ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្ទឹងត្រែង​ ៖ ​ទាក់ទិន​បុរស​ម្នាក់​ស្លាប់ ​ក្រោយ​ពី​ផឹក​ស្រា.ស​អស់​ចំនួន​៣​ពែង​ កាលពី​រសៀល​ថ្ងៃ​ទី​២២ ​កុម្ភៈ ​២០១៦ ស្ថិត​​នៅ​ភូមិ​​ស្រែ​គ​២ ឃុំ​ស្រែ​​គ ស្រុក​សេ​សាន បាន​កើតជា​មន្ទិល​មួយ​ចំនួន​ធ្វើ​ឱ្យ​​សង្ស័យ​ជា​លក្ខណៈ​ច្រើន​​យ៉ាង ដែល​ជំហាន​ដំបូង​ ត្រូវ​វេជ្ជ​បណ្ឌិត​ផ្នែក​សុខាភិបាល​ មិន​អាច​សន្និដ្ឋាន ​លើ​ការ​ស្លាប់​​នោះ​​ដែរ ​។

មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​គ លោក​ថា​យ ស៊ុន​អ៊ី បាន​ប្រាប់​កោះសន្តិភាព​ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ​កុម្ភៈ ​២០១៦ ​នេះ​ថា​ ជន​រង​គ្រោះ​បាន​​ស្លាប់​នៅ​ក្នុង​វង់​ហូប​ចុក​មាន​គ្នា​ជិត​១០​នាក់ ​ភាគច្រើន​ជា​បងប្អូន​សាច់ញាតិ​នឹង​គ្នា ​។

​លោក​មេ​ប៉ុស្តិ៍​បន្ត​ថា​ ជន​រង​គ្រោះជា​មនុស្ស​ចុង​ក្រោយ​គេបង្អស់ ​ដែល​​ចូល​ផឹកស្រា​​នៅ​ក្នុង​ក្រុម​នោះ​ បន្ទាប់​ពី​បុរស​ម្នាក់​បាន​សន្លប់​បាត់ស្មារតី​ ត្រូវគេ​ប​ញ្ចូ​ន​តាម​ផ្លូវ​មក​កាន់​មន្ទីរពេទ្យ ​ហើយ​ត្រូវ​ដឹងខ្លួន​ឡើង​វិញ​ បន្ទាប់​ពី​គ្រូខ្មែរ​ប្រើ​មន្តអាគម​ន៍​សូត្រ​ផ្លុំ​លើ​រាង​កាយ​ខណៈ​កំពុង​ធ្វើ​ដំណើរ​មក​កាន់​មន្ទីរ​ពេទ្យ​ ។

​ប្រភព​​បន្ត​ថា ​ជន​រង​គ្រោះ​ទាំង​២​នាក់​មាន​​ម្នាក់​ត្រូវ​ដឹងខ្លួន​វិញ ​ក្រោយ​សន្លប់​ជា​ច្រើន​ម៉ោង ​និង​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​និង​កន្លែង​នោះ​ ត្រូវ​គេ​សង្ស័យ​អាច​ជា​ការ​​ពុល​ស្រា តែ​គេ​សង្កេត​ឃើញ​វិញ​ថា ​ប្រសិនជា​ការ​ពុល​ស្រា​ ក្នុង​ចំណោម​អ្នក​ផឹក​ទាំង​អស់​នោះ ​មាន​គ្នា​៧​ ទៅ​៨​នាក់​ និង​អាច​ពុល​ទាំងអស់​គ្នា​ ចុះ​មូលហេតុ​អ្វី​ពុល​ស្លាប់​តែ​ម្នាក់​ ។​

ពាក់ព័ន្ធមន្ទិល​ទាំងនេះ​ មាន​ប្រភព​មួយ​ចំនួន​និយាយ​ថា​ នៅ​តាម​បណ្តា​ភូមិ​ស្រុក​ដែល​ជំនឿ​មួយ​ចំនួន ហើយ​មាន​អ្នកចេះ​មន្តអា
គម​ន៍អួមអាម​​នោះ​ អាច​ប្រើប្រាស់​ដាក់​គ្នា និង​មួយ​ចំនួន​ទៀត ​អាច​លួច​ជ្រលក់​ពុកមាត់​ខ្លា​ ឬ​ប្រ​ម៉ាត់​សត្វ​ក្ងោក​ ក៏​​អាច​ពុល​ស្លាប់​
​ដែរ​។

លោក​មេ​ប៉ុស្តិ៍​ឃុំ​ស្រែ​គ​បាន​​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ សុទ្ធ ចាន់ ភេទ​ប្រុស​ អាយុ​២៧ឆ្នាំ​ រស់នៅ​ភូមិ​ស្រែ​គ​២ ឃុំ​ស្រែ​គ ស្រុក​សេ​សាន បាន​ស្លាប់​​ក្រោយ​​ពេល​ផឹក​ស្រាស​អស់​ចំនួន៣​ពែង​ នៅ​ក្នុង​ចំណោម​អ្នក​ផឹក​ជិត​១០​នាក់​ ។​ ចំណែក​លោក អ៊ុ​ន មឿ​ន នាយការិយាល័យ​បច្ចេកទេស​កោសល្យ​វិ​ច្ច័​យ ​និង​វិទ្យា​សាស្ត្រ​​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​បាន​ប្រាប់​​ឱ្យ​​ដឹង​នៅ​​រសៀល​ថ្ងៃ​ទី​២៣​កុម្ភៈ​នេះដែរ​ថា ​ក្រោយ​កើតហេតុ​បាន​រយៈពេល​៣​ម៉ោង​ លោក​រួម​ជាមួយ​វេជ្ជបណ្ឌិត​នៃ​មន្ទីរ​សុខាភិបាល​ និង​តុលាការ​បាន​ចុះទៅ​ពិនិត្យ​រួម​គ្នា ​ដែល​ក្នុង​ការ​ពិនិត្យ​នោះ​សព​ជន​រង​គ្រោះ​​នៅ​ទន់​នៅឡើយ​ ហើយ​តាម​ការ​ធ្វើកោសល្យ​វិច័យ​​នោះ​ ជន​រង​គ្រោះ​គ្មាន​ស្លាកស្នាម​អ្វី​លើ​ដងខ្លួន​ឡើយ ហើយក៏​​មិន​មានកំ​អ៊ែ​​ចេញ​តាម​មាត់​អ្វី​ដែរ  ។

ដូច្នេះ​តាម​ការ​ជំនាញ​បាន​ធ្វើការ​​សន្និដ្ឋាន​ថា ​ជន​រង​គ្រោះ​ពុំ​មែន​ស្លាប់​ដោយសារ​ពុល​ស្រា​ ឬ​ចំណីអាហា​រ​នោះ​ទេ ជន​រង​​គ្រោះ​មាន​បញ្ហា​ផ្នែក​សុខភាព​ គឺ​ស្លាប់​ដោយសារ​តែ​ខ្យល់គរ ​។​ លោក​បន្ត​ថា​ ក្រោយ​ជំនាញ​រួម​សហការ​ពិនិត្យ​រួចរាល់​នោះ​ ក៏​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិកំណើត​ខាង​។