លោក ហ៊ុយ វណ្ណៈ ជា​ប្រធាន​ក្រុម​តាមដាន​ហ្វេ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី សម្រាប់​ក្រសួងមហាផ្ទៃ

លោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ត្រូវបាន​សម្តេច ស ខេង តែងតាំង ជា​ប្រធាន​ក្រុមការងារ​តាមដាន មតិ​សាធារណជន​លើ​ទំព័រ ហ្វេ​ស​ប៊ុ​ក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ក្រសួងមហាផ្ទៃ។ នៅក្នុង​សេចក្តីសម្រេច​ចុះ​ថ្ងៃទី២៣ខែកុម្ភៈ របស់​ក្រសួងមហាផ្ទៃ មាន​មន្ត្រី​ចំនួន១២រូប ដែលត្រូវបានតែងតាំង​ឲ្យ​តាមដាន​មតិ​សាធារណជន​លើ​ទំព័រ ហ្វេ​ស​ប៊ុ​ក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

បើតាម​សេចក្តីសម្រេច​នេះ មន្ត្រី​ទាំង១២រូប ដែលមាន​តួនាទី​តាមដាន​មិ​ត​មហាជន​លើ Facebook នាយករដ្ឋមន្ត្រី រួមមាន១. លោក ហ៊ុយ វណ្ណៈ​អនុរដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​(ប្រធាន)  ២. លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គស្នងការ​នគរបាល​ជាតិ(អនុប្រធាន) ៣. លោក ប៉ៅ ភក្តិ លេខាធិការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ (អនុប្រធាន) ៤. លោកស្រី កៅ សុខ​ម៉ា​រ៉ា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល(សមាជិក) ៥. លោក ហួន ច័​ន្ធ​កក្កដា អគ្គាធិការរង នៃ​អគ្គាធិការដ្ឋាន(សមាជិក) ៦. លោក នុត សវ​នា អគ្គនា​យករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ(សមាជិក) ៧. លោក កែវ វណ្ណ​ថន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍(សមាជិក) ៨. លោក ចាន់ គឹម​សេង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម (សមាជិក) ៩. លោក ឯក មនោ​សែន អនុប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​ជា​ប្រធាន នាយកដ្ឋាន​បណ្តុះបណ្តាល(សមាជិក) ១០. លោក ប៉ាង រ៉ាស៊ី អនុប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម(សមាជិក) ១១. លោក ម៉ែន សុ​រិ​យ៉​ន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង (សមាជិក) និង១២. លោក ចេ​ន ចាន់​តុង ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​អប់រំ(សមាជិក) ។

ក្រុមការងារ​តាមដាន​ប្រព័ន្ធ​ទំនាក់ទំនង​បណ្តាញ​សង្គម​facebook សម្តេចនាយក​រដ្ឋមន្ត្រី មាន​តួនាទី ភារកិច្ច តាមដាន និង​ឆ្លើយតប​តាម​ជំនាញនីមួយៗ ស្របតាម​គោលការណ៍​របស់​ក្រសួង​ម​ហ​ផ្ទៃ ចំពោះ​មតិ​របស់​មហាជន ដែល​បង្ហោះ​នៅ​ហ្វេ​ស​ប៊ុ​ក​សម្តេច ពាក់ព័ន្ធ​នឹង​វិស័យ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ។ នេះ​ជាការ​បញ្ជាក់​របស់​សេចក្តី​សម្រេច ដដែល។

សូមបញ្ជាក់ថា ចាប់តាំងពី​មានបញ្ជារបស់​សម្តេច ហ៊ុន សែន ឲ្យរដ្ឋមន្ត្រី និង​មន្ត្រី​ពាក់ព័ន្ធ​តាម​ក្រសួង​នានា ចាត់តាំង​មន្ត្រី​ក្រុមការងារ​តាមដាន​រាល់​បញ្ហា​របស់​ពលរដ្ឋ​ ដែល​បាន​ចូល​ទំព័រ Facebook របស់​សម្តេច ដើម្បី​យកមក​ដោះស្រាយ​ឲ្យ​ទាន់ពេលវេលា កាលពី​ថ្ងៃទី០៨ ខែកុម្ភៈ​មក រដ្ឋមន្ត្រី និង​មន្ត្រី​ពាក់ព័ន្ធ​តាម​ក្រសួង​នានា បានតែងតាំង​មន្ត្រី​របស់ខ្លួន​ជា​បន្តបន្ទាប់។ ក្រសួង ស្ថាប័ន​ទាំងនោះ​រួមមាន  ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួងពាណិជ្ជកម្ម  ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និងរដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ជាដើម៕

ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​