ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ​៖ ក្រុម​ក្មេង​ទំនើង​យ៉ាងតិច​១៧​នាក់ ក្នុង​ចំណោម​ជាង​៣០​នាក់ ដែល​មាន​២​ក្រុម​ផ្សេង​គ្នា ត្រូវ​កម្លាំង​នគរបាល​ព្រហ្ម​ទ​ណ្ឌ​ខេត្ត​​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ពួក​គេ​កំពុង​ដេញ​កាប់​ចាក់​យ៉ាង​ព្រៃផ្សៃ នៅ​លើ​សួនច្បារ​សម្ដេច​ស ខេ​ង កាលពី​វេលា​ម៉ោង​០១ និង៤០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ កុម្ភៈ ​​ស្ថិត​ក្នុងភូមិ​រំ​ចក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ ។

មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម​នោះ ​បាន​ចំនួន​១៧​នាក់ ខណៈ​ពួក​គេ​កំពុង​ដេញ​កាប់​ចាក់​គ្នា​យ៉ាង​ប្រ​សេក​ប្រសាច​រត់​ពេញ​សួនច្បារ​ទាំង​កណ្ដាល​អ​ធ្រា​ត្រ​។ មន្ត្រី​ដដែល​និយាយ​ថា ក្មេង​ទំនើង​ទាំង​២​ក្រុម​នោះ​ មាន​គ្នា​ប្រហែល​ជាង​៣០​នាក់ ហើយ​ចំណោម​១៧​នាក់​ ដែល​ត្រូវ​ឃាត់ខ្លួន គឺ​មាន​មួយ​ចំនួន​រង​របួស​ប៉ោង​​ភ្នែក និង​ខ្លះ​របួស​លើ​រាង​កាយ​បន្តិច​ប​ន្ទូ​ច​ដែរ​​ ។

បើ​តាម​ប្រភព​បាន​បញ្ជាក់​ថា ក្រុម​នេះ​ទើប​ចេញពី​ក្លិប​កំសាន្ត រួច​ជិះ​ម៉ូតូ​មក​ឈប់​នៅ​សូន​ច្បារ​សម្ដេច​ស ខេ​ង ហើយ​បើក​ឆាក​ប្រយុទ្ធ​គ្នា​ផ្អើល​ពេញ​សួន​តែ​ម្ដង​។ ក្រោយ​ពេល​ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ដល់​ស្នងការ​ខេត្ត ក្រុម​ជន​អន្ធ​ពាល​ទាំង​២​ក្រុម​ សុទ្ធតែ​បាន​ឆ្លើយ​​យក​ត្រូវ​រៀង​ៗ​​ខ្លួន​។ ភាគី​ម្ខាង​ដែល​មា​នប​ក្ស​​ពួក​ជិត​១០​នាក់បាន​អះអាង​ថា ពួក​ខ្លួន​ត្រូវ​ភាគី​ម្ខាង​ដែល​មាន​គ្នា​ច្រើន​ជិះ​ម៉ូតូ​មក​វ៉ៃ​​ទាំង​កំរោល ខណៈ​ពួក​គេ​កំពុង​អង្គុយ​លេង​លើ​សួនច្បារ ​។ រីឯ​ភាគី​មាន​គ្នា​ច្រើន​វិញ​ បាន​ឆ្លើយ​បែប​ចង់​ដោះ​​បន្ទុក​​ថា មក​ពី​ក្រុម​នោះ​ តាម​វាយ​ពួក​ខ្លួន​មុន ពេល​ពួក​គេ​ចេញពី​ក្លិប​រាត្រី​។

ប៉ុន្តែ​បើ​តាម​សមត្ថកិច្ច​និយាយ​ថា ជន​អន្ធពាល​ទាំង​២​ក្រុម​នេះ ​គ្មាន​ភាគី​ណាមួយ​ជា​ជន​រង​គ្រោះ​ទេ គឺ​សុទ្ធតែ​ជា​ក្រុម​ជនល្មើស​ដូច​
គ្នា​ ។ សមត្ថកិច្ច​បន្ត​ថា បើ​តាម​ការ​សួរនាំ​គឺ​ជន​ទំនើង​ទាំង​២​ក្រុម​នេះ​ សុទ្ធតែ​ធ្លាប់​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ការ​ប៉ះ​ប្រយុទ្ធ​គ្នា​នៅ​លើ​សួនច្បារ​កណ្ដាល​អា​ធ្រា​ត្រ​នេះ គឺជា​ការ​តាម​សងសឹក​គ្នា ដែល​ពួក​គេ​ធ្លាប់​ប៉ះ​ទ​ង្កិ​ច​គ្នា​នា​ពេល​កន្លង​មក​។ ដូច្នេះ​ជន​ទាំង​២​ក្រុម​នេះ​គ្មាន​ភាគី​ណាមួយ​ជា​ជន​រង​គ្រោះ​ទេ បើ​ទោះជា​មាន​អ្នក​រង​របួស​ក្ដី​។

បើ​តាម​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​បញ្ចប់​ការ​សួរនាំ​ក្រុម​ក្មេង​ទំនើង​ទាំង​១៧​នាក់​នេះ​ហើយ តែ​កំពុង​រង​ចាំ​គោល​ការ​ណ៏​របស់​លោកស្នងការ​តែ​ប៉ុណ្ណោះ តើ​ត្រូវ​ធ្វើការ​អប់រំ​ឬ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​តុលា​ការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕