ពលរដ្ឋ​ដែល​បារម្ភ​ពី​គម្រោង​អភិវឌ្ឍន៍​នៅ​បឹងទំពុន គ្រោង​តវ៉ា​ជាថ្មី ក្រោយ​ក្រុមហ៊ុន​មិន​ព្រម​បង្ហាញ​ព័ត៌មាន​

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ បង្ហាញ​ព័ត៌មាន​លម្អិត​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នៅ​តំបន់​បឹងទំពុន និង​បឹង​ជើងឯក មិនបាន​សម្រេច​តាម​ការទាមទារ​របស់​ខ្លួន​ឡើយ​។ ប្រជាពលរដ្ឋ​ទាំងនេះ ខកចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​ខាង​អាជ្ញាធរ បាន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់ក្នុង​តំបន់​នោះ ដាក់​ឯកសារ​កាន់កាប់​ដីធ្លី​មក​អាជ្ញាធរ​ខណ្ឌ ដើម្បី​ទទួលបាន​ព័ត៌មាន​អំពី​គម្រោង​អភិវឌ្ឍន៍ និង​ដំណោះស្រាយ​ពី​អាជ្ញាធរ និង​ក្រុមហ៊ុន ING Holding  ។​

​ក្តី​រំពឹង​របស់​ពលរដ្ឋ​ប្រមាណ​១៥០​នាក់ មកពី​សហគមន៍​ព្រែក​តា​គង់​១ និង​ខ្វា នៃ​តំបន់​បឹងទំពុន និង​បឹង​ជើងឯក ដែល​ចង់ដឹង​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​មិនបាន​សម្រេច​នោះទេ​នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ​នេះ​។ មិន​សម្រេច​ដោយសារតែ​អាជ្ញាធរ​ខណ្ឌមានជ័យ បាន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ដាក់​ឯកសារ​កាន់កាប់​ដីធ្លី​ជូន​អាជ្ញាធរ​ជាមុនសិន មុននឹង​ខាង​អាជ្ញាធរ និង​ក្រុមហ៊ុន បង្ហាញ​ទីតាំង​ដែល​នឹងរង​ការប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ING Holding​។​

​ក្នុង​វេទិកាសាធារណៈ នៅ​កន្លែង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រប​ស់​ក្រុមហ៊ុន​នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ក្រោយពី​អាជ្ញាធរ​តម្រូវ​ដូច្នេះ ប្រជាពលរដ្ឋ​ទាំងនេះ ខកចិត្ត​យ៉ាងខ្លាំង ហើយ​បាន​ដើរ​ចេញពី​កន្លែង​វេទិកា និង​ព្រមាន​ប្រមូល​ផ្តុំគ្នា នៅមុខ​ក្រុមហ៊ុន ING Holding  ម្តងទៀត ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បង្ហាញ​ព័ត៌មាន​លម្អិត​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប នៅ​តំបន់​បឹងទំពុន និង​បឹង​ជើងឯក ដូចដែល​ក្រុមហ៊ុន​កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់ និង​លុប​បឹង​ក្នុង​តំបន់​ទាំងនេះ​។​

​ដោយឡែក លោក ឡុង ង៉ែត អភិបាលរង​ខណ្ឌមានជ័យ អះអាងថា មូល​ហេតុដែល​អាជ្ញា​ធរតម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើបែបនេះ គឺ​ដើម្បី​ឲ្យ​អាជ្ញាធរ​អាច​ប្រមូល​ទិន្នន័យ​កម្មសិទ្ធិ​ដីធ្លី និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ បើសិនណា​កម្មសិទ្ធិ​ទាំងនោះ​ ស្ថិតក្នុង​ទីតាំង​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ING Holding ។ លោក បញ្ជាក់ថា ប្រជាពលរដ្ឋ អាចដាក់​ឯកសារ​កាន់​កាប់​ដីធ្លី ដែល​ទទួលស្គាល់​ដោយ​ចៅសង្កាត់ ប្រធានភូមិ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​គ្មាន​ឯកសារ ក៏​អាច​ទទួលបាន​កម្មសិទ្ធិ​ផងដែរ បើ​ពួកគាត់​កំពុងកាន់​កាប់​ដី​ជាក់ស្តែង និង​មាន​ការដឹងឮ​ពី​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​។  មន្ត្រី​រូបនេះ អះអាងថា ខាង​អាជ្ញាធរ និង​ក្រុមហ៊ុន ING Holding  មាន​ផែនការ​អភិវឌ្ឍ​នៅនឹងកន្លែង​ជូន​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នេះ​។​

​គួររម្លឹកថា កាលពី​ថ្ងៃទី ១៩​ខែកុម្ភៈ ខាង​តំណាង​ក្រុមហ៊ុន ING Holding  បាន​សន្យា​នឹង​ប្រជាពលរដ្ឋ ដែល​ប្រមូល​ផ្តុំគ្នា​មុខ​ក្រុមហ៊ុន​ថា ក្រុមហ៊ុន និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​បើក​វេទិកា ដើម្បី​បង្ហាញ​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នៅ​តំបន់​បឹងទំពុន និង​បឹង​ជើងឯក ដូច​ការទាមទារ​រប​ស់​ប្រជាពលរដ្ឋ​៕

ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​