ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្តាល ៖ ជន​ម្នាក់​ដែល​សមត្ថកិច្ច​អះអាង​ថា ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​ប្រដាប់​អាវុធ​នៅផ្ទះ​វេរ​លុយ​វី​ង​នៅ​ស្រុក​ខ្សាច់ កណ្ដាល​ កាលពី​ចុងឆ្នាំ​២០១៥​ កន្លង​មកនេះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត លោក អ៊ី សុវណ្ណ សម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃ​​ទី​២២ ខែកុម្ភៈ ដោយ​ចោទប្រកាន់​ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​៣៥៣ និង​៣៥៧ ។

ជន​នេះ​ឈ្មោះ ឈឺ​ម សុផល មានស្រុក​កំណើត​នៅ​ឃុំ​ព្រាល ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ជួល និង​លក់ដូរ​ក្នុង​ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ។ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ខេត្ត​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ និង​នាំ​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២​ថ្ងៃ ។

មន្ត្រី​នគរបាល​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​ឈ្មោះ ឈឺ​ម សុផល នេះ ធ្លាប់​ប្លន់​នៅ​ភ្នំពេញ និង​បាន​ជាប់​នៅ​ពន្ធនាគារ​ព្រៃ​ស រួច​ផ្ទេរ​ទៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ និង​បន្ត​ផ្ទេរ​ទៅ​ពន្ធនាគារ​ខេត្តកំពង់ចាម រហូត​ដល់​ឆ្នាំ​២០១៣ ទើប​ចេញពី​ពន្ធ​គារ ។ គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១២ ​ធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ព្រៃ​ល្វា ឃំ​ុ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្ដាល មាន​ករណី​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង ដោយ​ក្រុម​ចោរ​មាន​គ្នា​៤​នាក់​បាន​ប្លន់​ជន​រង​គ្រោះ​ឈ្មោះ ឡាយ ប៑​ុ​ន​ណា​រី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ។ ក្រុម​ចោរ​បាន​ប្រមូល​យក​ទ្រព្យសម្បត្តិ​មាន ប្លា​ទី​ន​៥​តម្លឹង ប្រាក់​១​មឺ​ុ​ន​ដុល្លារ​និង​៥០​លាន​រៀល និង​ទូរស័ព្ទ​៣​គ្រឿង ។

ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​ចោរ​មាន​គ្នា​៤​នាក់ ស្លៀកពាក់​ស៊ីវិល មាន​ពាក់​ម៉ាស់ និង​មាន​កាំភ្លើង​អាកា​៣​ដើម និង​កាំភ្លើងខ្លី​១​ដើម ។ ម្ចាស់ផ្ទះ​រង​គ្រោះ​២​នាក់​ឪពុក​និង​កូន ត្រូវ​ក្រុម​ចោរ​ចាប់ចង​វាយ​នឹង​ស្នាប់​កាំភ្លើង មុន​នឹង​ពួក​វា​ប្រមូល​យក​គ្រឿង​អលង្ការ ព្រមទាំង​លុយកាក់​ជិត​៣​ម៉ឺន​ដុល្លា ។ មុន​នឹង​ចាក​ចេញពីផ្ទះ​ជន​រង​គ្រោះ ក្រុម​ចោរ​ក៏​បាន​បាញ់កាំភ្លើង​ចំនួន​៥​គ្រាប់​គំរាម​បំបាក់ស្មារតី មិន​ឱ្យ​ជន​រង​គ្រោះ​និង​អ្នក​ភូមិ​តាម​ទៀត​ផង ៕