ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ស្រុក​ស្ទោង​បារម្ភ​ខ្លាច​បាក់​ស្រុត​ដី​ចម្ការ​ដោយសារ​អាជីវកម្ម​បូម​ខ្សាច់

ប្រជាពលរដ្ឋ​នៅ​ឃុំ​បន្ទាយស្ទោង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ មួយ​គ្រួសារ កំពុង​មាន​ក្តី​បារម្ភ​ខ្លាច​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់ ត្រូវ​ទទួល​រង​ការ​បាក់​ស្រុត។ ក្តី​បារម្ភ​នេះ កើត​ឡើង​ក្រោយ​ពេល​កូនប្រសា​របស់​មេ​ឃុំ ដាក់​គ្រឿងចក្រ​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ចេញ​ពី​ស្ទឹង​មួយ​ជាប់​ដី​របស់​ពលរដ្ឋ បណ្ដាល​ឲ្យ​ដី​ចម្ការ​កន្លែង​ខ្លះ​បាក់​ប្រេះ​ជា​បណ្ដើរៗ។

ពលរដ្ឋ​មួយ​គ្រួសារ សម្រេច​យក​ពាក្យ​បណ្ដឹង​ដាក់​ទៅ​អាជ្ញាធរ​ស្រុក តាម​រយៈ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​គណបក្ស​ប្រឆាំង ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​ក្តី​កង្វល់​របស់​ខ្លួន។ ការ​ធ្វើ​បែប​នេះ ពីព្រោះ​ពលរដ្ឋ​បាន​ជម្រាប​ប្រាប់​មេ​ឃុំ​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​មេ​ឃុំ​គ្មាន​ចំណាត់​ការ​លើ​កូនប្រសា​របស់​ខ្លួន​ឡើយ។

ពលរដ្ឋ​មួយ​រូប​នៅ​ឃុំ​បន្ទាយស្ទោង លោកស្រី ផង តាំ ឲ្យ​ដឹង​ថា ដី​របស់​លោកស្រី​នៅ​ជាប់​មាត់​ស្ទឹង​កំពង់ចក កំពុង​មាន​ស្នាម​ប្រេះ​ខ្លះៗ ក្រោយ​ពេល​កូនប្រសា​របស់​មេ​ឃុំ បាន​ដាក់​គ្រឿងចក្រ​បូម​ខ្សាច់​នៅ​តំបន់​នោះ។ លោកស្រី​បន្ត​ថា សកម្មភាព​បូម​ខ្សាច់​នេះ គឺ​កើត​ឡើង​ជាង ១០​ថ្ងៃ​មក​ហើយ ប៉ុន្តែ​គ្មាន​អាជ្ញាធរ​ណា​ទៅ​ជួយ​ទប់ស្កាត់​ទេ។ លោកស្រី​បារម្ភ​ថា ប្រសិន​បើ​សកម្មភាព​បូម​ខ្សាច់​នោះ​នៅ​តែ​បន្ត​ទៀត ដី​របស់​លោកស្រី​អាច​នឹង​បាក់​ស្រុត​ជាក់​ជា​មិន​ខាន៖ «ប៉ះពាល់​ដូច​ថា​គាត់​បូម​ខ្សាច់​ហ្នឹង​ទៅ ដូចជា​ដី​ហ្នឹង​ចង់​បាក់​ណា»

ក្រុម​គ្រួសារ​របស់ លោកស្រី ផង តាំ មាន​ដី​នៅ​ជាប់​ស្ទឹង​កំពង់ចក ប្រមាណ ២​ហិកតារ សម្រាប់​ដាំ​ដំណាំ​ផ្សេងៗ​គ្រាន់​ចិញ្ចឹម​ជីវិត ដោយ​តំបន់​នោះ​មិន​មាន​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ឡើយ មាន​តែ​ដី​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ។ មិន​តែ​ប៉ុណ្ណោះ ក្រៅ​ពី​កូនប្រសា​របស់​មេ​ឃុំ ក៏​មាន​អាជីវកម្ម​បូម​ខ្សាច់​ផ្សេង​ទៀត​ដែរ។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​បន្ទាយស្ទោង លោក សូត អ៊ុល មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ ថា កូនប្រសា​របស់​លោក ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លក្ខណៈ​គ្រួសារ​នៅ​តំបន់​នោះ​មែន ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​មួយ​គ្រួសារ​នេះ​ទេ។ លោក​បន្ថែម​ទៀត​ថា អាជីវកម្ម​បូម​ខ្សាច់​នៅ​តំបន់​នោះ មិន​មាន​ច្បាប់​អនុញ្ញាត​ឡើយ ដោយ​យោង​ទៅ​លើ​ខ្សាច់​នៅ​ឆ្នាំ​នេះ​មិន​សូវ​មាន ប៉ុន្តែ​រាល់​ឆ្នាំ​មាន​ច្បាប់​ត្រឹមត្រូវ។ លោក​បាន​ពន្យល់​ពលរដ្ឋ​រូប​នោះ​ថា មិន​ប៉ះពាល់​ទេ ហើយ​លោក​ថែម​ទាំង​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​ឲ្យ​មក​មើល​ជាក់ស្តែង​ទៀត​ផង៖ «លក្ខណៈ​គេ​បូម​នៅ​ខាង​ក្រោម​គ្រួសារ កូនប្រសា​ខ្ញុំ​ធ្វើ​នៅ​ក្រោម​នោះ ខុស​គ្នា​ម៉ា​កែង​ម្នាក់ គឺ​គ្មាន​នរណា​រក​រឿង ខុស​ប្លែក​តែ​គាត់​ម្នាក់»

ដោយឡែក​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្ទោង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ឆាយ ចែង ដែល​បាន​ចុះ​តាម​ដាន​ករណី​នេះ មាន​ប្រសាសន៍​ថា នៅ​តំបន់​ដែល​ប្រជាពលរដ្ឋ​កំពុង​មាន​ក្តី​បារម្ភ​នោះ កាល​ពី​ឆ្នាំ​កន្លង​ទៅ​ធ្លាប់​បាក់​ច្រាំង ព្រម​ទាំង​ស្រុត​ដី​ម្តង​រួច​មក​ហើយ។ លោក​ថា ករណី​បូម​ខ្សាច់​ស្ទឹង​នេះ នឹង​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ដី​ចម្ការ​របស់​ប្រជាពលរដ្ឋ៖ «មាន​អ្នក​ផ្សេង​គេ​បូម​ទៀត​ដែរ ប៉ុន្តែ​គេ​ពិនិត្យ​រឿង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ហ្នឹង»

លោក​បន្ថែម​ទៀត​ថា អាជ្ញាធរ ឬ​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​ពិនិត្យ​លើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​តាម​ដង​ស្ទឹង​កំពង់ចក ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ប្រាកដ​ថា អាជីវកម្ម​ទាំង​នោះ​ខុស​ច្បាប់ ឬ​ស្រប​ច្បាប់ ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ព្រម​ទាំង​បរិស្ថាន ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។