អ្នក​តាម​ដាន​នយោបាយ​ស្នើ​រដ្ឋាភិបាល​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​ទំនាក់ទំនង​កម្ពុជា-ថៃ

ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ស្នើ​ទៅ​រដ្ឋាភិបាល ប្រុង​ប្រយ័ត្ន​ចំពោះ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ថៃ ដោយ​លើក​ឡើង​ថា ភាគី​ថៃ តែង​និយាយ​ផ្សេង ធ្វើ​ផ្សេង។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល ច្រាន​ចោល​ការ​លើក​ឡើង​បែប​នេះ ដោយ​អះអាង​ថា ទំនាក់ទំនង​រវាង​កម្ពុជា កាន់​តែ​មាន​ដំណើរ​ការ​ល្អ។

ការ​លើក​ឡើង​របស់​ក្រុម​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​ពេល​នេះ ខណៈ​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ មហា​ចក្រី សិរិនថន (MAHA CHAKRI SIRINDHORN) ព្រះរាជ​បុត្រី​ទី​បី​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ យាង​សម្ពោធ​មណ្ឌល​សុខភាព​នៅ​ខេត្ត​រតនគិរី ប្រគល់​អគារ​នៅ​ខេត្ត​កំពង់ធំ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៅ​ខេត្ត​កំពង់ស្ពឺ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ និយាយ​ថា តាម​ប្រវត្តិ​កម្ពុជា និង​ថៃ គឺ​មិន​ដែល​មាន​ម្តង​ណា​ឡើយ​ដែល​ភាគី​ថៃ ធ្វើ​តាម​សម្ដី​របស់​ខ្លួន។ ទាក់ទង​ជំនួយ​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ មហា​ចក្រី សិរិនថន លោក រស់ រ៉ាវុធ យល់​ថា រដ្ឋាភិបាល​កម្ពុជា គួរ​តាម​ដាន​សកម្មភាព​សាងសង់​វិទ្យាស្ថាន​បច្ចេកទេស​នៅ​ខេត្ត​កំពង់ស្ពឺ អគារ​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ជៀសវាង​ប៉ះពាល់​វត្ថុ​បុរាណ ឬ​ធនធាន​រ៉ែ​នៅ​តំបន់​នោះ៖ «»

ថ្លែង​នៅ​ខេត្ត​កំពង់ស្ពឺ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ មហា​ចក្រី សិរិនថន ឲ្យ​ដឹង​តាម​រយៈ​អ្នក​បកប្រែ​ភាសា​ថា ការ​សាងសង់​នេះ ជា​និមិត្តរូប​នៃ​ការ​ចាប់​ផ្ដើម​កិច្ច​សហប្រតិបត្តិការ​ម្តង​ទៀត​នៃ​ប្រទេស​ទាំង​ពីរ។ ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​បន្ត​ថា ប្រទេស​ទាំង​ពីរ​គួរ​តែ​ថែ​រក្សា​មិត្តភាព​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ៖ «»

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បទេស លោក ជុំ សន្ទរី ឲ្យ​ដឹង​ថា ជំនួយ​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍​នៃ​ប្រទេស​ថៃ មហា​ចក្រី សិរិនថន មិន​ផ្តល់​ជា​ថវិកា​ទេ គឺ​ព្រះអង្គ​មាន​ក្រុម​ការងារ​សាងសង់​សាលា ឬ​អគារ​ដែល​ជា​ជំនួយ​នោះ ហើយ​ពេល​ធ្វើ​រួច​រាល់ ទើប​ធ្វើ​ពិធី​ប្រគល់​ឲ្យ​មក​កម្ពុជា។

ដោយឡែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ មិន​មែន​ល្អ​តែ​សម្បក​ក្រៅ​ទេ។ លោក​អះអាង​ថា ដោយសារ​ភាគី​ទាំង​សង​ខាង​ត្រូវរ៉ូវ​គ្នា ទើប​គ្មាន​សង្គ្រាម​នៅ​តាម​ព្រំដែន​ដូច​សព្វថ្ងៃ​នេះ៖ «»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពេល​ថ្លែង​ជា​ផ្លូវ​ការ​ក្នុង​ពិធី​នោះ មិន​បាន​ថ្លែង​ឲ្យ​ស៊ី​ជម្រៅ​ពី​មិត្តភាព​កម្ពុជា-ថៃ នៃ​ចំណង​ដៃ​ដែល​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ មហា​ចក្រី សិរិនថន ផ្តល់​នៅ​ពេល​នេះ​ទេ ប៉ុន្តែ​នៅ​លើ​គណនេយ្យ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក បាន​សរសេរ​ថា ជំនួយ​ទាក់ទង​វិស័យ​អប់រំ និង​សុខាភិបាល​នៅ​ពេល​នេះ បាន​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-ថៃ រឹត​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង ព្រម​ទាំង​បាន​ផ្ដល់​នូវ​ផល​ប្រយោជន៍​ជាច្រើន​ចំពោះ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ទៀត​ផង។

ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីវៈ យល់​ថា មិត្តភាព​រវាង​កម្ពុជា និង​ថៃ នៅ​តែ​មាន​ភាព​ផុយ​ស្រួយ ខណៈ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​ព្រំដែន និង​ប្រាសាទ​ព្រះវិហារ។ លោក អ៊ូ វីរៈ ចង់​ឃើញ​កម្ពុជា ឈរ​ជើង​ស្មើ​គ្នា​ជាមួយ​ថៃ ឬ​វៀតណាម ដោយ​មិន​ពឹង​ប្រទេស​ថៃ និង​វៀតណាម៖ «»

កន្លង​ទៅ ប្រទេស​កម្ពុជា និង​ថៃ ធ្លាប់​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន ព្រោះ​បញ្ហា​ប្រាសាទ​ព្រះវិហារ។

ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍​នៃ​ប្រទេស​ថៃ មហា​ចក្រី សិរិនថន ធ្វើ​ព្រះរាជ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។