កម្មការិនី ២១នាក់ ដួលសន្លប់ នៅសហគ្រាស គ្រឹះស្ថាន ហ្វាយស្តារខេតថិនហ្កាមេន (ខេមបូឌា) លីមីតធីត ក្នុងខេត្តតាកែវ

តាកែវ៖ យ៉ាងហោចណាស់កម្មការិនី ចំនួន២១នាក់ ក្នុងចំណោម កម្មករ៥៤៣នាក់ នៅក្នុងនៅសហគ្រាសគ្រឹះស្ថាន ហ្វាយស្តារខេតថិនហ្កាមេន (ខេមបូឌា) លីមីតធីត បានដួលសន្លប់ នៅម៉ោងប្រមាណ ៧៖៣៥នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តកាកែវ។ នេះបានតាមការបញ្ជាក់របស់ក្រុមការងារ ទប់ស្កាត់ករណីសន្លប់របស់កម្មករ និយោជិត និងបង្ការគ្រោះថ្នាក់ការងារ ហៅកាត់ថា ទ.ស.ប.ក។

បើតាម ទ.ស.ប.ក បានឲ្យដឹងទៀតថា មូលហេតុដំបូង នៃគ្រោះថ្នាក់ នៅម៉ោង ៧៖៣៥នាទី ព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ មានកម្មការិនីម្នាក់ឈ្មោះ ពេជ្រ ចិន្តា ធ្វើការនៅ ផ្នែកដេរ ក្រុមបេ១ មានអារម្មណ៍រវើរវាយ (ដូចខ្មោចូល) បន្ទាប់មកមានកម្មករផ្សេងៗ មានការភិតភ័យ ត្រជាក់ចុងដៃចុងជើង ទន់ដៃទន់ជើង ត្រូវបានបញ្ជូនទៅ កាន់គ្លីនិក ជា សុខលឹម រហូតដល់ចំនួន២១នាក់ គិតត្រឹមម៉ោង ៤៖០០នាទី រសៀល។

ក្រុមការងារ ទ.ស.ប.ក បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីបានចុះទៅពិនិត្យទំាងក្នុង និងក្រៅរោងចក្ររួចមក ក្រុមការងារ សង្កេតឃើញថា មូលហេតុនៃករណី សន្លប់នេះបណ្តាលមកពី ការរៀបចំទុកដាក់ផលិតផលគរខ្ពស់ លំហូរខ្យល់កម្មករអង្គុយ និងឈរធ្វើការ ធ្វើឲ្យមានការកើនឡើងកំដៅ នៅចំណុចកន្លែងកើតហេតុ ព្រមទំាងកំទេចកំទីក្រណាត់ និងធូលីនៅតាមប្រព័ន្ធកង្ហារបឺតខ្យល់ ចេញចូលក្នុងរោងចក្រ៕

កម្មការិនី ២១នាក់ ដួលសន្លប់ នៅសហគ្រាស គ្រឹះស្ថាន ហ្វាយស្តារខេតថិនហ្កាមេន (ខេមបូឌា) លីមីតធីត ក្នុងខេត្តតាកែវ