កត្តា​អ្វីខ្លះ​ដែល​មិន​អាច​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះបាន​?

កត្តា​អ្វីខ្លះ​ដែល​មិន​អាច​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះបាន​?

​ប្រសិនបើ​អ្នក​កំពុង​តែ​ព្យាយាម ក្នុង​ការ​មាន​ផ្ទៃពោះ ហើយ​នៅតែ​មិនទាន់​បាន​ជោគជ័យ នោះ​អ្នក​មិន​ចាំ​មាន​ការសង្ស័យ ក្នុងការ​ចាប់ផ្តើម​ធ្វើកា​រ​ព្រួយបារម្ភ​ថា ហេតុ​អ្វី​នោះ​ទេ​?  នេះ​គឺជា​សំណួរ ដ៏​ល្អ​បំផុត ក្នុង​ការស្វែងរក​នូវ​ការណែនាំ​ពី គ្រូពេទ្យ​របស់​អ្នក ប៉ុន្តែ​មូលហេតុ​ដែល​តែងតែ​កើតមាន ជាទូទៅ​មួយ​ចំនួន ដែល​ធ្វើអោយ​ស្ត្រី​មិន​អាច​មានគភ៌​បាន​។​ខាងក្រោម​នេះ គឺជា​កត្តា​មួយចំនួន​ដែល​អាច​រារាំង​ដល់​ការ​មាន​ផ្ទៃពោះ​របស់​ស្ត្រី​៖
 
     ​•​អាយុ​របស់​ស្ត្រី​។ ខុស​ពី​បុរស សម្ថ​ភាព​មាន​កូន​របស់​ស្ត្រី នឹង​ត្រូវបាន​កាត់បន្ថយ ទៅតាម​អាយុ​។ តាម​ការបកស្រាយ របស់​ស្ថិតិ បាន​និយាយ​ជាពិសេស​ថា ស្ត្រី​ហាក់​នឹង​មិន​សូវ អាច​មានគភ៌​បាន ជា​រៀងរាល់ឆ្នាំ បន្ទាប់ពី​ពួកគេ​បាន​ឆ្លង​ផុត​វ័យ ៣០​ឆ្នាំ ។​
 
     ​•​កត្តា​ស្ត្រេ​ស​។ ស្ត្រេ​ស មិនមែន​គ្រាន់តែ​ជា ស្ថានភាព​ផ្លូវចិត្ត​តែ​ម្យ៉ាង​នោះទេ វា​ក៏​បាន​ជះឥទ្ធិពល ទៅដល់​សុខភាព​រាងកាយ​របស់​អ្នក​បាន​ផង​ដែរ​។ កម្រិត​ដ៏​ខ្ពស់​នៃ​ស្ថានភាព​ស្ត្រេ​ស គឺ​អាច​នឹង បង្អាក់​ដល់ សម្ថ​ភាព​ក្នុង​ការបង្ក​កំណើត​របស់​អ្នក​។​
 
 
     ​•​បរិមាណ​មេ​ជីវិត​ឈ្មោល ទាប​។ បញ្ហា​នៃ​សម្ថ​ភាព​ក្នុង​ការបង្ក​កំណើត អាច​នឹង​មិន​ស្ថិត​នៅ​តែ​លើ មនុស្ស​ស្រី​ទេ ប៉ុន្តែ​វា​អាច​ដោយសារតែ បញ្ហា​របស់​ដៃគូ​នាង​។

     ​•​បញ្ហា​របស់​អរ​ម៉ូ​ន ។ វេជ្ជបណ្ឌិត អាច​នឹង​ធ្វើ​ការតាមដាន នៅ​លើ​រាល់​បញ្ហា ដែល​មាន​ទំនាក់ទំនង ជាមួយនឹង អរ​ម៉ូ​ន និង ជួយ​អ្នក​ក្នុងការ ដោះស្រាយ​វា​ដោយ​ការប្រើ​ឱសថ ឬ ធ្វើការ​ផ្លាស់ប្តូរ​នូវ ទំលាប់​នៃ​ការរស់នៅ​ជា​ប្រចាំ​ថ្ងៃ មួយចំនួន​។ មាន​ឱសថ​តាម​វេជ្ជបញ្ជា​មួយចំនួន ដែល​អាច​ប្រើ សម្រាប់​ជម្រុញ​អោយ​មាន​ការបញ្ចេញ​អូវុល ឬ ជួយ​ក្នុង​ការ​លៃ​តម្រូវ វដ្ត​ឈាមរដូវ​របស់​ស្ត្រី​។​
 
     ​•​ការជក់បារី ឬ ការប្រើប្រាស់​ថ្នាំ​។ វា​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា ការជក់បារី​ជា​ទៀត​ទាត់ អាច​កាត់ បន្ថយ​នូវ​ឱកាស របស់​ស្ត្រី ក្នុង​ការបង្ក​កំណើត​។ ប្រសិនបើ​អ្នក​ជា​អ្នក​ជក់បារី នោះ​ការបញ្ឈប់ នឹង​អាចជួយ​ធ្វើ អោយ​ឱកាស​នៃ​ការ​មានគភ៌​អ្នក នឹង​មាន​ភាព​ប្រសើរ​ជាង​មុន​បាន​។​
 
     ​•​ថ្នាំ​តាម​វេជ្ជបញ្ជា​។  ដោយ​គ្រាន់តែ ការចេញ​វេជ្ជបញ្ជា របស់​គ្រូពេទ្យ អោយ​អ្នកប្រើប្រាស់​ថ្នាំ គឺ​មិន​ប្រាកដថា ថ្នាំ​នោះ​មាន​សុវត្ថិភាព សម្រាប់​ការព្យាយាម​មានគភ៌​នោះទេ​។ ចូរ​ប្រាកដថា គ្រូពេទ្យ​របស់​អ្នក បានដឹង​ថា​អ្នក​កំពុង​រំពឹង​ចង់​បាន​កូន និង ធ្វើ​ការបញ្ជាក់​ផងដែរ​ថា ឱសថ​តាម វេជ្ជបញ្ជា​ទាំងនោះ គឺ​មាន​សុវត្ថិភាព សម្រាប់​ការ​មាន​គភ៌ និង មិន​ហាក់ជា​បង្អាក់​ដល់ ដំណើរការ​នៃ​ការ​ពរ​ពោះ​នោះទេ ។​
 
     ​•​ការ​រាំងខ្ទប់​នៅ ក្នុង​បំពង់​ដៃ​ស្បូន​។ វា​អាច​ដោយសារតែ​មាន ឧបសគ្គ​ផ្នែក​រាងកាយ ចំពោះ​ស៊ុត បង្ក​កំណើត ក្នុង​ការ​មាន​លទ្ធភាព​ធ្វើដំណើរ​មក​កាន់​តួ​ស្បូន និង ចាប់ផ្តើម​រីក​លូតលាស់​។ គ្រូពេទ្យ អាច​នឹង​ធ្វើ​ការវិនិច្ឆ័យ​នូវ​បញ្ហា​នេះ និង ធ្វើ​ការប្រឹក្សា​ជាមួយ​អ្នក អំពី​វិធី​ដោះស្រាយ​នូវ រាល់​បញ្ហា​នេះ ដែល​អាច​រួមមាន​ផងដែរ​នូវ ទម្រង់​ការវះកាត់​តូច​មួយ ដើម្បី​យក​ឧបសគ្គ នេះ​ចេញ​។​
 
     ​•​ពេលវេលា នៃ​ការ​រួមដំណេក​។ កត្តា​មួយ​ផ្សេងទៀត ដែល​អ្នក​គួរ​ធ្វើការ​ពិចារណា គឺ​ត្រូវ​សួរថា តើ​នៅពេល​ណា ដែល​អ្នក​បាន​ធ្វើការ​រួម​ដំណេក​។ មនុស្ស​ភាគច្រើន​ដែល​មាន​សម្ថ​ភាព ក្នុងការ បង្ក​កំណើត នឹង​មិន​អាច​ពរ​ពោះ​បាន​នោះ​ទេ ប្រសិន​បើ​ពួកគេ មិន​បាន​ធ្វើការ​រួមដំណេក នៅក្នុង ពេលវេលា​ត្រឹមត្រូវ នៃ​ដំណើរ​វដ្ត​ឈាមរដូវ​របស់​ស្ត្រី​។ ប្រសិនបើ​អ្នក​មិន​ច្បាស់​ពី​បញ្ហា​នេះ នោះ​អ្នក​អាច​ធ្វើ​ការតាមដាន ពី​ពេលវេលា​នៃ​ការ​រួមដំណេក ដើម្បី​បញ្ជាក់​ពី​ថ្ងៃ​បញ្ចេញ​អូវុល ដែល​អាច​អោយ​អ្នក​មាន​កូន​បាន និង ចូរ​ប្រាកដថា ពេលវេលា​នឹង​មិន​ជា​បញ្ហា​សម្រាប់​អ្នក នោះ​ទៀត​ទេ ។​
 
     ​•​ការ​ធាត់​ជ្រុល ឬ អតុល្យភាព​របស់​អាំង​ស៊ុយ​លីន ។ សម្រាប់​ស្ត្រី​មួយចំនួន ដែល​លើស​ទំងន់  នោះ​រាល់​ការ​សម្រក​ទំងន់ មិន​ថា ត្រឹមតែ ១០​ភាគរយ ក៏​អាច​នឹង​បង្កើន​ឱកាស​នៃ​ការ​មាន​គភ៌ របស់ ពួកគេ​បាន​បាន​ផង​ដែរ​៕

​ប្រែ​សម្រួល​ដោយ ៖ ម៉ា​រ៉ាណែត​

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។