ក្រុមហ៊ុន​រថយន្ត Rolls-Royce បញ្ចប់​ការផលិត​ម៉ូ​ដែល Phantom ជំនា​ន់ទី ៧

: ​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars លោក Torsten Mueller-Oetvoes បានប្រកាសថា រថយន្ត​ម៉ូ​ដែល Phantom នាពេល​បច្ចុប្បន្ន បាន​ឈានដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ដំណើរ​ជីវិត​ដ៏​ជោគជ័យ​របស់ខ្លួន​ហើយ នៅ​ឆ្នាំ ២០១៦ នេះ ។ ការប្រកាស​ដូច្នេះ​បាន​ធ្វើឡើង​បន្ទាប់ពី ក្រុមហ៊ុន​បានប្រកាស​កាលពីពេល​ថ្មីៗ ពី​ការចាប់ផ្ដើម​ធ្វើតេស្ត​សាកល្បង​នូវ​គ្រោង​តួ​រថយន្ត​ដែល​ធ្វើ​ពី​អាលុយមីញ៉ូម​សុទ្ធ​សាធន៍ ដែល​គ្រោង​តួ​រថយន្ត​ប្រភេទ​នេះ នឹងមាន​បំពាក់​លើ​គ្រប់​រថយន្ត Rolls-Royce ទាំងអស់​ដែល​ដាក់លក់​នៅលើ​ទីផ្សារ​នៅ​ដើមឆ្នាំ ២០១៨ ។ លោក​ក៏បាន​ប្រកាស​ផងដែរ​ថា រថយន្ត​ម៉ូ​ដែល Phantom Coupé និង Drophead Coupé ក៏​នឹង​លែងមាន​ផលិត​តទៅទៀត​ដែរ​នៅ​ថ្ងៃ​អនាគត ។ ម៉ូ​ដែល Phantom ទាំងពីរ​ស៊េរី​ដ៏​អស្ចារ្យ​នេះ នឹង​លែងមាន​តទៅទៀត​ហើយ បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ពិសេស​អស្ចារ្យ​នេះ​ត្រឹម ៥០ គ្រឿង​បន្ថែមទៀត​ប៉ុណ្ណោះ​ដោយ​ដាក់ឈ្មោះថា Phantom Zenith​។​

​រថយន្ត​ម៉ូ​ដែល Phantom ជំនា​ន់ទី ៧ បច្ចុប្បន្ន បានចាប់ផ្ដើម​ផលិត​នៅឯ​រោងចក្រ Goodwood កាលពី​ជាង ១៣ ឆ្នាំមុន ហើយ​បាន​ក្លាយជា​គ្រឹះ​ដែល​នាំ​ឲ្យ​មានការ​រីកលូតលាស់​ឡើងវិញ​នៃ​រថយន្ត Rolls-Royce នេះ ។ នៅពេលនេះ រថយន្ត Phantom VII (​ជំនា​ន់ទី ៧) ដ៏​អស្ចារ្យ សមសួន និង​មាន​ថាមពល​ខ្លាំង ដែលជា​រថយន្ត​កំពូល​មហា​ប្រណីត​នេះ បាន​ឈានដល់​ដំណាក់កាល​ជីវិតចុងក្រោយ​របស់ខ្លួន​ហើយ ។​

​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំនេះ ការផលិត​រថយន្ត Phantom Coupé  និង Phantom Drophead Coupé នៅឯ​រោងចក្រ Goodwood នឹង​ចប់​ជា​ស្ថាពរ ។ រថយន្ត​ម៉ូ​ដែល​ទាំងនេះ​នឹង​លែងមានទៀតហើយ ។ អ្នកប្រមូល​វត្ថុ​ទុក (Collectors) ទូទាំង​ពិភពលោក នឹងមាន​ក្តីរំភើប​រីករាយ​នៅពេល​ទទួលដំណឹង​ថា ក្រុមហ៊ុន​នឹង​ផលិត​រថយន្ត​ម៉ូ​ដែល Phantom Coupé និង Phantom Coupé ដ៏​ពិសេស​ចំនួន​ត្រឹមតែ ៥០ គ្រឿង​ចុងក្រោយ​ប៉ុណ្ណោះ ហើយនឹង​ដាក់ឈ្មោះថា Phantom Zenith ដើម្បី​ជាការ​អបអរ​ដល់​ការបញ្ចប់​ជា​ស្ថាពរ​នូវ​ការផលិត​រថយន្ត​ដ៏​ពិសេស​ពិតៗ​នេះ​។

​ទន្ទឹមនឹងនេះ ក្រុមហ៊ុន​រថយន្ត Rolls-Royce  ក៏​នឹង​ផលិត​រថយន្ត Phantom ជំនា​ន់ទី ៧ តួ​ធម្មតា​ជា​ចុងក្រោយ​ផងដែរ​នៅ​ឆ្នាំនេះ ។

​លោក Mueller-Oetvoes បាន​ថ្លែងថា​៖ “​ខ្ញុំ​មាន​មោទនភាព និង​ក្តីរំភើប​រីករាយ​ក្នុងការ​ប្រកាសថា រថយន្ត Phantom ស៊េរី​ថ្មី កំពុងតែ​លេចចេញ​ជា​រូបរាង​ហើយ ដែលមាន​ភាពទំនើប​ទាន់សម័យ និង​ស្រស់ស្អាត ដោយមាន​បំពាក់​បច្ចេកវិទ្យា​ខ្ពស់ និង​ការ​រចនា​ម៉ូត​ថ្មី​ពិសេស ។ រាល់​ម៉ូ​ដែល Phantom ថ្មី​នីមួយៗ​នឹង​ក្លាយជា​ប្រវត្តិសាស្ត្រ​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​យានយន្ត ដូច្នេះ​យើង​កំពុងតែ​ព្យាយាម​ធ្វើ​ឲ្យ​ម៉ូ​ដែល Phantom ជំនា​ន់ទី ៨ មាន​ភាព ល្អឥតខ្ចោះ​” ។​

​កាលពី​ឆ្នាំ ២០០៣ ក្រុមហ៊ុន​រថយន្ត Rolls-Royce បាន​បង្កើត​និយាម​ការ​ថ្មី​សម្រាប់​យានយន្ត​មហា​ប្រណីត គឺ​នៅពេលដែល​ក្រុមហ៊ុន​បានចេញ​ម៉ូ​ដែល Phantom ជំនា​ន់ទី ៧ នេះឯង ដែលជា​ម៉ូ​ដែល​ឈរ​នៅ​លំដាប់​កំពូល​នៃ​រថយន្ត​មហា​ប្រណី​តពិតៗ​អស់​រយៈពេល ១៣ ឆ្នាំ​កន្លងមកនេះ ។ ក្នុង​រយៈកាល​កន្លងមក​នេះ រថយន្ត Rolls-Royce បាន​ផលិត​ម៉ូ​ដែល Phantom ដ៏​អស្ចារ្យ​ជាច្រើន​គ្រឿង ដែល​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជាមួយនឹង​រូបរាង​ដ៏​ស្រស់ស្អាត និង​ភាព​ប្រណី​តពិតៗ​របស់ខ្លួន ។

​ពេលនេះ ជា​ពេលវេលា​ដែល​ត្រូវ​បោះជំហាន​ទៅមុខ ក្នុង​វិស័យ​យានយន្ត​ប្រណីត ។

Phantom VII បន្ត​បង្កើត​និយាម​ការ​នៃ​រថយន្ត​កំពូល​ប្រណីត​បើទោះបីជា​ម៉ូ​ដែល​នេះ ត្រៀមខ្លួន​ចាកចេញ​ពី​ពិភព​យានយន្ត​ក្នុង​ពិភពលោក​ក្តី​
​បើទោះបីជា​រថយន្ត Phantom VII ត្រៀមខ្លួន​ចាកចេញ​ពី​ពិភព​យានយន្ត​ក្នុង​ពិភពលោក​ក្តី ក៏​ម៉ូ​ដែល​នេះ​នៅតែ​បន្ត​បង្កើត​និយាម​ការ​ថ្មី​សម្រាប់​វិស័យ​យានយន្ត​ប្រណីត ជាមួយនឹង​រថយន្ត​ដែល​ចំនួន​មានកំណត់ ហើយ​រថយន្ត​នីមួយៗ​នឹង​ក្លាយជា​រថយន្ត​ចុងក្រោយ​លែងមាន​ផលិត​បន្តទៅទៀត ។

​ដើម្បី​បញ្ជាក់​ពី​ការដកខ្លួន​ចេញពី​ពិភព​យានយន្ត នៃ​ម៉ូ​ដែល Phantom ក្រុម​រចនា​ម៉ូត​របស់​រថយន្ត Rolls-Royce នឹង​ផលិត​រថយន្ត​បែប Bespoke ដ៏​ពិសេស​បំផុត សម្រាប់​ម៉ូ​ដែល Phantom នីមួយៗ ដែលមាន​នាពេល​បច្ចុប្បន្ន​គឺ Phantom Coupé, Phantom Drophead Coupé និង Phantom ធម្មតា (Phantom Limousine) ។ ជាមួយគ្នានេះ​ផងដែរ ក្រុម​ផលិត​ដែល​បង្កើត​រថយន្ត Rolls-Royce នីមួយៗ​ចេញពី​រោងចក្រ នៅឯ Goodwood កំពុង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់ធ្វើ​ការងារ​ដោយ​យកចិត្តទុកដាក់ សម្រាប់​រថយន្ត​ចុងក្រោយ​ដ៏​ពិសេស​នេះ ។​

​ស៊េរី Zenith - ជា​រថយន្ត​កំពូល​ក្នុង​ឧស្សាហកម្ម​យានយន្ត​ប្រណីត
​រថយន្ត​ដែល​នឹង​ផលិត​ពិសេស​ជាដំបូង​គេ​គឺមាន​ឈ្មោះថា Zenith ហើយនឹង​ក្លាយជា​រថយន្ត Phantom Coupé និង Phantom Drophead Coupé ចុងក្រោយ ដែល​បើក​ឲ្យ​កុម្ម៉ង់​ទិញ​ពី​ក្រុមហ៊ុន​រថយន្ត Rolls-Royce ។

​លោក Giles Taylor នាយក​ផ្នែក​រចនា​ម៉ូត បាន​ថ្លែងថា​៖ “​ដូច​ឈ្មោះ​រថយន្ត​នេះ​បានបញ្ជាក់​ស្រាប់​ហើយ Zenith គឺ​នឹង​ក្លាយជា​រថយន្ត​កំពូល ស្ថិតក្នុង​បទដ្ឋាន​ខ្ពស់បំផុត បើ​ធៀប​នឹង​រថយន្ត​ផ្សេងទៀត ។ ស៊េរី Zenith គឺ​នឹង​បញ្ចូល​រាល់​លក្ខណៈពិសេស​បំផុត​នៃ​ម៉ូ​ដែល Phantom Coupe និង Phantom Drophead Coupe ហើយ​នៅមាន​បន្ថែម​លក្ខណៈពិសេស​ផ្សេងទៀត ។ យើង​រំពឹងថា នឹងមាន​តម្រូវការ​ច្រើន​សម្រាប់​រថយន្ត​ដ៏​ប្រណីត​ចំនួន ៥០ គ្រឿង​នេះ​” ។​

​លក្ខណៈពិសេស​ដែល​នឹង​បង្ក​ជា​ភាព​ផ្ញា​ក់​ផ្អើល​រួមមាន Tailgate Hosting Area; ធ្នាក់​ដៃ​ដែលមាន​ឆ្លាក់​ដោយ​កាំរស្មីឡាស៊ែរ បង្ហាញ​ពី​ទីតាំង​ដំបូង​នៃ​ការបង្ហាញ​រថយន្ត​ជា​សាធារណៈ ដូចជា​នៅ 100EX ក្នុង Villa D’Este និង 101EX ក្នុង​ក្រុង​ហ្សឺ​ណែវ​; ប៊ូ​តុង​បញ្ជា​លក្ខណៈ Bespoke និង​ការផលិត​ជាពិសេស​នូវ​ទេវរូប Spirit of Ecstasy ។ អតិថិជន​ម្នាក់ៗ នឹង​ទទួលបាន​នូវ វត្ថុ​អនុស្សាវរីយ៍​ដែល​អាច​កាន់​យួរ​បាន ដែល “​លុយ​មិនអាច​ទិញ​បាន​”  ។ ទន្ទឹមនឹងនេះ រថយន្ត​នឹង​ប្រគល់ជូន​ដល់​អតិថិជន​ទៅតាម​ពណ៌​ដែលជា​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន ។

Phantom VII - ការវិលត្រឡប់​នៃ​កំពូល​រថយន្ត​មហា​ប្រណីត​
​ការសម្ពោធ​រថយន្ត Rolls-Royce  ម៉ូ​ដែល Phantom ជំនា​ន់ទី ៧ កាលពី​ថ្ងៃទី ១ មករា ២០០៣ គឺ​លើសពី​ការបង្ហាញ​នូវ​រថយន្ត​មហា​ប្រណីត​ថ្មី​ទៅទៀត ប៉​ន្តែ វា​ជា​សញ្ញា​បង្ហាញ​ពី​ការវិល​ត្រឡប់មកវិញ​នៃ​ម៉ាក​យីហោ​រថយន្ត​ប្រណីត​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​លោក នា​សតវត្ស​ទី ២១ ហើយ​ក្នុង​រយៈពេល​ដ៏​ខ្លី​មួយប៉ប្រិចភ្នែក រថយន្ត​នេះ​ក៏បាន​ក្លាយខ្លួនជា​កំពូល​រថយន្ត​មហា​ប្រណីត ធ្វើ​ឲ្យ​រថយន្ត​ផ្សេងទៀត​ព្យាយាម​ប្រឹង​តាម ។
​ក្នុង​រយៈពេល ៥ ឆ្នាំ​បន្ទាប់ពី​សម្ពោធ​ជា​ផ្លូវការ ដែល​កាលនោះ​គ្មាន​ការផ្សព្វផ្សាយ​ទូលំទូលាយ ក្រុម​រចនា​ម៉ូត វិស្វករ និង​ក្រុម​ផលិត បាន​អនុវត្ត​ការងារ​លើ​ការបង្កើត​រថយន្ត​កំពូល​របស់ Rolls-Royce និង​រោងចក្រ​ដ៏​ទំនើប​នៅឯ Goodwood Estate ស្ថិតនៅ​ខាងត្បូង​ប្រទេស​អង់គ្លេស ។ ជោគជ័យ​គឺ​គ្មាន​គូរ​ប្រៀប​ក្នុង​ឧស្សាហកម្ម​យានយន្ត ហើយ​ជោគជ័យ​នេះ គឺជា​ភាព​ភ្ញាក់ផ្អើល​សម្រាប់​ម៉ាក​យីហោ​រថយន្ត ដែល​បាន​ជួយ​ទ្រទ្រង់​ដល់​ប្រវត្តិសាស្ត្រ​របស់​យានយន្ត ហើយ​កាលនោះ​ក្តី​រំពឹងទុក​សម្រាប់​ម៉ាក​យីហោ​នេះ គឺ​ខ្ពស់​ក្រៃលែង ។

​ចាប់តាំងពី​ការសម្ពោធ​ជា​លើកដំបូង​មក រថយន្ត Rolls-Royce Phantom បានបង្ហាញ​ខ្លួន​ថា ជា​អ្នក​ស្នង​ដ៏​សក្តិសម សម្រាប់​ការបំពាក់​ទេវរូប Spirit of Ecstasy ។ រាប់​តាំងពី​ប៉ា​ណា​ខាងមុខ រហូតដល់​ផ្នែក​ខាងក្រោយ រថយន្ត​នេះ គឺ​សក្តិ​សមជា​រថយន្ត Rolls-Royce ពិតៗ ។ ទោះ​មើល​ពី​ជ្រុង​ខាង​ណាក៏ដោយ ក៏​រថយន្ត​នេះ​បង្ហាញ​ពី​ភាពស្រស់​ឆើតឆាយ នៅពេល​ស្ថិតនៅលើ​ដងផ្លូវ ដោយ​គ្មាន​រថយន្ត​ណា​អាច​ប្រៀបផ្ទឹម​បានឡើយ ។

​ចាប់តាំងពី​ឆ្នាំ ២០០៥ មក គ្រឿង​បំពាក់ និង​ការច្នៃ​បន្ថែម​ថ្មីៗ​ត្រូវបាន​អភិវឌ្ឍ​ឡើង​សម្រាប់​រថយន្ត Phantom VII​។ ដំបូង គឺ​រថយន្ត Phantom តួ​វែង ហើយ​បន្ទាប់មក Phantom បើក​ដំបូល​ដ៏​ប្រណីត គឺ Phantom Drophead Coupé ក្នុង​ឆ្នាំ ២០០៧ ហើយ​នៅ​ឆ្នាំ ២០០៨ គឺ Phantom Coupé ដែលជា​រថយន្ត ដ៏​អស្ចារ្យ​ពី Rolls-Royce ។​

​រថយន្ត​ដ៏​ស្រស់ស្អាត​ទាំងនេះ គឺមាន​ភាព​ទាក់ទាញ​គ្រប់​សម័យកាល ហើយ​បាន​ក្លាយជា​គ្រឹះ​នៃ​កម្មវិធី​ច្នៃ​កុម្ម៉ង់​រថយន្ត Rolls-Royce បែប Bespoke សម្រាប់​អតិថិជន​ដែលមាន​តម្រូវ​ការខុសៗ​គ្នា ហើយ​បានអនុញ្ញាត​ឲ្យ​អតិថិជន​អាច​កុម្ម៉ង់​នូវ​លក្ខណៈពិសេសៗ​រៀងៗ​ខ្លួន សម្រាប់​រថយន្ត​ដ៏​កំពូល​របស់​ពួកគេ ។ សព្វថ្ងៃនេះ គ្រប់​រថយន្ត​ម៉ូ​ដែល Phantom ដែល​ផលិត​ចេញពី​រោងចក្រ នៅឯ Goodwood  គឺ​ត្រូវបាន​ច្នៃ​កុម្ម៉ង់​បែប Bespoke ផ្សេងៗ​គ្នា​។ ក្នុងនោះ​រួមមាន​ស៊េរី Waterspeed, Aviator, Metropolitan, Maharajh, និង Serenity ជាដើម ដែល​សុទ្ធសឹង​ជា​រថយន្ត​បែប Bespoke ពិសេស របស់​ម៉ូ​ដែល Phantom ដែល​រថយន្ត​នេះ​បាន​ក្លាយជា​រថយន្ត​ដែល​ចំនួន​មានកំណត់​ក្នុង​លោក ហើយ​ជា​រថយន្ត​ដែល​ទទួល​ការស្រលាញ់​ចូលចិត្ត​ជាងគេ​បំផុត ៕

ក្រុមហ៊ុន​រថយន្ត Rolls-Royce បញ្ចប់​ការផលិត​ម៉ូ​ដែល Phantom ជំនា​ន់ទី ៧