ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​កំពង់ធំ ៖ ទីតាំង​អាជីវកម្ម​ហ្គេ​ម​២​កន្លែង​ដែល​បើក​ធ្វើ​សកម្មភាព​យ៉ាង​រលូនរាប់​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​ អ៊ិ​ត សុធា ដឹកនាំ​​កម្លាំងសមត្ថកិច្ច​​កង​រាជ​អាវុធហត្ថ និង​សមត្ថកិច្ច​នគរបាល​ក្រុង​ស្ទឹង​សែន​ចុះ​ប​ង្ក្រាប​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ ឆ្នាំ​២០១៦ ។

​​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា ទីតាំង​ហ្គេ​ម​​ទាំង​២​កន្លែង ​​​​ដែល​មាន​ម្ចាស់​​ទី​តាំង​​ទី១-ឈ្មោះ​ ផេង រតនៈ នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន ​និង​​ម្ចាស់​​ទី​តាំង​​ទី២-ឈ្មោះ អុង រ៉ែ​មី នៅ​ភូមិប​ល្ល័​ង្កលិច សង្កាត់​ដំរី​ជាន់​ខ្លា ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​ដឹកនាំ​​កម្លាំង​​សមត្ថកិច្ច​ចុះ​ប​ង្គ្រា​ប​ហើយ​ ​​ឃាត់​​ក្មេង​ៗ​ជា​សិស្ស និង​ក្មេង​អត់​ការងារ​ធ្វើ​អាយុ​ចន្លោះ​៨​ឆ្នាំ​ដល់​១៨​ឆ្នាំជា​ច្រើន​នាក់ ​និង​​ដកហូត​បាន​កុំព្យូទ័រ​៤៦​គ្រឿង  ។

​ប្រភព​ព័​ត៌មានបាន​ឲ្យ​ដឹង​ថា អាជីវកម្ម​ហ្គេ​ម​នេះ​មិនមែន​លេង​ហ្គេ​មតុក្តា​ធម្មតា​ទេ គឺ​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទដែល​ក្មេង​ៗ​គ្រាន់តែ​ចំណាយ​លុយ​១៥០០រៀល​ក្នុង១​ម៉ោង​ ​លេង​បាន​ល្បែង​ជា​ច្រើន​មុខ ​។ ហើយ​រាល់ថ្ងៃ​ មាន​ក្មេង​ជា​សិស្ស​មិន​ចូល​សាលា​រៀន​ និង​ក្មេង​ៗ​អត់​ការងារ​ធ្វើ​ជា​ច្រើ​នាក់ ខ្លះ​ចេះ​លួច ​ខ្លះ​​កុហ​ក​ឪ​ពុកម្ដាយ​ដើម្បី​យក​លុយរាប់​រយ រាប់​ពាន់​ដុល្លារ​មក​លេង ។

​​មន្ត្រី​សមត្ថកិច្ច​បាន​បន្ត​ថា ម្ចាស់​អាជីវកម្ម​ទាំង​២​ខាង​លើ ត្រូវ​ឃាត់ខ្លួន ចំណែកវត្ថុ​តាង​រឹបអូស​​បាន​យក​ទៅ​រក្សា​ទុក​​នៅ​អធិការ​ដ្ឋាន​នគរ​បាល​​ក្រុង​ស្ទឹង​សែន ដើម្បី​រង់​​ចាំ​ចំណាត់​ការ​ពី​លោក​ព្រះរាជអាជ្ញា ចំណែក​ក្មេង​ៗ​ត្រូវ​យក​ទៅ​ធ្វើការ​អប់រំ​ណែនាំ​ ។

​​ចំណែក​​អាណាព្យាបាល​សិស្ស​ជា​ច្រើន​នាក់​​បាន​​សម្តែង​​ការ​មិន​ពេញចិត្ត​ចំពោះ​​ការ​មិន​សូវ​អើ​ពើ​របស់​អាជ្ញាធរ ​និង​​សមត្ថកិច្ច​មូលដ្ឋាន ដែល​ជា​រឿយ​ៗ​ពួក​គាត់​ធ្លាប់​បាន សំណូមពរ​ឲ្យ​មានការ​បិទ​​ទីតាំង​ខាងលើ​​ដែរ ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព​សោះ ។

​សូម​បញ្ជាក់​ថា បច្ចុប្បន្ន នៅ​មាន​ទីតាំង​ល្បែងស៊ីសង​ជា​ច្រើន​កន្លែង​​ទៀត ដែល​​បាន​និង​កំពុង​ពួន​ធ្វើ​អាជីវកម្ម​យ៉ាង​រលូន​ទាំង​ក្នុង​ក្រុង ​និង​​តាម​បណ្ដា​ស្រុក​​​ ។ ជាក់ស្ដែង​ល្បែង​កន្ទុយលេខ​រីក​ដុះដាល​ដូច​ផ្សឹ​ត ៕​​