លោក ស៊ិ​ក ប៊ុន​ហុក ថា ការធ្វើសមាហរណកម្ម​មន្ត្រី គ​.​ជ​.​ប គឺ​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត រៀបចំ​ពិធី​ប្រកាស​តែងតាំង​តំណែង​មន្ត្រី​ជា​ផ្លូវ​ការប្រមាណ ៣៦០ នាក់ ចាប់ពី​តំណែង​អគ្គលេខាធិការ រហូតដល់​ប្រធាន និង​អនុប្រធាន​ការិយាល័យ​ខេត្ត​របស់​គ​.​ជ​.​ប​។ ក្នុង​ពិធី​នោះ ក៏បាន​មានការ​ប្រកាស​ពី​ការធ្វើសមាហរណកម្ម​ម​ន្ត្រី​ផ្ទេរ​បញ្ចូល​ទៅក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​នៃ​គ.ជ.ប ដែល​នឹង​ទទួលបាន​ប្រាក់​បៀរ​វត្សរ៍ និង​ប្រាក់​ចូលនិវត្តន៍​ផងដែរ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ គ​.​ជ​.​ប​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​ប្រធាន គ​.​ជ​.​ប លោក ស៊ិ​ក ប៊ុន​ហុក បាន​បញ្ជាក់ថា ការរៀបចំ​សមាហរណកម្ម​មន្ត្រី​ជាប់កិច្ចសន្យា ផ្ទេរ​បញ្ចូល​ទៅក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​នៃ គ​.​ជ​.​ប នេះ គឺ​ដើម្បី​ពង្រឹង​ការអនុវត្ត​ការងារ តាម​បទដ្ឋាន​គតិយុត្ត និង​ការគោរព​ច្បាប់​របស់ គ​.​ជ​.​ប​។ លោក​បន្ថែមថា ការរៀបចំ​សមាហរណកម្ម​មន្ត្រី​នេះ ក៏​អាចជួយ​ជំរុញ​លើកទឹកចិត្ត​ពួកគេ​ឲ្យ​មានចិត្ត​ក្លាហាន គ្មាន​ការភ័យខ្លាច និង​អាចបំពេញ​ការងារ​តាម​វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹមត្រូវ​។

​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​មន្ត្រី គជប ប្រធាន​គ.ជ.ប ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​សមាហរណកម្ម​ម​ន្ត្រី​នេះ គឺ​មន្ត្រី​គ.ជ.ប​ របស់​យើង ​ចូលមក​ស្ថានភាព​ថ្មី​ ហើយ​វិន័យ​មិន​ដូចជា​កាល​នៅ​ជាម​ន្ត្រី​ជាប់កិច្ចសន្យា​ទេ​។ យើង​មានច្បាប់ មាន​លិខិតបទដ្ឋាន​របស់​រដ្ឋ​យើង​ច្រើនណាស់ ​ដែល​ពាក់ព័ន្ធ ជាពិសេស​ នៅ​បណ្ដា​ក្រមសីលធម៌​សម្រាប់​មន្ត្រីរាជការ គឺ​ក្នុងការ​អនុវត្ត​របស់​គ.ជ.ប ​ថ្មី​នេះ គឺ​ពង្រឹង​នូវ​ការអនុវត្ត​ច្បាប់ និងបទបញ្ញត្តិ​ដែលមាន​ការពាក់ព័ន្ធ​»​។​

​លោក ស៊ិ​ក ប៊ុន​ហុក បន្ថែមថា បើ​មិន​ផ្ទេរ​បញ្ចូល​មន្ត្រី​ទាំងនេះ ទៅក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​នៃ​គ.ជ.ប ទេ នោះ​ពួកគេ​គឺ​នៅតែ​ជា​មន្ត្រី​បណ្ដោះអាសន្ន ហើយ​ការងារ​របស់​ពួកគេ​គឺ​គ្មាន​​លំនឹង​ត្រឹមត្រូវ​ឡើយ ។ លោក​បាន​បញ្ជាក់ទៀតថា ការធ្វើសមាហរណកម្ម​មន្ត្រី​ចំនួន​៣៦០​នាក់ គឺ​មិនមែនជា​បញ្ហា​ដែល​ត្រូវ​ព្រួយបារម្ភ​ទេ តែ​វា​ជាការ​ជួយ​ការពារ​លំនឹង​ការងារ​របស់​មន្ត្រីរាជកា​រ គ​.​ជ​.​ប ទាំងនេះ​។ តែ​យ៉ាងណា​ប្រធាន​គ​.​ជ​.​ប រូបនេះ ក៏​អំពាវនាវ​ឲ្យ​មន្ត្រី​ដែល​ទទួលបាន​តួនាទី​ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​នៃ​គ​.​ជ​.​ប នេះ គប្បី​អនុវត្ត​និង​បំពេញការងារ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ ដោយ​មិនត្រូវ​មានការ​ព្រួយបារម្ភ និង​ភ័យខ្លាច រង​សម្ពាធ​ពី​សំណាក់​គណបក្សនយោបាយ​ណាមួយ​ឡើយ​។​

​អនុប្រធាន​គ​.​ជ​.​ប លោក គួ​យ ប៊ុន​រឿន ក៏​លើកឡើង​ដែរ​ថា មន្ត្រី​ដែល​ទទួលបាន​ក្របខណ្ឌ​មន្ត្រីរាជការ​នៃ​គជប​នេះ ត្រូវបំពេញ​តួនាទី​របស់ខ្លួន​ដោយ​ភាពត្រឹមត្រូវ​និង​យុត្តិធម៌ ឲ្យ​បានល្អ​ប្រសើរ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​មិន​ត្រូវមាន​ការរើសអើង ឬ​ប្រកាន់​បក្សពួក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ គជប ថ្មី​នេះឡើយ​។​

​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​តំណែង​មន្ត្រី​ជា​ផ្លូវ​ប្រមាណ​ជា​៣៦០​នាក់​នេះ ក៏មាន​ការប្រកាស​សមា​ហ​រណកម្ម​មន្ត្រី​គ​.​ជ​.​ប ចាប់ពី​អគ្គលេខាធិកា​រហូតដល់​ប្រធាន​លេខាធិការដ្ឋាន ទៅជា​មន្ត្រីរាជការ​ស៊ីវិល ដែល​នឹង​ទទួលបាន​ប្រាក់​បៀរ​វត្សរ៍ និង​ប្រាក់​ចូលនិវត្តន៍​ផងដែរ ហើយ​នេះ​ជា​លើកទីមួយ​ហើយ​ដែល​គ​.​ជ​.​ប រៀបចំ​បញ្ចូល​មន្ត្រី​ជាប់កិច្ចសន្យា​ទៅក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​នៃ​គ​.​ជ​.​ប នៅក្នុង​អាណត្តិ​ទី​៥​នេះ​៕

ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​