ការ​ខ្លាច​បារម្ភ​កាន់តែ​ខ្លាំង​ទាក់ទិន​នឹង​សុវត្ថិភាព​នៅ​ស្តាត​អូឡាំពិក

បំណែក​ខ្លះ​នៃ​របង​ដែក​ព័ទ្ធ​ជុំវិញ​ការដ្ឋាន​សំណង់​នៅ​ជិត​ពហុកីឡាដ្ឋាន​បាន​ដួល​លើ​អ្នក​បើក​ម៉ូតូ​ម្នាក់​និង​អ្នក​ដំណើរ​លើ​ម៉ូតូ​នោះ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​តិចតួច។

លោក មុក បូរុណឆស័ក្ខ នាយ​ប៉ុស្តិ៍​សង្កាត់​វាលវង់​ក្នុង​ខណ្ឌ​៧​មករា បាន​និយាយ​ថា មួយ​ផ្នែក​នៃ​របង​កម្ពស់​ពីរ​ម៉ែត្រ​បាន​រលំ​លើ​ស្ត្រី​ម្នាក់​នៅ​ម៉ោង​ប្រហែល​១០​និង​៣០​នាទី​ព្រឹក ខណៈ​ដែល​ពួកគាត់​បើក​ម៉ូតូ​កាត់​ការដ្ឋាន​សំណង់​អូឡាំពា ស៊ីធី ដែល​កំពុង​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​កម្ពុជា​ក្រៅ​ប្រទេស (OCIC)។

លោក​បាន​និយាយ​ថា “ចង្កៀង​ម៉ូតូ​បាន​បែក ហើយ​ម្ចាស់​ម៉ូតូ​បាន​ទទួល​សំណង និង​មិន​បាន​រង​របួស​ទេ។ បញ្ហា​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ហើយ”។

លោក បូរុណឆស័ក្ខ បាន​និយាយ​ថា អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​អភិវឌ្ឍ​នេះ​មិន​មែន​ជា​ដើមហេតុ​ចំពោះ​គ្រោះថ្នាក់​នេះ​ទេ។

លោក​បាន​និយាយ​ថា “ក្រុមហ៊ុន​បាន​ប្រាប់​ខ្ញុំ​ថា របង​នោះ​បាន​ដួល​ដោយ​ខ្លួន​ឯង​ដោយសារតែ​ខ្យល់​ពី​រថយន្ត​ដែល​បើក​កាត់”។

ទោះជា​យ៉ាង​នេះ​ក្តី គេ​ឃើញ​មាន​ត្រាក់ទ័រ​ចូក​កាយ​មួយ​គ្រឿង​ស្ថិត​នៅ​តែ​ប៉ុន្មាន​ម៉ែត្រ​ពី​របង​ដួល​រលំ​នោះ​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​គេហ​ទំព័រ​ហ្វ្រេស​ញ៉ូ​បាន​រាយការណ៍​ថា គ្រឿង​ចក្រ​នោះ​វាយ​របង រីឯ​នាយ​ប៉ុស្តិ៍​បាន​និយាយ​ថា គេ​មិន​បាន​បើក​វា​ទេ​នៅ​ពេល​មាន​ការ​ដួល​រលំ​នោះ។

លោក ទូច សំណាង នាយក​គម្រោង​របស់​ក្រុមហ៊ុន OCIC បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ទាក់ទិន​នឹង​ឧប្បត្តិ​ហេតុ​នេះ​ទេ។

ឧប្បត្តិ​ហេតុ​នេះ​កើត​ឡើង​១៥​ខែ​ក្រោយពី​ស្ត្រី​អាយុ​៤២​ឆ្នាំ​ម្នាក់​បាន​ស្លាប់ នៅ​ពេល​ដែល​របា​ដែក​មួយ​បាន​ធ្លាក់​ពី​ជាន់​ទី​១២​នៃ​ការដ្ឋាន​នេះ ត្រូវ​ចំ​ក្បាល​គាត់ ខណៈ​ដែល​គាត់​ជិះ​ម៉ូតូ​កាត់​ទី​នោះ។ អ្នក​ស្រី ប៊ុត វណ្ណី កំពុង​ជិះ​ម៉ូតូ​ជាមួយ​កូន​ប្រុស​របស់​អ្នកស្រី​និង​គូ​ដណ្តឹង​របស់​កូន​ប្រុស​អ្នក​ស្រី ដើម្បី​ទៅ​ទិញ​របស់​របរ​សម្រាប់​ពិធី​​មង្គលការ​​អ្នក​ទាំង​ពីរ។

លោក ភឿន ជីវ៉ា អាយុ​១៨​ឆ្នាំ ដែល​លក់​តុក្កតា​សត្វ​នៅ​ទល់​មុខ​របង​នោះ បាន​និយាយ​ថា ការ​ដួល​រលំ​នេះ​បាន​ធ្វើ​ឲ្យ​អារម្មណ៍​របស់​លោក​កាន់តែ​ខ្វល់​ខ្វាយ​ខ្លាំង​ឡើង​ទាក់ទិន​គម្រោង​អូឡាំពា​ស៊ីធី​នេះ ដោយ​បាន​លើក​ឡើង​នូវ​ការ​ស្លាប់​របស់​អ្នក​ស្រី វណ្ណី និង​បាន​បន្ទោស​ចំពោះ​ឧប្បត្តិហេតុ​ទាំង​ពីរ​នេះ​លើ​ក្រុមហ៊ុន OCIC។

លោក​បាន​និយាយ​ថា “ខ្ញុំ​គិត​ថា វា​ជា​កំហុស​របស់​ការដ្ឋាន​សំណង់ ពីព្រោះ​ពួកគេ​មិន​បាន​សង់​របង​នោះ​ឲ្យ​មាំ”។

“ខ្ញុំ រួម​ជាមួយ​ប្រជាជន​ផ្សេងទៀត គិត​ទាំង​ពូ​របស់​ខ្ញុំ​ផង មាន​អារម្មណ៍​ខ្លាច​ខ្លាំង​ឡើង​ឥឡូវ​នេះ ពីព្រោះ​រឿង​នេះ​គឺ​ដូច​មុន​អ៊ីចឹង គឺ​នៅ​ពេល​នោះ​របា​ដែក​​បាន​ធ្លាក់​ចំ​ស្ត្រី​ម្នាក់​នោះ​ស្លាប់”៕ និត

 

The post ការ​ខ្លាច​បារម្ភ​កាន់តែ​ខ្លាំង​ទាក់ទិន​នឹង​សុវត្ថិភាព​នៅ​ស្តាត​អូឡាំពិក appeared first on ខេមបូឌា ដេលី.