សិល្បៈ​និងវប្ប​​​ធម៌ &raquo ជ្រុង​មួយ​នៃ​សាសនា

ខេត្តកណ្ដាល ៖ បុណ្យ​ហែ​អ្នកតា ជា​បុណ្យប្រពៃណី​មួយ របស់​ជនជាតិ​ចិន​ក្នុង​ចំណោម​បុណ្យប្រពៃណី ផ្សេង​ទៀត​។​នៅ​ក្រុង​តា​ខ្មៅ​តែង​ប្រារព្ធ​ពិធីបុណ្យ​ហែ​អ្នកតា​ជា​រៀង​រាល់​ឆ្នាំ​។​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ​ឆ្នាំ​២០១៦ មាន​អ្នកតា​ចិន​រាប់រយ មក​ពី​តាម​បណ្ដា​ស្រុក ខេត្ត ក្រុង នានា មក​ជួបជុំ​គ្នា​នៅ​រោង​អ្នកតា​ចិន​ធំ​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ដើម្បី​ចូលរួម​ដង្ហែ និង​សម្ដែង​ឬ​ទ្ធិ​យ៉ាង​អធិក​អ​ធ​ម័​។​លោក​ឈុ​ន គា​ប្រធាន​សមាគម​ខ្មែរ ចិន នៅ​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​បុណ្យ​ហែ​អ្នក​ចិន​ឆ្នាំ​នេះ មាន​អ្នកតា​ចិន​លើស​ពី​១០០​អ្នកតា​មក​ចូលរួម​ដង្ហែ​នៅ​ក្នុង​ក្រុង​តា​ខ្មៅ​។

អ្នកតា​ទាំងនោះ​មក​ពី​តាម ភូមិ ឃុំ ស្រុក​ខេត្ត ក្រុង​នានា​ក្នុង​ប្រទេស បាន​មក​ជួបជុំ​គ្នា នៅ​រោង​អ្នកតា​ធំ សង្កាត់​តា​ខ្មៅ តាំងពី​ព្រឹក​រហូត​ដល់ ម៉ោង​២ រសៀល ទើប​ចាប់ផ្ដើម​ដង្ហែ​តាម​ផ្លូវ​នានា ក្នុង​ក្រុង​តា​ខ្មៅ​ដោយ​មានការ​សម្រួល​ចរាចរណ៍  សណ្ដាប់ធ្នាប់​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ផង​ដែរ​។​លោក​ប្រធាន​សមាគម​ខ្មែរ ចិន​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា បុណ្យ​ហែ​អ្នកតា​នេះ​ជា​បុណ្យប្រពៃណី របស់​ជនជាតិ​ចិន​មាន​តាំងពី​ដើម​មក​។​ការ​ដង្ហែ​អ្នកតា​តាម​ផ្លូវ​អ្នក​ជាប់សែស្រឡាយ​ចិន វៀតណាម​មាន​ជំនឿ​ថា​ពេល​អ្នកតា​សម្ដែងឫទ្ធិ ពេល​ហែ​នោះ​គឺ​បាន​បណ្ដេញ ខ្មោច ព្រាយ បិសាច  ភាព​ចង្រៃ ទាំងឡាយ​ទាំងពួង ឱ្យ​ចេញពី​ក្នុងភូមិ​ស្រុក​។​នៅ​ពេល​ដង្ហែ​អ្នកតា បាន​សម្ដែងឫទ្ធិ ដោយ​យក​ដាវ កាំបិត​លំពែង​ចាក់​លើ​ខ្លួន​អ្នកតា​ចូល​រូប បង្ហូរឈាម យក​មក ប្រឡាក់​លើ​ក្រដាស ពណ៌​លឿង ឬ​ក្រហម​ដែល​គេ​ហៅ​ថា ក្រដាស​ហ៊ូ នោះ   ប្រជាជន​ជាប់សែស្រឡាយ​ចិន វៀតណាម មក​សុំ​ពី​អ្នកតា​យក​ទៅ​រក្សា​ទុក​នៅ​ក្នុងផ្ទះ ឬ​ទុក​ជាប់​តាម​ខ្លួន គឺ​ជួយ​បណ្ដេញ​នូវ​ភាព​ឩ​ប​ទ្រុប​ចង្រៃ​ទាំងឡាយ​ចេញ នឹង​នាំ​មក​នូវ​សេចក្ដីសុខ ចម្រុងចម្រើន​គ្រប់​ៗ​គ្នា​។​

បើ​តាម​ការ​ពិនិត្យ​មើល​ជាក់ស្ដែង ក្នុង​ពេល​ហែ​អ្នកតា​នេះ គេ​សង្កេត​ឃើញ មាន​អ្នកតា​រាប់រយ និង​មាន មនុស្ស ក្មេង​ចាស់ ប្រុស​ស្រី រាប់​ពាន់​នាក់​មក​ចូលរួម​ដង្ហែ​អ្នកតា ចាប់ពី​រសៀល រហូត​ដល់ ពេល​ព្រលប់ ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ទើប​បញ្ចប់​ការ​ដង្ហែ​អ្នកតា​នេះ​។​ក្បូន​ដង្ហែ​អ្នកតា​តាម​ដងផ្លូវ មាន​ចម្ងាយ​មើលទៅ​ដាច់​កន្ទុយភ្នែក​រាប់រយ​ម៉ែត្រ​។​មាន​អ្នកតា​បាន​សម្ដែងឫទ្ធិ បែប​ផ្សេង​ៗ​ពី​គ្នា​អ្នក​ចូល​រូប បាន​យក​លំពែង​ដាវ កាំបិត ចាក់​លើ​ដងខ្លួន លើក និង​អារ​អណ្ដាត​ជាដើម​។ អ្នក​ជាប់សែស្រឡាយ​ចិន វៀតណាម​ច្រើន​នាក់​បាន​នាំ​គ្នា​ឈរ​មុខ​ផ្ទះ​ចាំ​សុំ​ក្រដាស​ហ៊ូ ពី​លោកតា​យក​មក​រក្សា​ទុក​ក្នុងផ្ទះ ដើម្បី​បាន​សេចក្ដីសុខ ចម្រុងចម្រើន​ក្នុង​ក្រុ​គ្រួសារ​រៀង​ៗ​ខ្លួន​៕