ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តព្រះសីហនុ ៖ រថ​យន្ត​បែន​ដឹក​ដី​ធុន​តូច​មួយ​គ្រឿង ត្រូវ​​រថភ្លើង​បើក​បុក​ពេញទំហឹងហើយ​អូស​ជា​ច្រើន​ម៉ែត្រ​ ខណៈ​​ដែល​​ខូច​​ចំ​​​លើផ្លូវ ​​ពេលរថភ្លើង​​​ធ្វើ​ដំ​ណើរ​​​ម​ក​​​យ៉ាង​​​លឿន ។ 

ហេតុការណ៍​នេះ បង្ក​ឱ្យភ្ញាក់​ផ្អើល​​​​កាលពី​វេលា​ម៉ោង០៩ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​វាល​មាស ឃុំ​​​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​​ដឹង​ថា ចំណុចខាងលើ គឺ​មាន​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ចេញ​ពី​ភូមិ​​ ឆ្លងកាត់​ផ្លូវ​រថភ្លើង​សំដៅ​ចូល​ទៅ​ព្រៃ​ ។​ ​រថយន្ត​ដែល​ត្រូវ​រថភ្លើង​បុក​ពេញទំហឹង​នោះ ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ដី​ធុន​តូច​ម៉ាក​ទី​តាន់ ពណ៌​ខៀវ​ពាក់​ស្លាក់​លេខ​ព្រះ​សីហ​នុ 3A-0042 មិន​ស្គាល់អត្តសញ្ញាណ​អ្នកបើកបរ ​(​គេចខ្លួនបាត់​​) បាន​បើក​ពី​ចង្កេះ​ភ្នំ ​(​ជា​កន្លែង​កាយ​យក​អាចម៍​ដី​) ពី​លិចទៅ​កើត ។

លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ  រថយន្ត​នោះ​បាន​រលត់​ម៉ាស៊ីនខូច​នៅ​ចំ​កណ្តាល​លើ​ផ្លូវ​រថភ្លើង​នោះ​តែ​ម្តង ស្រប​ពេល​ជាមួយ​គ្នា​នោះ ក៏មាន​រថភ្លើង​ដែល​ដឹក​សុទ្ធ​សឹង​​សំបក​សាទែន​​ប្រេង ក៏​បាន​​មក​ដល់​ដែល​​​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ    ហើយ​ក៏​បុក​ពេញទំហឹង​តែ​ម្តង ​បណ្តាលឱ្យ​រថយន្ត​នោះ​អូស​ខ្ទាត​ប្រមាណ​ជា​ជាង​៣០​ម៉ែត្រ ។ រីឯ​អ្នកបើកបរ​ ត្រូវ​​គេ​រាយការណ៍  ថា មិន​មាន​រង​​របួស​​អ្វី​ធ្ងន់​​ទេ ហើយ​បាន​គេចខ្លួន​ទាំង​ព្រលឹង​មិន​នៅ​ជាប់​ខ្លួន ។