ស៊ីរី​យល់ស្រប​ចំពោះ​ផែនការ​ឈប់​បាញ់​គ្នា ផ្តួចផ្តើម​ដោយ​ស.រ.អា​និង​រុស្សី

ស៊ីរី​យល់ស្រប​ចំពោះ​ផែនការ​ឈប់​បាញ់​គ្នា ផ្តួចផ្តើម​ដោយ​ស.រ.អា​និង​រុស្សី

ផែនទី​បង្ហាញ​ពី​ទីក្រុង​ធំៗ​នៅ​ស៊ីរី។ រដ្ឋាភិបាល​ស៊ីរី​យល់ស្រប​ចំពោះ​ផែនការ​ឈប់​បាញ់​គ្នា ផ្តួចផ្តើម​ដោយ​ស.រ.អា​និង​រុស្សី។

ប្រទេស​ស៊ីរី​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​ព្រមទទួល​យក​ផែនការ​ឈប់បាញ់​គ្នា​មួយ​ ដែល​ស្នើ​ឡើង​ដោយ​ស.រ.អា​និង​រុស្សី។ បទ​ឈប់បាញ់​គ្នា​នេះ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ក្នុង​សប្តាហ៍​នេះ។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​រដ្ឋាភិបាល​បានឲ្យ​ដឹង​ថា យោធា​នឹង​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ប្រឆាំង​ក្រុម​រដ្ឋឥស្លាម​ និង​ក្រុម​ដែល​មាន​ចំណង​ទាក់ទង​នឹង​ក្រុម​អាល់កៃដា (Al-Qaeda)។

សំណើរ​ឈប់​បាញ់គ្នា​របស់​ស.រ.អា​និង​រុស្សី​នេះ មិន​អាច​យក​ទៅ​អនុវត្ត​ចំពោះ​ក្រុម​សកម្ម​ប្រយុទ្ធ​ទាំង​នោះ​ទេ ហើយ​ក្រុម​ផ្សេងៗ​ទៀត មាន​ពេល​រហូត​ដល់​ថ្ងៃ​សុក្រ ដើម្បី​បញ្ជាក់​ពី​ការ​ចូល​រួម​របស់​ពួកគេ​នៅ​ក្នុង​បទ​ឈប់​បាញ់​គ្នា​នេះ។

ក្រុម​ប្រឆាំង​ដ៏​សំខាន់​នៅ​ស៊ីរី គឺ​គណៈកម្មាធិការ​ជាន់ខ្ពស់​ទទួល​បន្ទុក​ខាង​ការ​ចរចា បាន​និយាយ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​យល់ស្រប​ចំពោះ​បទ​ឈប់​បាញ់​គ្នា​នេះ ដរាបណា​ការ​ទាមទារ​របស់​ខ្លួន​ឲ្យ​ដក​ចេញ​ការ​ឡោមព័ទ្ធ​ទ័ព ការ​បញ្ជូន​ជំនួយ​មនុស្សធម៌ និង​ការ​បញ្ឈប់​ការ​ទម្លាក់​គ្រាប់បែក​លើ​ជនស៊ីវិល ត្រូវ​បាន​ធ្វើ​តាម។

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ ស.រ.អា​និង​រុស្សីនិយាយ​ថា ​តាម​សំណើរ​នេះ ភាគី​ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះ​នឹង​កម្រិត​ការ​ប្រើប្រាស់​កម្លាំង​ដូច​ជា​នៅ​ក្នុង​ស្ថានការណ៍​ដែល​ត្រូវ​ឆ្លើយតប​ក្នុង​ពេល​ការពារ​ខ្លួន​ជាដើម៕