ពលរដ្ឋ​ខក​ចិត្ត​នឹង​ក្រុមហ៊ុន ING ដែល​មិន​ព្រម​ផ្ដល់​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប

ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ​មក​ពី​សហគមន៍​ភូមិ​ព្រែកតាគង់១ និង​ភូមិ​ខ្វារ បាន​សម្រេច​ចិត្ត​នាំ​គ្នា​ដើរ​ចេញ​ពី​កិច្ច​ពិភាក្សា​មួយ​រវាង​ភាគី​ក្រុមហ៊ុន អាយ.អិន.ជី (ING Holding) និង​អាជ្ញាធរ​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ នេះ។ ការ​សម្រេច​ដើរ​ចេញ​នេះ បន្ទាប់​ពី​ពលរដ្ឋ​ខក​ចិត្ត​ចំពោះ​ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ មិន​ព្រម​ផ្ដល់​ព័ត៌មាន​ច្បាស់​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី​នៅ​តំបន់​បឹងទំពុន និង​បឹង​ជើងឯក។

ពលរដ្ឋ​មក​ពី​សហគមន៍​ភូម​ព្រែកតាគង់១ និង​ភូមិ​ខ្វារ មក​ពី​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ អះអាង​ថា ក្រុមហ៊ុន អាយ.អិន.ជី និង​អាជ្ញាធរ មិន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ដែល​ថា​នឹង​បើក​វេទិកា​សាធារណៈ​ពន្យល់ និង​ផ្តល់​ព័ត៌មាន​ឲ្យ​ច្បាស់​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី នៅ​តំបន់​បឹងទំពុន និង​បឹង​ជើងឯក នោះ។

តំណាង​ពលរដ្ឋ​ភូមិ​ព្រែកតាគង់១ លោកស្រី ចាន់ ស្រីអូន ឲ្យ​ដឹង​ថា ពលរដ្ឋ​មក​ជួប​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន​នៅ​ពេល​នេះ តាម​ការ​សន្យា​របស់​ក្រុមហ៊ុន​ដែល​ថា នឹង​បើក​វេទិកា​សាធារណៈ ដើម្បី​ផ្តល់​ព័ត៌មាន​ពី​គម្រោង​នេះ​ជូន​ពលរដ្ឋ ប៉ុន្តែ​ក្រុមហ៊ុន និង​អាជ្ញាធរ បែរ​ជា​ស្នើ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​យក​ឯកសារ​ប្លង់​ដី និង​ផ្ទះ ទៅ​បញ្ជាក់ និង​ដាក់​ជូន​ក្រុមហ៊ុន និង​ខណ្ឌ​ទៅ​វិញ។ លោកស្រី​ថា ការ​មិន​ព្រម​ផ្តល់​ព័ត៌មាន​របស់​អាជ្ញាធរ និង​ក្រុមហ៊ុន​ពី​គម្រោង​នេះ គឺ​ជា​ការ​គេចវេះ និង​បង្វែរ​រឿង មិន​មាន​ឆន្ទៈ​ដោះស្រាយ​ជូន​ពលរដ្ឋ​ប៉ុណ្ណោះ៖ «»

ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ពលរដ្ឋ​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ និង​ក្រុមហ៊ុន​ដែល​មិន​ព្រម​ផ្ដល់​ព័ត៌មាន​ពី​គម្រោង​នេះ ព្រោះ​ពលរដ្ឋ គឺ​គ្រាន់​តែ​សុំ​ឲ្យ​ក្រុមហ៊ុន​បកស្រាយ​ឲ្យ​ច្បាស់​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន ថា​មាន​គម្រោង​អ្វី​ខ្លះ? តើ​ទីតាំង​ជាក់លាក់​នៅ​កន្លែង​ណា? ហើយ​ថា តើ​មាន​គ្រួសារ​ប៉ុន្មាន​ដែល​នឹង​រង​ផល​ប៉ះពាល់​ពី​គម្រោង​នោះ?

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​រង​ខណ្ឌ​មានជ័យ ដែល​ចូលរួម​កិច្ច​ប្រជុំ​នោះ លោក ឡុង ង៉ែត មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​នៅ​ពេល​ពលរដ្ឋ​នាំ​គ្នា​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​នេះ ប៉ុន្តែ​លោក​ថា មូលហេតុ​ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន​ស្នើ​ឲ្យ​ពលរដ្ឋ​យក​ឯកសារ​បញ្ជាក់​ដីធ្លី មក​ចុះ​បញ្ជី​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន និង​ខាង​ខណ្ឌ​នៅ​ពេល​នេះ គឺ​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អាជ្ញាធរ ដើម្បី​ចង់​ដឹង​ពី​ចំនួន​គ្រួសារ​អ្នក​រស់នៅ​ទីនោះ បន្ទាប់​មក​នឹង​ចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំង​របស់​ពលរដ្ឋ​រស់នៅ​ផ្ទាល់។ អាជ្ញាធរ​មិន​អាច​បញ្ជាក់​ពី​ទំហំ​ប៉ះពាល់​ដល់​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​នៅ​ឡើយ ដរាប​ណា​ពលរដ្ឋ​មិន​បាន​ផ្តល់​ឯកសារ​បញ្ជាក់​ដីធ្លី​របស់​ខ្លួន៖ «»

ទន្ទឹម​គ្នា​នេះ តំណាង​ក្រុមហ៊ុន អាយ.អិន.ជី លោក កែវ សូថា ឆ្លើយ​តប​ថា ក្រុមហ៊ុន​មិន​មាន​កាតព្វកិច្ច​ដោះស្រាយ​បញ្ហា​នេះ ហើយ​ក៏​មិន​អាច​បកស្រាយ​យ៉ាង​ណា​ពី​គម្រោង​នេះ​ឡើយ។ លោក​ថា ការ​ដោះស្រាយ ឬ​ផ្ដល់​ព័ត៌មាន​យ៉ាង​ណា គឺ​ជា​កាតព្វកិច្ច​របស់​សាលា​ក្រុង​ភ្នំពេញ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​រូប​នេះ ស្នើ​ឲ្យ​ពលរដ្ឋ​គួរ​តែ​អនុវត្ត​តាម​ការ​ស្នើសុំ​របស់​អាជ្ញាធរ​ខណ្ឌ៖ «»

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ក៏​មិន​អាច​បញ្ជាក់​ពី​ទំហំ​ប៉ះពាល់​គ្រួសារ​ពលរដ្ឋ​ប៉ុន្មាន​នៅ​ឡើយ​ពី​គម្រោង​នេះ ប៉ុន្តែ​លោក​ថា មន្ត្រី​ជំនាញ​នឹង​សិក្សា​ពី​ផល​ប៉ះពាល់​នេះ បើ​មាន​លិខិត​ផ្លូវ​ការ​ពី​ក្រុម​ពលរដ្ឋ​ដែល​បញ្ជាក់​ពី​ខណ្ឌ៖ «»

ចំណែក​ឯ​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ឲ្យ​ដឹង​ថា តាម​ទិន្នន័យ​ដែល​លោក​ទទួល​បាន​កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន អាយ.អិន.ជី អភិវឌ្ឍ​នៅ​តំបន់​បឹងទំពុន ប្រមាណ​ជាង ២.០០០​ហិកតារ ដែល​នឹង​ប៉ះពាល់​ជិត ១.០០០​គ្រួសារ។ លោក សៀ ភារម្យ ស្នើ​ឲ្យ​រដ្ឋាភិបាល គួរ​តែ​ផ្តល់​ព័ត៌មាន​ជាក់លាក់​ណា​មួយ​ជុំវិញ​គម្រោង​នេះ​ជូន​ពលរដ្ឋ៖ «»

ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គាត់​ជាង ៣០០​គ្រួសារ បាន​រស់​នៅ​តំបន់​បឹងទំពុន និង​បឹង​ជើងឯក ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ។ ពលរដ្ឋ​មិន​ចង់​បាន​សំណង​ដែល​ជា​ថ្នូរ​ដោះ​ដូរ​នឹង​ការ​បណ្ដេញ​ចេញ​នោះ​ឡើយ គឺ​នៅ​តែ​ប្រកាន់​ជំហរ​បន្ត​តវ៉ា​រហូត​មាន​ការ​បកស្រាយ និង​ផ្តល់​ព័ត៌មាន​ច្បាស់លាស់​ណា​មួយ​ពី​អាជ្ញាធរ និង​ក្រុមហ៊ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។