អាជ្ញាធរថៃបញ្ជូនខ្មែរ២នាក់មកប្រទេសវិញ

បន្ទាយមានជ័យ: ជនជាតិ​កម្ពុជា​ចំនួន​២​នាក់​ត្រូវបាន​អាជ្ញាធរ​ប្រទេស​ថៃ បញ្ជូន​ខ្លួន​ត្រលប់ មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​ជន​ទាំងពីរ​ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ ដោយសារ​ឆ្លង ដែន​ទៅ​កាប់​ឈើ​គ្រញូង​នៅ​ប្រទេស​ថៃ​ខុសច្បាប់​។​

ជនជាតិខ្មែរ​ទាំងពីរ​ត្រូវបាន​អាជ្ញាធរ​ថៃ បញ្ជូន​ខ្លួន​ត្រលប់​មកវិញ​កាលពី​ល្ងាច​ថ្ងៃទី ២០​ខែកុម្ភៈ​ឆ្នាំ​២០១៦​មក​ម្លេះ តាម​ច្រក​អន្តរជាតិ​ជាំ​ស្រ​ង៉ាំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មាន ជ័យ ហើយ​អាជ្ញាធរ​កម្ពុជា​នៅ​ច្រក​ជាំ​ស្រ​ង៉ាំ​បាន​ទទួលយក និង​បានធ្វើ​ការអប់រំ ហើយ​ឲ្យ ត្រលប់​ទៅ​លំនៅដ្ឋាន​វិញ​។​

​អាជ្ញាធរ​កម្ពុជា​បាន​ដកស្រង់​របាយការណ៍រ​បស់​អាជ្ញាធរ​ថៃ មក​បញ្ជាក់ថា ជនជាតិ កម្ពុជា​ទាំងពីរ​ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច ភូមិ​រលាយ ឃុំ​កន្ទ្រម ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ី សាកេ​ត ប្រទេស​ថៃ ឈម​គ្នា​និង​កម្ពុជា​ត្រង់ចំណុច​ច្រក​អូ​ស្វាយ ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូ ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

សមត្ថកិច្ច​បានបញ្ជាក់​ថា មនុស្ស​ទាំងពីរ​នាក់​ត្រូវបាន​ថៃ​ឃាត់ខ្លួន ខណៈពេលដែល ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង​ខុសច្បាប់​នៅក្នុង​ទឹកដី​ថៃ ជាមួយនឹង​ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ ចំនួន​ទៀត ប៉ុន្តែ​មនុស្ស​មួយចំនួន​បាន​រត់គេចខ្លួន បន្ទាប់ពី​ទាហាន​ថៃ​ដេញចាប់​នៅពេល នោះ​។​

​ពួកគេ​ទាំងពីរ​ត្រូវបាន​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៥ ហើយ​ត្រូវ បាន​ទាហាន​ថៃ​បញ្ជូនទៅ​ពន្ធនាគារ​ខេត្ត​ស៊ីសាកេត អស់​រយៈពេល​ជាង​១​ឆ្នាំ​ហើយក៏​ដោះ លែង​និង​បាន​បញ្ជូនមក​កម្ពុជា​វិញ​នាពេលនេះ​។​

​ជន​ទាំងពីរ​មានឈ្មោះ នួន ង៉ែត អាយុ​១៦​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ នី ម៉ាប់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​។​ជន​ទាំងពីរ​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕

អាជ្ញាធរថៃបញ្ជូនខ្មែរ២នាក់មកប្រទេសវិញ
​រូបភាពៈ  អាជ្ញាធរ​ថៃ​បញ្ជូន​ខ្មែរ​២​នាក់មក​ប្រទេស​វិញ បន្ទាប់ពី​ចាប់ខ្លួន​ចូលទៅ​កាប់​ឈើ​គ្រញូង​ខុសច្បាប់​៕