ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​ពន្លិច​នាវា​នេសាទ​បរទេស និង​ក្នុងស្រុក​ដល់​ទៅ​៣០​គ្រឿង ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​ប្រឆាំង​ការ​នេសាទ​ត្រី​ខុសច្បាប់​ក្នុង​ដែនទឹក​របស់​ខ្លួន ។

ក្នុង​ចំណោម​នាវា​ទាំង​៣០​គ្រឿង​ដែល​ពន្លិច​នោះ ១១​គ្រឿង​ជានា​វា​នេសាទ​របស់​វៀតណាម ៨​គ្រឿង​របស់​ម៉ា​ឡេ​ស៊ី ៧​គ្រឿង​របស់​ហ្វ៊ី​លី​ពី​ន និង​៤​គ្រឿង​របស់​ឥណ្ឌូ​ណេ​ស៊ី។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ដោយ​កងកម្លាំង​ពិសេស​ឥណ្ឌូ​នេ​ស៊ី​ប្រឆាំង​ការ​នេសាទ​ខុសច្បាប់ កង​ម៉ា​រី​ន​ឥណ្ឌូ​ណេ​ស៊ី ប៉ូលិស​ជាតិ ទីភ្នាក់ងារ​សន្តិសុខ​សមុទ្រ​ឥណ្ឌូ​ណេ​ស៊ី និង​ការិយាល័យ​អគ្គ​រដ្ឋ​អាជ្ញា​កើត​មាន​កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ នៅ​កន្លែង​៥​ផ្សេង​គ្នា​ក្នុង​ប្រទេស ។

រដ្ឋមន្ត្រី​កិច្ចការ​សមុទ្រ និង​នេសាទ​ឥណ្ឌូ​ណេ​ស៊ី​លោកស្រី SUSI PUDJIASTUTI គូសបញ្ជាក់​ថា នាវា​ទាំងនេះ​ត្រូវ​កម្ទេច​ចោល ព្រោះតែ​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់​ក្នុង​ដែនទឹក​ឥណ្ឌូ​ណេ​ស៊ី ។

វា​ជា​ប្រតិបត្តិការ​បែប​នោះ​លើក​ដំបូង​នា​ឆ្នាំ​នេះ ។ ឥណ្ឌូ​ណេ​ស៊ី​រហូត​មក​ទល់​ពេល​នេះ​បាន​ពន្លិច​នាវា​១៥១​គ្រឿង ហើយ​ដោយសារ​សកម្មភាព​ខុសច្បាប់​ចាប់តាំងពី​ប្រធានាធិ​បតី​លោក​ហ្សូ​កូ វី​ដូ​ដូ ដែល​ឡើង​កាន់​អំណាច​ពី​ខែតុលា ឆ្នាំ​២០១៤ មក ប្រកាសសង្គ្រាម​ប្រឆាំង​បណ្តា​នាវា​ដែល​ចូល​នេសាទ​ដោយ​ខុសច្បាប់​ក្នុង​ដែនទឹក​របស់​ប្រទេស ។ លោក​វាយតម្លៃ​ថា សកម្មភាព​បែប​នេះ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​ខាតបង់​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ៕