ប៉ូលិស៖ សាកសព​ដែល​ត្រូវ​គេ​កប់​ដី​​នៅ​ជាយ​ដែន​ខេត្ត​ប៉ៃលិន​ជា​​ថៅកែ​កាស៊ីណូ​ជនជាតិ​ថៃ

មន្ត្រី​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​ខេត្ត​ប៉ៃលិន អះអាង​ថា លទ្ធផល​កោសលវិច័យ​រួម​គ្នា​រវាង​សមត្ថកិច្ច​ជំនាញ​ខ្មែរ និង​ថៃ បង្ហាញ​ថា​ សាកសព​បុរស​ម្នាក់​ដែល​ត្រូវ​គេ​សម្លាប់​កប់​​ក្នុង​ដី​នៅ​​ជាយ​ដែន​ខេត្ត​ប៉ៃលិន គឺ​ជា​សព​ថៅកែ​កាស៊ីណូ​​ជនជាតិ​ថៃ ដែល​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ កន្លង​ទៅ។ ការ​អះអាង​នេះ បន្ទាប់​ពី​សមត្ថកិច្ច​ខ្មែរ និង​ថៃ​ មាន​ការ​សង្ស័យ​ទៅ​លើ​សាកសព​ដែល​គេ​លួច​កប់​នៅ​ព្រំដែន​ខ្មែរ-​ថៃ នោះ ជា​ករណី​ឃាតកម្ម​ដើម្បី​បំបាត់​ដាន។

បន្ទាប់​ពី​ការ​ធ្វើ​កោសល្យ​វិច័យ​ដឹង​ថា សាកសព​នោះ​ជា​ជន​ជាតិ​ថៃ ពិត​ប្រាកដ ហើយ​សមត្ថកិច្ច​ខ្មែរ​បាន​ប្រគល់​​សាកសព​នោះ​ឲ្យ​ទៅ​សមត្ថកិច្ច​ថៃ ដើម្បី​​បញ្ជូន​ទៅ​ឲ្យ​​សាច់ញាតិ​នាំ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ខេត្ត​ឈុនបុរី ប្រទេស​ថៃ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ លោក​ ជា​ ចាន់ឌិន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ថា ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​​នៃ​ប្រទេស​ទាំង​ពីរ​ស្ទើរ​​មួយ​ថ្ងៃ​បង្ហាញ​ថា​ ថៅកែ​ភាគ​ហ៊ុន​កាស៊ីណូ​ឈ្មោះ ប៉ៃលិន ផ្លាមីងហ្គូ (Pailin Flamingo Casino) ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា-​ថៃ  គឺ​ជា​ជន​ជាតិ​ថៃ​ ឈ្មោះ សំនឹក ចារូនជីរៈសាធាន (Somnuek ​Jaroonjirasathien) ភេទ​ប្រុស​ អាយុ ៥០​ឆ្នាំ ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​សម្លាប់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​អះអាង​ថា ការ​ស្លាប់​របស់​នោះ គឺ​ជា​អំពើ​ឃាតកម្ម​គ្រោង​ទុកជា​មុន​ បែប​ពាល​ស៊ី​ពាល​របស់​ជនជាតិ​ថៃ​ដូច​គ្នា គឺ​​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​កម្ពុជា​​ឡើយ៖ «យើង​ដាក់​ការ​សង្ស័យ​ថា​ អ្នក​ដែល​សម្លាប់​ថៅកែ​ជន​ជាតិ​ថៃ អាច​ជា​​អ្នក​រក​ស៊ី​ជា​មួយ​គ្នា​តែ​ពុំ​មែន​អ្នក​រក​ស៊ី​ភាគ​ហ៊ុន​កាស៊ីណូ​ទេ។ រឿង​នេះ​យើង​នៅ​សហការ​ជាមួយ​ភាគី​ថៃ​ ដើម្បី​តាម​រក​ឃាតក​សម្លាប់​ថៅកែ​កាស៊ីណូ​នោះ​បន្ត​ទៀត»

ទោះ​ជា​យ៉ាង​ណា​សមត្ថកិច្ច​ខ្មែរ​និង​ថៃ​ ពុំ​ទាន់​ចាប់​​​ឃាតក​ដៃដល់​ដែល​សម្លាប់​ថៅកែ​កាស៊ីណូ​ជនជាតិ​ថៃ នោះ​បាន​នៅ​ឡើយ​ទេ មក​ទល់​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក​ យិន ម៉េងលី មាន​ប្រសាសន៍​ថា ឃាតក​សម្លាប់​ជន​ជាតិ​ថៃ ម្ចាស់​កាស៊ីណូ​នៅ​​ខេត្ត​ប៉ៃលិន​ អាច​មាន​គ្នា​ចាប់​ពី ២​នាក់​ឡើយ​ទៅ​ ពីព្រោះ​សាកសព​មាន​​ស្នាម​វាយ​ត្រង់​មុខ និង​ត្រូវ​គ្រាប់​កាំភ្លើង​ត្រង់​ក។

លោក​ពន្យល់​ទៀត​​ថា​ មនុស្ស​ម្នាក់​ឯង​​មិន​អាច​នាំ​សាកសព​ទៅ​កប់​ក្នុង​ដី​​ ដោយ​​ពុំ​មាន​ប្រជាពលរដ្ឋ​ដឹង​ឮ​នោះ​ទេ៖ «បើ​ទោះ​បី​ជា​អ្នក​ស្លាប់​នោះ​ ជា​ជនជាតិ​អ្វី​ក៏ដោយ​ សំខាន់​គឺ​សមត្ថកិច្ច​ត្រូវ​តែ​តាម​ចាប់​ឃាតក​ឲ្យ​បាន​ ដើម្បី​ឲ្យ​មហាជន​មាន​ទំនុក​ចិត្ត​ទៅ​លើ​សមត្ថកិច្ច»

លោក​បន្ថែម​ថា​ ការ​ស្លាប់​របស់​អ្នក​ជំនាញ​ជនជាតិ​ថៃ​នេះ​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​វិនិយោគ​ទុន​ដទៃ​ទៀត​មិន​ហ៊ាន​​មក​រក​ស៊ី​នៅ​កម្ពុជា​ឡើយ ប្រសិន​បើ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​អាច​ចាប់​​ឃាតក​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​បាន​នោះ។

សព​ថៅកែ​កាស៊ីណូ​​ឈ្មោះ ប៉ៃលិន ផ្លាមីងហ្គូ ត្រូវ​គេ​ប្រទះ​ឃើញ​កប់​ក្នុង​ដី​នៅ​ចំណុច​ភូមិ​អូរ​ឈើក្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ។ សព​បុរស​នោះ ដំបូង​ឡើយ​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន ពុំ​ទាន់​កំណត់​ថា ជា​ជន​​ជាតិ​ណា​ពិត​ប្រាកដ​នៅ​ឡើយ។ ក្រោយ​មក​ប៉ូលិស​កម្ពុជា​ និង​ថៃ​ បាន​សហការ​ចុះ​ស្រាវជ្រាវ​រួមគ្នា ទើប​ដឹក​ថា​ ជា​ថៅកែ​កាស៊ីណូ​ជនជាតិ​ថៃ​ ដែល​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។