ឆ្នាំ២០១៥ បទល្មើស ឧក្រិដ្ឋកើនជាង ៣០ករណី និងបទមជ្ឈិមថយ ជាង ១០០ករណី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៥ កន្លងទៅនេះ បទល្មើសឧក្រិដ្ឋ មានរំលោភសេពសន្ថវៈ និងឃាតកម្មជាដើមដែលកើតឡើងនៅទូទាំងប្រទេស មានការកើនឡើងចំនួនជាង ៣០ករណី ប៉ុន្តែបទល្មើសមជ្ឈិមបានថយចុះចំនួនជាង ១០០ករណី។

យោងតាមរបាយការណ៍ បូកសរុបលទ្ធផលប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌកើតឡើងក្នុងឆ្នាំ២០១៥ មានចំនួន ២.៧០៩លើក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤ ថយចុះចំនួន ១០៥លើក ស្មើនឹង៤ភាគរយ កើតឡើងលើចំនួន ៩៣៦ឃុំ-សង្កាត់នៅទូទាំងប្រទេស។

ក្នុងនោះមាន ១៥រាជធានី-ខេត្ត ដែលមានបទល្មើសថយចុះ និងមាន១០ខេត្ត ដែលបទល្មើសមិនទាន់មានការថយចុះ។ បទល្មើសឧក្រិដ្ឋកើតឡើងចំនួន ៧៥១លើក កើនឡើង ៣៥លើក ស្មើនឹង ៥ភាគរយ។ ក្នុងនោះបទរំលោភសេពសន្ថវៈ និងលួចមានស្ថានទម្ងន់នៅមានកំណើននៅឡើយ។ ដោយឡែក អំពើឃាតកម្មថយចុះចំនួន ៦ភាគរយ បទល្មើសមជ្ឈិមកើតឡើងចំនួន ១.៩៥៨លើក ថយចុះ ១៤០លើក ស្មើនឹង៧ភាគរយ។ ក្នុងនោះបទល្មើសហិង្សាដោយចេតនាថយចុះ១៦ភាគរយ បំពានផ្លូវភេទថយចុះ ១៩ភាគរយ និងបទល្មើសលួចថយចុះ ១ភាគរយ។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា គ្រោះថ្នាក់នានាកើតឡើងក្នុងសង្គមកម្ពុជាមានចំនួន ៥.៨៦០លើក ថយចុះចំនួន ២៣លើក ស្មើនឹង ០,៤០ភាគរយ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២.៣៤៦នាក់ របួស៨.៣០៧នាក់ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៤.៥៩៥លើក ថយចុះចំនួន ២៤៥លើក ស្មើនឹង៥ភាគរយ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២.២៦៥នាក់ (ជនបរទេស២០នាក់) និងរបួស៧.៥១០នាក់ (ជនបរទេស៦៣នាក់)។

ចំណែកការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ២.៣៥៦ករណី និងឃាត់ខ្លួនជនល្មើសបានចំនួន ៥.០៣២នាក់ (ស្រី៥៦៤នាក់) ក្នុងនោះជនបរទេស ១២៧នាក់ (ស្រី៣០នាក់) និងបង្ក្រាបតាមដីកា១៥២នាក់ (ស្រី១០នាក់) បញ្ជូនទៅតុលាការផ្តន្ទាទោស។ បង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទសរុបចំនួន ៩៤ករណី ឃាត់ខ្លួនជនសង្ស័យ ១២៥នាក់ និងរំដោះជនរងគ្រោះ៣២៥នាក់ (អនីតិជន១០៥នាក់) ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៥នេះ នគរបាលជាតិ បានបង្ក្រាបបទល្មើសនានាបានចំនួន ២.១៤១ករណី ស្មើនឹង ៧៩,០៣ភាគរយ និងឃាត់ខ្លួនជនសង្ស័យចំនួន៣.០៥២នាក់ (ឧក្រិដ្ឋ៧០៥នាក់ និងមជ្ឈិម២.៣៤៧នាក់) បញ្ជូនទៅតុលាការ៕