ការ​ស្រាវជ្រាវ​បង្គោល​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​រង​ការ​រិះគន់​ថា​មិន​មាន​លក្ខណៈ​វិទ្យាសាស្ត្រ

គណៈកម្មាធិការ​ព្រំដែន​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង ហៅ​ការ​សិក្សា​ពី​ការ​បោះ​បង្គោល​ព្រំដែន​របស់​ក្រុម​ស្រាវជ្រាវ​អំពី​បង្គោល​ព្រំដែន នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ថា​មិន​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ទេ។

គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រចាំ​ប្រទេស​បារាំង ថ្លែង​បែប​នេះ បន្ទាប់​ពី​បាន​ជួប​ជំនុំ​គ្នា​រយៈពេល​បី​ថ្ងៃ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ជាមួយ​នឹង​តំណាង​រាស្ត្រ​ពី​ខាង​គណបក្ស​ប្រឆាំង ដែល​សកម្ម​ក្នុង​កិច្ចការ​ព្រំដែន គឺ​លោក អ៊ុំ សំអាន។

ក្រុម​ស្រាវជ្រាវ​អំពី​បង្គោល​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ដែល​ដឹក​នាំ​ដោយ លោក សុខ ទូច បាន​ចុះ​ស្រាវជ្រាវ​អំពី​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម អស់​រយៈពេល​ជាង ៧​ខែ។ ថ្មីៗ​នេះ លោក​បាន​ប្រកាស​ថា វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​ចូល​ទឹក​ដី​កម្ពុជា ចន្លោះ​ពី ៥​ម៉ែត្រ​ទៅ ៥០​ម៉ែត្រ​នៅ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ឆ្នាំ​១៩៨៥-១៩៨៧ ហើយ​ថា ភាគី​កម្ពុជា កន្លែង​ខ្លះ​ក៏​បាន​បោះ​បង្គោល​ព្រំដែន​ចូល​ទៅ​ទឹក​ដី​វៀតណាម វិញ​ដែរ។

ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​នានា​ចំពោះ​ក្រុម​ស្រាវជ្រាវ​របស់​លោក លោក​បញ្ជាក់​ទៀត​ថា ការ​សិក្សា​ស្រាវជ្រាវ​របស់​ស្ថាប័ន​លោក មាន​បំណង​ស្វែងរក​សុក្រឹតភាព​នៃ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម មិន​មែន​ជា​ឧបករណ៍​នយោបាយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។