EU ចុះហត្ថលេខា ផ្ដល់ជំនួយ ១០លានអឺរ៉ូ ដល់ គ.ជ.ប

ភ្នំពេញ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈ កម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអះអាងថា សហភាពអឺរ៉ុប (EU) បានចុះហត្ថលេខា ជាមួយក្រសួងសេដ្ឋកិច្ចកម្ពុជា ដើម្បីផ្ដល់ជំនួយប្រមាណ ១០លានអឺរ៉ូ ដល់ គ.ជ.ប សម្រាប់រៀបចំដំណើរ ការបោះឆ្នោតខាងមុខ។

លោក ស៊ិក ប៊ុនហុក បានថ្លែងប្រាប់ក្រុម អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការប្រកាស តែងតាំងមន្រ្តីនៃ គ.ជ.ប ជាផ្លូវការនៅព្រឹកថ្ងៃទី២៣ កុម្ភៈ ថា " EUគាត់ឥឡូវនេះបានចុះ កិច្ចសន្យាផ្ដល់ជំនួយ ជាផ្លូវការហើយ ហើយបានចុះហត្ថលេខា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការជួយជំនួយ ទាំងផ្នែកបច្ចេកទេស ជាពិសេសលុយកាក់ សម្រាប់ទិញសំភារៈ មធ្យោបាយសម្រាប់ ដំណើរការចុះឈ្មោះ បោះឆ្នោតតាមប្រព័ន្ធ បច្ចេកវិទ្យាកុំព្យូទ័រ ។ EU ហ្នឹងថវិការួមរបស់គេ ១០លាន(អឺរ៉ូ)"។

ព្រមជាមួយគ្នានេះដែរ គ.ជ.ប ក៏បានបញ្ចូលមន្រ្តីជាង ៣ពាន់នាក់ របស់ខ្លួនឲ្យទៅជាមន្រ្តី មានក្របខណ្ឌនិងពេញសិទ្ធិ។

កាលពីពេលកន្លងទៅ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ធ្លាប់បានអះអាង គ.ជ.ប នឹងដំណើរការចុះ ឈ្មោះបោះឆ្នោតតាមប្រព័ន្ធ បច្ចេកវិទ្យាកុំព្យូទ័រ ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ចុងខែកក្កដា ឆ្នាំ២០១៦ ដែលមានរយៈពេល ៣ខែ។

សូមជំរាបថា សហភាពអឺរ៉ុប និងប្រទេសជប៉ុន បានអះអាងថា នឹងនៅបន្តជួយគាំទ្រ ដើម្បីធ្វើឲ្យមានជំនឿ លើដំណើរការកែទម្រង់ ការបោះឆ្នោតនៅកម្ពុជា សំរាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០១៧ និងការបោះឆ្នោតសកល ឆ្នាំ២០១៨៕

EU ចុះហត្ថលេខា ផ្ដល់ជំនួយ ១០លានអឺរ៉ូ ដល់ គ.ជ.ប