សហគមន៍​ព្រៃឈើ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​បារម្ភ​រឿង​អាជ្ញាធរ​រំលោភ​យក​ដី​ព្រៃ

បច្ចុប្បន្ន​ដី​រាប់​ពាន់​ហិកតារ​របស់​សហគមន៍​ព្រៃឈើ​អណ្ដូងបេង ដុងបរ ក្នុង​ស្រុក​បន្ទាយអំពិល និង​ព្រៃ​សហគមន៍​រំដួល​វាសនា នៅ​សង្កាត់​បន្សាយរក្ស ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ត្រូវ​បាន​សហគមន៍​ព្រៃឈើ​ឲ្យ​ដឹង​ថា  បាន​បាត់​បង់​អស់​ដោយសារ​តែ​ទាហាន​ចូល​ទៅ​កាន់កាប់​ធ្វើ​មូលដ្ឋាន​យោធា និង​ប្រជាពលរដ្ឋ​ខ្លះ​ចូល​ទៅ​រុករាន​សង់​ទីលំនៅ​ខុស​ច្បាប់។

ចំណែក​ឯ​សហគមន៍​ព្រៃឈើ​មួយ​ទៀត​ឈ្មោះ​ភ្នំដងរែក សម្រែក​ព្រៃស្រស់ នៅ​ភូមិ​ឈើស្លាប់ ជាប់​ព្រំប្រទល់​គ្នា និង​ព្រៃ​សហគមន៍​រំដួលវាសនា ក៏​កំពុង​ទទួល​រង​ការ​រំលោភ​យក​ដីធ្លី​ដូច​គ្នា​នេះ​ដែរ។

តំណាង​សហគមន៍​ព្រៃឈើ​ភ្នំ​ដងរែក​សម្រែក​ព្រៃស្រស់ នៅ​ឃុំ​គោកខ្ពស់ នៃ​ស្រុក​បន្ទាយអំពិល ព្រម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ និង​ក្រសួង​ពាក់ព័ន្ធ​ខ្លះ​ទៀត ត្រូវ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​មន្ត្រី​មួយ​ចំនួន​ដែល​កំពុង​តែ​ឃុបឃិត​គ្នា​រំលោភ​យក​ដី​ព្រៃ​សហគមន៍​ភ្នំ​ដងរែក សម្រែក​ព្រៃស្រស់​ជា​បន្ទាន់។

​ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ខ្លះ កំពុង​ឃុបឃិត​គ្នា​រំលោភ​យក​ដីព្រៃ​របស់​សហគមន៍​ការពារ​ព្រៃឈើ ភ្នំ​ដងរែក សម្រែក​ព្រៃ​ស្រស់ ជា​ច្រើន​ហិកតារ ទៅ​ចែក​ជូន​អ្នក​ចំណូល​ថ្មី និង​ខ្លះ​ទៀត​បាន​លក់ដូរ​មិន​ស្រប​ច្បាប់។

ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ភ្នំ​ដងរែក សម្រែក​ព្រៃ​ស្រស់ ដែល​ទើបតែ​ជាប់​ឆ្នោត​ថ្មី គឺ​លោក ត្រេន ត្រៃ។ លោក​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែ​កុម្ភៈ ថា តាំងតែ​ពី​ឆ្នាំ​២០០៤ មក សហគមន៍​របស់​លោក​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទទួល​ការពារ​ព្រៃឈើ​ទំហំ​ជាង ១.៦០០​ហិកតារ។ ប៉ុន្តែ​ជា​ច្រើន​ខែ​មក​នេះ អាជ្ញាធរ​ភូមិ​នៅ​សង្កាត់​បន្សាយរក្ស បាន​រំលោភ​យក​ដី​ព្រៃ​ទាំង​នោះ​ទៅ​ចែក​ឱ្យ​ប្រជាពលរដ្ឋ​ខ្លះ និង​លក់​ដូរ​ខុស​ច្បាប់​ខ្លះ។

ប្រធាន​សហគមន៍​ដដែល​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ សហគមន៍​ព្រៃឈើ​ភ្នំ​ដងរែក សម្រែក​ព្រៃស្រស់ ដែល​ជាប់​ព្រំប្រទល់​គ្នា​ជាមួយ​សហគមន៍​រំដួលវាសនា កំពុង​មាន​ប្រជាពលរដ្ឋ​ចូល​ទៅ​រស់​នៅ​ថ្មី​ប្រហែល​ជាង ៦០​គ្រួសារ។ សហគមន៍​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ឱ្យ​ជួយ​ដោះស្រាយ​ជា​ច្រើន​ខែ​មក​ហើយ ក៏ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​អ្វី​ទេ៖ «សហគមន៍​គាត់​មាន​ការ​ព្រួយ​បារម្ភ​ការពារ​ដី​មិន​បាន ចេះ​តែ​មាន​ការ​រំលោភ​មក​ពី​ភូមិ​ត្រពាំងត្រាវ ឃុំ​បន្សាយរក្ស គេ​ស៊ីញ៉េ»

​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ឱ្យ​ដឹង​ថា គេ​ទើបតែ​បាន​ទទួល​បណ្ដឹង​ជុំវិញ​ករណី​រំលោភ​ដីធ្លី​នេះ។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ឧត្តរមានជ័យ លោក ទៀង ដាវិទ្យ មាន​ប្រសាសន៍​ថា លោក​បាន​ចាត់​មន្ត្រី​ឱ្យ​ចុះទៅ​ពិនិត្យ​មើល​នៅ​តំបន់​ព្រៃ​សហគមន៍​ភ្នំ​ដងរែក​សម្រែក​ព្រៃស្រស់​នោះ​ម្ដង​មក​ហើយ ដោយ​ឃើញ​មាន​ប្រជាពលរដ្ឋ​ខ្លះ​ចូល​ទៅ​សង់​លំនៅ និង​កាប់​គាស់​ធ្វើ​ចម្ការ​មែន ក៏ប៉ុន្តែ​លោក​មិន​ទាន់​ប្រាកដ​ថា តើ​តំបន់​នោះ​ស្ថិត​នៅ​ក្នុង​សហគមន៍​ភ្នំ​ដងរែក​សម្រែក​ព្រៃ​ស្រស់​ដែរ ឬ​ក៏​យ៉ាង​ណា​ទេ ពីព្រោះ​វា​មិន​មាន​ទិន្នន័យ​នៅ​ក្នុង​ជី.ភី.អេស (GPS) របស់​រដ្ឋបាល​ព្រៃឈើ៖ «យើង​ទទួល​បាន​ហើយ​ពាក្យ​បណ្ដឹង​ហ្នឹង ក៏ប៉ុន្តែ​យើង​អត់​ទាន់​ច្បាស់​ថា ដី​ហ្នឹង​តើ​វា​ស្ថិត​នៅ​ក្នុង​ដី​សហគមន៍​ដែរ​ឬ​ទេ? តែ​បើ​វា​មាន​មែន​យើង​នឹង​ធ្វើ​លិខិត​ទៅ​ក្រសួង​កសិកម្ម ឱ្យ​ប្រមូល​យក​ដី​ហ្នឹង​មក​វិញ»

​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​គេ​ត្រូវ​ការ​ពេល ២ ឬ ៣​សប្ដាហ៍​ទៅ​មុខ​ទៀត ដើម្បី​ផ្ទៀងផ្ទាត់​ទិន្នន័យ ជី.ភី.អេស រួម​គ្នា​ជាមួយ​សហគមន៍ មន្ត្រី​សុរិយោដី ព្រមទាំង​រដ្ឋបាល​ព្រៃឈើ ឱ្យ​ប្រាកដ​ជា​មុន​សិន​មុន​នឹង​ឈាន​ទៅ​រក​វិធានការ​រឹបអូស​យក​ដី​មក​វិញ។

ទោះ​យ៉ាង​ណា អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន យល់​ថា ការ​ឆ្លើយ​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បែប​នេះ គឺ​គ្រាន់តែ​ជា​ការ​ដោះ​យក​រួច​ខ្លួន ពីព្រោះ​ដី​នេះ​ក្រសួង​កសិកម្ម បាន​ចុះ​កិច្ច​ព្រមព្រៀង​ឱ្យ​សហគមន៍​ការពារ​ជាង ១០​ឆ្នាំ​មក​ហើយ ហេតុ​អ្វី​ក៏​មិន​មាន​ទិន្នន័យ​ក្នុង ជី.ភី.អេស? បញ្ហា​ម្យ៉ាង​ទៀត គឺ​អាជ្ញាធរ​សង្កាត់​បន្សាយរក្ស ក្រុង​សំរោង បែរ​ជា​ហ៊ាន​ស៊ីញ៉េ ប្រគល់​ដី​នៅ​ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល ឱ្យ​ទៅ​ប្រជាពលរដ្ឋ​នោះ គឺ​វា​បាន​រំលោភ​លើ​ដែន​រដ្ឋបាល​ទៅ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។