ហេតុការណ៍​នឹកស្មាន​ពុំ​ដល់​! បុរស​ម្នាក់​ត្រូវ​ឆ្កែ​របស់ខ្លួន​ខាំ​ប្រហារ ខណៈ​គាត់​ត្រូវបាន​វាយ​ឲ្យ​ដេក​ដួល​ដោយ​បុរស​ផ្សេង​

​ខណៈ​សត្វ​ឆ្កែ​ជាទូទៅ ត្រូវបាន​ដឹងថា​ពួកវា​ចេះ​ជួយ​ការពារ​ម្ចាស់​របស់​ពួកវា​នោះ​, ប៉ុន្តែ ចំពោះ​សត្វ​ឆ្កែ “​វង្វេង​បឹង​” ១​ក្បាល​នេះ​វិញ បែរ​វាយប្រហារ​ទៅលើ​ម្ចាស់​របស់​វា​បន្ថែម ខណៈ​គាត់​ត្រូវបាន​វ៉ៃ​ឲ្យ​ដេក​ដួល​នឹង​ដី​ពី​សំណាក់​បុរស​ដទៃ ។​

​យ៉ាងណាមិញ វីដេអូ​នៃ​ហេតុការណ៍​នឹកស្មាន​ពុំ​ដល់​នេះ ដែល​ត្រូវបាន​បង្ហោះ​ឡើង​អ៊ី​ន​ធើរ​ណែ​ត បាន​កំពុង​រីក​រាលដាល និង​ចែករំលែក​យ៉ាង​ផុសផុល ។ វីដេអូ​នេះ ត្រូវបាន​ថត​ដោយ​អតិថិជន​ម្នាក់ ស្ថិតនៅក្នុង​ឱសថស្ថាន CVS ។​

​យោងតាម​សាក្សី​ជាច្រើន​, នោះ​បុរស ២ នាក់ បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង រហូត​ទប់​កំហឹង​ពុំបាន និង​វ៉ៃតប់​គ្នា​ផ្អើល​ពេញ​ឱសថស្ថាន​ខាងលើ ។​

​ក្នុងអំឡុង​វ៉ៃតប់​គ្នា​នោះ បុរស​ម្នាក់​ត្រូវ​បានឃើញ​ឡើង​អង្គុយ​ពីលើ​បុរស​ម្នាក់ទៀត និង​វាយ​យ៉ាង​សន្ធាប់​លើ​គាត់ ។ បុរស​នោះបាន​បន្ត​ដាល់ និង​ទាត់​ធាក់​លើ​ផ្ទៃមុខ​បុរសរងគ្រោះ ។​

​ប៉ុន្តែ នឹកស្មាន​ពុំ​ដល់ ខណៈនោះ​សត្វ​ឆ្កែ​របស់​ជនរងគ្រោះ បាន​មើល​ដោយ​ការយល់ច្រឡំ ខណៈ​ម្ចាស់​របស់​វា​កំពុង​ត្រូវបាន​វាយ​ដុំ​ច្រំ​ធាក់ ។ រំពេច​នោះ ស្រាប់តែ​សត្វ​ឆ្កែ​នេះ ក៏បាន​ហក់​ទៅ​សង្គ្រប់ និង​ចាប់ផ្តើម​វាយប្រហារ​ទៅលើ​ម្ចាស់​របស់​វា​ទាំង​កំរោល​តែម្តង ។​

​សត្វ​ឆ្កែ​នេះ​បាន​ខាំ​កន្ត្រាក់ដៃ​ម្ចាស់​របស់​វា ខណៈ​គាត់​ព្យាយាម​ដេញ​វា​ឲ្យ​ចាកចេញ ។ ជា​ចុងក្រោយ បុគ្គលិក​ហាង​ម្នាក់​ក៏បាន​ចូលមក​បំបែក​ការ​វាយតប់​គ្នា​នេះ និង​សួរនាំ​ថា​តើ​អ្នកណា​ជា​ម្ចាស់​ឆ្កែ​ពិតប្រាកដ ។​

​នៅពេលនោះ បុរស​ស្ថិត​នៅក្រោយ​កាមេរ៉ា​បាន​ប្រាប់​ទៅ​បុគ្គលិក​នោះ​ថា សត្វ​ឆ្កែ​នេះ​គឺ​របស់​បុរសរងគ្រោះ​ដែល​វា​កំពុង​វាយប្រហារ ៕​

ហេតុការណ៍​នឹកស្មាន​ពុំ​ដល់​! បុរស​ម្នាក់​ត្រូវ​ឆ្កែ​របស់ខ្លួន​ខាំ​ប្រហារ ខណៈ​គាត់​ត្រូវបាន​វាយ​ឲ្យ​ដេក​ដួល​ដោយ​បុរស​ផ្សេង​