ចិន​៖ គឺ​សកម្មភាព​អាមេរិក​ដែល​នាំ​ឲ្យ​មាន​យោ​ធូប​នីយកម្ម​សមុទ្រ​ចិន​ខាងត្បូង​

​ជាថ្មី​ម្តងទៀត​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ចោទ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន​ថា ​ជា​អ្នក​ដែល​បង្កើត​ឲ្យ​មាន​ការធ្វើ​យោ​ធូប​នីយកម្ម នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ការធ្វើ​យោ​ធូប​នីយកម្ម​នោះ​គឺ ការបន្ត​សកម្មភាព​ទាំង​ដែនអាកាស និង​ដែនទឹក ​ក្នុង​តំបន់​ជម្លោះ​របស់​អាមេរិក​។​

​លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ​បាន​ថ្លែង​ក្នុង​សន្និសីទកាសែតនៅ​ថ្ងៃទី​២២ ខែកុម្ភៈ​ថា ការបញ្ជូន​នាវា និង​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ ទៅកាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង ​ដើម្បី​ស៊ើបការណ៍គឺជា​ប្រភព​នៃ​ភាព​តានតឹង និង​ការធ្វើ​ឲ្យ​មាន​យោ​ធូប​នីយកម្ម​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ ការអះអាង​នេះ​ធ្វើឡើង​ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការ​ចោទប្រកាន់​របស់​អ្នកនាំពាក្យ ក្រសួង​ការបទេស​អាមេរិក​កន្ល​ង​ទៅ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨ ខែកុម្ភៈ​កន្លងទៅ ​ក្នុងឱកាស​នៃ​ការធ្វើ​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ ​លោក Kirby​ បានបញ្ជាក់​ថា​ យើង​មិន​បានឃើញ​សញ្ញា​ណាមួយ​នៃ​ការ​ប្តេ​ជា​ លើ​យោ​ធូប​នីយកម្ម​ ត្រូវបាន​បញ្ឈប់​នោះទេ ​ពោលគឺ​វា​គ្មានអ្វី​សោះ​ដែល​ត្រូវបាន​ធ្វើឡើង​ ដើម្បី​ធានា​ពី​ស្ថិរភាព ​និង​សន្តិសុខ ​នៃ​សា្ថ​ន​ភាព​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ការលើកឡើង​របស់​អ្នកនាំពាក្យ​រូបនេះ​ ក៏​ស្រប​ជាមួយនឹង​ការអះអាង ​នៃ​មន្ត្រីជាន់ខ្ពស់​ការពារជាតិ​អាមេរិក និង​តៃវ៉ាន់ ដែលថា ​ចិនបាន​បំពាក់​ប្រព័ន្ធ​មី​ស៊ី​ល​​អាច​បាញ់​ទៅកាន់​លំហ​អាកាស​ នៅលើ​កោះ Woody ដែល​ស្ថិតនៅក្នុង​បណ្តុំ​កោះ​ប៉ា​រ៉ា​សែ​ល​ នៃ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។  ​សមុទ្រ​ចិន​ខាងត្បូង ​ដែលជា​តំបន់​ទាមទារ​ត្រួតស៊ីគ្នា​របស់​ចិន តៃវ៉ាន់ និង​វៀតណាម​។​

​យ៉ាងណាក៏ដោយ ជាថ្មី​ម្តងទៀត លោកស្រី Hua Chunying បាន​បញ្ជាក់ថា «​វា​មិនមាន​ភាពខុសគ្នា នោះទេ​រវាង​ការពង្រាយ​សម្ភារ​ការពា​រ​ជាតិ​ លើ​ដែន​អធិបតេយ្យ​របស់​ចិន និង​ការបំពាក់​សម្ភារ​ការពា​រ​របស់​អាមេរិក​នៅ​កោះហា​វ៉ៃ​នោះ​»​។ នេះ​បើ​យោងតាម​កាសែត​ចិន People’s Daily ដែល​បាន​ដកស្រង់​សម្តី​លោកស្រី​ដែលថា ការបញ្ជូន​នាវា និង​យន្ត​ហោះ​ចម្បាំង​របស់​អាមេរិក​ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ បាន និងកំពុងធ្វើ​ឲ្យ​មានការ​ប្រឈមមុខដាក់គ្នា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ក្នុង​តំបន់ ហើយ​សកម្មភាព​ទាំងនោះ ក៏​ជា​ហេតុដែលនាំ​ឲ្យ​មានការ​ធ្វើ​យោ​ធូប​នីយកម្ម​ក្នុង​តំបន់​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ​ដែលមាន​ភាគី​ពាក់ព័ន្ធ​រដ្ឋ​អាស៊ាន ​ដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី វៀតណាម និង​ហ្វីលីពីន និងតៃវ៉ាន់ ព្រមទាំង​ចិន បាន និងកំពុង​ឡើង​ក​ម្តៅ​កាន់តែខ្លាំង​ឡើងៗ​។ ខណៈ​អវត្តមាន​ដំណោះស្រាយ ចិនបន្ត​គោលនយោបាយ​វាតទី​ក្នុង​តំបន់​ជម្លោះ​ ដោយបាន​សាងសង់ កោះ​សិប្បនិម្មិត​ទៀតផង​។ ចុងក្រោយ​នេះ ដោយ​សារតែ​អវត្តមាន​នៃ​ដំណោះស្រាយ​នេះ អាមេរិក​ ដែល​មិនមែនជា​រដ្ឋ​ទាមទារ​សោះ​ បាន​លូកដៃ​ចូល​យ៉ាងជ្រៅ​ តាមរយៈ​ការបញ្ជូន​នាវា និង​យន្តហោះ​ចម្បាំង​មកកាន់​តំបន់​ជម្លោះ​ក្រោម​​ហេតុផល​នៃ​ការអនុវត្ត​សិ​ទិ្ធ​សេរីភាព​ដែនសមុទ្រ និង​ដែនអាកាស​៕

ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​