាក់​ច្បាស់លាស់ បាន​ជា​យើង​លើក​តម្លៃ​បង្ហាញ​ជា​សាធារណៈ»

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ លោក រុន ធារ៉ា មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ស្ដីពី​ការ​យក​តម្លៃ​លើស ទាក់ទិន​ការ​ចត​រថយន្ត​របស់​ភ្ញៀវ​ចូល​មក​ទស្សនា​នៅ​ឡើយ​ទេ។ លោក​ថា ប្រសិន​អ្នក​ដេញ​ថ្លៃ​រថយន្ត​ពិត​ជា​យក​តម្លៃ​ផ្ទុយ​ពី​កិច្ចសន្យា លោក​នឹង​ព្រមាន​ម្ចាស់​ដេញ​ថ្លៃ​ចំណត​រថយន្ត ឲ្យ​ប្រតិបត្តិ​តាម​គោលការណ៍​ដែល​បាន​ព្រមព្រៀង​កន្លង​មក។ លោក​បញ្ជាក់​ថា មន្ទីរ​ជំនាញ​មាន​ក្រុម​ការងារ​ដែល​ប្រចាំ​ការ​នៅ​តំបន់​នោះ តែង​តែ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នេះ៖ «ភ្ញៀវ​ណា​មាន​បញ្ហា យើង​បាន​បិទ​លេខ​ទូរស័ព្ទ​នៅ​តាម​ផ្ទះ​ទឹក​ហ្នឹង។ យើង​ដាក់​លេខ​ទូរស័ព្ទ​កុំ​ឲ្យ​ពួក​គាត់​កោរ​ភ្ញៀវ​ទាំង​តម្លៃ​ម្ហូប​អាហារ​ក៏ដោយ។ យើង​រៀបចំ​ហើយ​គណៈកម្មការ​យើង គឺ​យើង​មិន​បាន​ធ្វេសប្រហែស​ទេ។ អ្នក​ដំណើរ​ទាំង​ភ្ញៀវ​ជាតិ អន្តរជាតិ សូម​ជួយ​យោគយល់​បញ្ហា​ហ្នឹង មាន​បញ្ហា​អី​យើង​ចុះ​ដោះស្រាយ​ភ្លាម»

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ បង្ហាញ​ថា កាល​ពី​ឆ្នាំ​២០១៥ ភ្ញៀវ​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹក​ជួរ​កាំពី ជាង ៤​ម៉ឺន​នាក់ កើន​ឡើង ៨០​ភាគរយ​បើ​ធៀប​ឆ្នាំ​២០១៤។ រមណីយដ្ឋាន​ទឹក​ជួរ​កាំពី បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០០ មាន​អាជីវករ​កំពុង​លក់​ដូរ​ជាង ៣០០​គ្រួសារ មាន​ផ្ទះ​ទឹក ឬ​ខ្យូស (kiosk) ៤៧០ មាន​តូប​លក់​សម្ភារៈ​អនុស្សាវរីយ៍ និង​តូប​លក់​ម្ហូប​អាហារ​ជាង ៤០​តូប។ ក្នុង​ខ្យូស​នីមួយៗ ត្រូវ​បង់​ថវិកា​ចូល​រដ្ឋ ឬ​គណៈកម្មការ​គ្រប់គ្រង​តំបន់​ទេសចរណ៍​ធម្មជាតិ​ទឹក​ជួរ​កាំពី ចាប់​ពី ៣​ម៉ឺន​រៀល​ដល់ ៧​ម៉ឺន​រៀល រយៈពេល ៥​ខែ។ អភិបាល​រង​ខេត្ត​ក្រចេះ លោក ខណ្ឌ ចំណាន បន្ថែម​ទៀត​ថា គោល​បំណង​នៃ​ការ​បង្កើត​រមណីយដ្ឋាន​នោះ គឺ​បង្កើត​មុខ​របរ​ជូន​សហគមន៍ ដើម្បី​បញ្ចៀស​ការ​នេសាទ​ដែល​អាច​ប៉ះពាល់​ជម្រក​ត្រី​ផ្សោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។