គ្រឿង​សង្ហា​រឹម​ធ្វើ​ពី​វ​ល្លិ៍​រពាក់​របស់​ខ្មែរ​នាំ​ចេញទៅ​ទីផ្សារ​អាមេរិក​

​សៀមរាប​៖ សិប្បកម្ម​មួយកន្លែង​នៅ​ទីក្រុង​សៀមរាប បាននិងកំពុង​ផលិត​សម្ភារ​ធ្វើ​ពីរ​ពាក់​អស់​រយៈពេល​២០​ឆ្នាំ​មកហើយ​។ Baskets of Cambodia គឺ​សិប្បកម្ម​មួយ ដែលមាន​ថៅកែ​ជា​ជនជាតិ​បរទេស ហើយ​រាល់​សម្ភារ​ដែល​ផលិត​បាន ត្រូវបាន​នាំ​ចេញទៅ​ទីផ្សារ​សហរដ្ឋអាមេរិក​។

Baskets of Cambodia គឺជា​រោង​សិប្បកម្ម​ធ្វើ​ពី​ដៃ​សុទ្ធសាធ​។ សិប្បកម្ម Baskets of Cambodia មាន​ទីតាំងនៅ​ភូមិ​មណ្ឌល​៣ បាន​ផលិត​សម្ភារ​មួយចំនួន មាន​ជាល និង​កន្ត្រក​។ អ្វីដែល​ពិសេស​នោះ គឺ​សម្ភារ​ទាំងអស់ ត្រូវបាន​ច្នៃ​ចេញពី​វ​ល្លិ៍​រពាក់​។ វ​ល្លិ៍​រពាក់ អាច​ច្នៃ​ជា​របស់​ប្រើប្រាស់​ជាច្រើន​មុខ ចំណែក​រពាក់​ទុំ​ក៏​អាច​ហូប​បាន​ផងដែរ​។​

​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦ Baskets of Cambodia បាន​បង្កើត​មុខរបរ​ដល់​ស្ត្រី​ជាច្រើន​នាក់​នៅ​ទីក្រុង​សៀមរាប ឲ្យ​មាន​ជំនាញ​ផ្ទាល់ខ្លួន​។ មាន​ស្ត្រី​ប្រមាណ​២០​នាក់ កំពុងធ្វើការ​នៅ​រោង​សិប្បកម្ម យីហោ Baskets of Cambodia​។ ក្រៅពីនេះ ក៏មាន​ស្ត្រី​ប្រមាណ​២០០​នាក់​ទៀត ដែល​កំពុង​ធ្វើ​សម្ភារ​ពីរ​ពាក់​នៅតាម​ផ្ទះ ហើយ​ដែល​ត្រូវបាន​ប្រមូល​ទិញ​ដោយ Baskets of Cambodia​។

​លោក ថូ បារាំង អ្នកគ្រប់គ្រង Baskets of Cambodia នៅ​ទីក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា រោង​សិប្បកម្ម​របស់លោក គឺ​ផលិតផល​សម្ភារ​មួយចំនួន មាន​ជាល និង​កន្ត្រក ចំណែក​សាខា​នៅ​ភ្នំពេញ មាន​ផលិត​កាបូប ដោយ​ធ្វើ​ពី​កក់​។ យ៉ាងណា ផលិតផល​ទាំងអស់ មិនមាន​លក់​នៅ​ទីផ្សារ​ក្នុងស្រុក​ទេ បើ​មាន​ក៏​ក្នុងតម្លៃ​ថ្លៃ​ផងដែរ​។

​ការផលិត​ដោយ​ផ្តោតលើ​គុណភាព ជា​មួល​ហេតុ​ធ្វើ​ឲ្យ Baskets of Cambodia មិនអាច​លក់​ក្នុង​លើ​ទីផ្សារ​ក្នុងស្រុក​បាន​។ លោក បារាំង ពន្យល់ថា សម្ភារ​ធ្វើ​ពីរ​ពាក់​ក្នុង​រោង​សិប្បកម្ម Baskets of Cambodia គឺមាន​ស្តង់ដា​ពិតៗ និង​លក់​ក្នុងតម្លៃ​ខ្ពស់ ដែល​មិន​សមស្រប​នឹង​ការចង់បាន​របស់​អតិថិជន​ក្នុងស្រុក​។ លោក បារាំង​បន្ថែម​៖«​ទីផ្សារ​របស់​យើង​គឺ​នៅ​សហរដ្ឋអាមេរិក​តែមួយ​។ ក្នុងស្រុក យើង​មាន​លក់​នៅ​រោង​សិប្បកម្ម​ខ្លះៗ​ដែរ ប៉ុន្តែ​ភាគច្រើន​មានតែ​ភ្ញៀវ​បរទេស​ប៉ុណ្ណោះ​ដែល​ចូល​ទិញ​។ ដូចជា​កន្ត្រក​មួយឈុត ដែល​បាន​៥​កន្ត្រក យើង​លក់​តម្លៃ ៩៥​ដុល្លារ និង​កាបូប​មានតម្លៃ​ចាប់ពី​២០​ដុល្លារ​ឡើង​»​។

​សម្រាប់​ការប្រមូលទិញ​រពាក់​វិញ លោក បារាំង បញ្ជាក់ថា លោក​បាន​ប្រមូល​ទិញ​ពី​ពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ​។ រពាក់​នៅ​កំពង់ធំ គឺ​វែងៗ ខុសពី​រពាក់​នៅ​សៀមរាប ដែល​ផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ពី​វែង​ទៅ​ខ្លីៗ ដូច្នេះ​គេ​មិនអាច​ប្រើ​វា ដើម្បី​ផលិត​សម្ភារ​ល្អ​បាន​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់លោក បារាំង មុននឹង​បន្តថា រពាក់​នៅ​កំពង់ធំ​មាន​ប្រវែង​ចាប់ពី ៥​ម៉ែត្រ​ឡើង ចំណែក​រពាក់​នៅ​សៀមរាប ប្រវែង​ត្រឹម​១​ម៉ែត្រ​តែប៉ុណ្ណោះ​។

«​យើង​ទិញ​រពាក់​ពី​អ្នកភូមិ ក្នុង​មួយ​បាច់​ដែលមាន​ប្រហែល​១០០​រពាក់ ក្នង​តម្លៃ​ខ្ទង់ ៣៣០០​រៀល​។ ក្នុង​មួយខែៗ សិប្បកម្ម​យើង​មាន​តម្រូវការ​រពាក់​ប្រមាណ ១៥០០​បាច់​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក បារាំង ដែល​លោក​ថា មុននឹង​យក​រពាក់​មក​ធ្វើ​សម្ភារ​បាន គឺ​ត្រូវបាន​ប្រើពេល​រហូតដល់​៥​ថ្ងៃ ដើម្បី​ហាល និង​សម្អាត​វា​ឲ្យ​ស្អាត​។ ចំពោះ​គុណភាព​រពាក់​វិញ លោក បារាំង ដែលមាន​មាឌ​មាំ អះអាងថា​ប្រហាក់ប្រហែល​នឹង​វ​ល្លិ៍​ផ្ដៅ​ដែរ គឺអាច​ប្រើប្រាស់​បានយូរ​ដូចគ្នា​។​

​កន្ត្រក ដែល​ត្បាញ​ពីរ​ពាក់ កំពុងមាន​ការពេញនិយម​នៅតាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​មួយចំនួន​។ ពួកគេ​ប្រើប្រាស់​ដើម្បី​ដាក់​សំលៀកបំពាក់ ដាក់​ផ្លែឈើ​។​ល​៕

ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​