របាយការណ៍​ឲ្យ​ដឹង​ថា ចិន​កំពុង​ពង្រីក​ភស្តុភារ​យោធា​នៅ​ដែន​សមុទ្រ​ចិន​ខាង​​ត្បូង

របាយការណ៍​ឲ្យ​ដឹង​ថា ចិន​កំពុង​ពង្រីក​ភស្តុភារ​យោធា​នៅ​ដែន​សមុទ្រ​ចិន​ខាង​​ត្បូង

នាវា​ផ្គត់ផ្គង់​សម្ភារៈ​ចិន (ខាងឆ្វេង) ​ចរ​កាត់​ពី​មុខ​នាវា​ Peace Ark នៅ​នៅ​ក្នុង​លំហាត់​ហ្វឹកហ្វឺនយោធា​នៅ​កោះ​ហាវ៉ៃ ស.រ.អា។

ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​មួយ​នៅ​ស.រ.អា​និយាយ​ថា ប្រទេស​ចិន​កំពុង​តំឡើង​ប្រព័ន្ធ​រ៉ាដា​មួយនៅ​ពាសពេញ​កោះ​ដែន​មាន​ជម្លោះ ដែល​ខ្លួន​ត្រួតត្រា​នៅក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។ សកម្មភាព​នេះ​អាច​ពង្រឹង​សមត្ថភាព​ចិន​ឲ្យ​អាច​គ្រប់គ្រង​តំបន់​ទាំង​មូល​បាន។

របាយការណ៍​មួយ​របស់​មជ្ឈមណ្ឌល​សិក្សា​បញ្ហា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​ ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នេះ ត្រូវ​បាន​ចេញ​ផ្សាយ ​ខណៈ​ដែល​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi) មក​បំពេញ​ទស្សនកិច្ច​នៅ​ស.រ.អា ដើម្បី​ពិភាក្សា​ជាមួយ​សម​ភាគី​អាមេរិក​របស់​លោក​គឺ​លោក​រដ្ឋមន្ត្រីការបរទេស​ ចន​ ឃែរី (John Kerry)។

​របាយការណ៍​របស់​ក្រុម​ស្រាវជ្រាវ​នេះ ដែល​មាន​ចំណង​ជើង​ថា គំនិត​ផ្តួចផ្តើម​ឲ្យ​មាន​តម្លាភាព​នៅដែនសមុទ្រ​អាស៊ី បាន​បញ្ចេញ​រូបភាព​តាម​ផ្កាយរណប​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ប្រព័ន្ធ​រ៉ាដា ដែល​មាន​ហ្វ្រេកង់​ខ្ពស់​មួយ​នៅ​លើ​ថ្ម​ប៉ប្រះ​ទឹក Cuarteron លើ​កោះ​ស្រ្ពែតលី (Spratly) ព្រមទាំង​ប៉ម​បង្គោល​ភ្លើង កន្លែង​សម្រាប់​ឧទ្ធម្ភាគចក្រ​ចុះចត លេនដ្ឋាន​ក្រោម​ដី និង​ឧបករណ៍​សម្រាប់​ទំនាក់ទំនង​ផ្សេងៗ​ទៀត​ផងដែរ។

របាយការណ៍​ដដែល​ បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​រ៉ាដា​នៅ​លើ​កោះ​នោះ «នឹង​បង្កើន​សមត្ថភាព​របស់​ចិន​យ៉ាង​ខ្លាំង ដើម្បី​ត្រួត​ពិនិត្យ​មើល​ចរាចរណ៍​លើ​ផ្ទៃ​ទឹក​និង​លើ​អាកាស នៅ​ប៉ែក​ខាងជើង​នៃ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង‍»។ ក្រុម​ស្រាវជ្រាវ​នេះ​ក៏​និយាយ​ដែរ​ថា ចិន​ហាក់ដូចជា​ក៏​កំពុង​តំឡើង​ប្រព័ន្ធ​រ៉ាដា នៅ​លើ​កោះ​តូចៗ​ផ្សេងទៀត​នៅក្នុង​ប្រជុំ​កោះ​ស្ព្រែត​លី​នោះ​ផងដែរ៕