របប​សឹក​ច្រាន​សំណើ​លោក​ថាក់ស៊ីន ដោយ​ថា​រដ្ឋាភិបាល​មិន​ជជែក​ជាមួយ​ជនជាប់ចោទ​ឡើយ​

​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់​ត្រា (Thaksin Shinawattra) បានចេញ​មុខជា​ថ្មី​តាម រយៈ​កាសែត​បរទេស​ ដោយ​លោក​បាន​រិះគន់​ខ្លាំងៗ​ ពី​ការដឹកនាំ​ប្រទេស​ដោយ​របប​សឹក​។ ជាមួយគ្នានោះដែរ លោក ក៏បាន​ស្នើសុំ​ជជែក​ជាមួយ​មេដឹកនាំ​របប​សឹក​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រឈម​ថៃ​បច្ចុប្បន្នដែរ​។ ក្រៅពី​ច្រាន​សំណើ​លោក​ថាក់ស៊ីន របប​សឹក​បាន​ចំអក​ថា​រដ្ឋាភិបាល ​មិនអាច​ជជែក​ជាមួយ​ជន​ ដែលរត់គេច​ពី​ការចោទប្រកាន់​របស់​តុលាការ​បានទេ​។

​រដ្ឋាភិបាល​របប​សឹក នៅ​ថ្ងៃទី​២២ ខែកុម្ភៈ បាន​ច្រានចោល​សំណើ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីន​ណា​វ៉ាត​ត្រា​ ដែល​បានស្នើ​ឲ្យ​មានការ​ពិភាក្សា​មួយ​ដើម្បី​ជាការ​ផ្សះផ្សារ​ជាតិ និង​ដោះស្រាយ​វិបត្តិ​នយោបាយ​ផងដែរ​នោះ​។ ការច្រានចោល​នេះ ធ្វើឡើង​ក្រោយ​មួយថ្ងៃ​ នៃ​ការស្នើ​របស់លោក​ថាក់ស៊ីន​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត Financial Times​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត Financial Time ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២១​ខែកុម្ភៈ ​លោក ថាក់ស៊ីន បាន​រិះគន់​របប​សឹក​ ក្រោម​ការដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា ​យ៉ាងខ្លាំង​ ជាពិសេស​ការធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី​ ដែល​រឹតត្បិត​លើ​អំណាចរដ្ឋាភិបាល​ ដែល​ចេញពី​ការបោះឆ្នោត ​និង​ផ្តល់​អំណាច​ទៅ​យោធា​ច្រើន​។ លោក ថែមទាំង​ព្រមាន​ថា​ ក្រោម​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​របប​សឹក ​សេដ្ឋកិច្ច​ថៃ នឹងត្រូវ​ប្រឈម​ហានិភ័យ និង​ភាពផុយស្រួយ​កាន់តែខ្លាំង​។​

​ស្រប​នឹង​ការរិះគន់​នោះ តាមរយៈ​កាសែត​ដដែល​ អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​កំពុង​រស់នៅ​និរទេស​ និងកំពុង​រង​ការចោទប្រកាន់​ពី​តុលាការ​ទាក់ទង​នឹង​រឿងអាស្រូវ​ពុករលួយ​នៃ​ស្រូវ​អង្ក​រ លោក​ថាក់ស៊ីន​ក៏​ស្នើ ឲ្យ​មាន​ការជជែក​គ្នា​ជាមួយនឹង​របប​សឹក​ ដើម្បី​ផលប្រយោជន៍​ជាតិ​។ លោក សង្កត់ធ្ងន់ថា «​ខ្ញុំ ចង់​ឲ្យមានការ​ពិភាក្សា ឬក៏​ជជែក​គ្នា ហើយ​ខ្ញុំ​រួចរាល់​សម្រាប់​ការជជែក​នេះ​។ ក៏ប៉ុន្តែ​ខ្ញុំ​មិន​ដាក់​លក្ខខណ្ឌ​ណាមួយ ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​នោះទេ​។ ខ្ញុំ​គ្រាន់តែ​ចង់ឃើញ​ប្រទេស​(​ថៃ​)​បន្ត​ឆ្ពោះទៅមុខ​»​។​

​យ៉ាងណាក៏ដោយ​ភា្ល​មៗ​នឹង​សំណើ​នេះ រដ្ឋាភិបាល​របប​សឹកបាន​ច្រានចោល ហើយ​ថែមទាំង​ចំអក​លោក ថាក់ស៊ីន ​ចំពោះ​ការ​គេចវេស​ពី​ការចោទប្រកាន់​របស់​តុលាការ​។ យោង​តាម​កាសែត​ថៃ​ផ្សាយ​ជា ភាសា​អង់គ្លេស The Nation កាលពី​ម្សិលមិញ ឧបនាយករដ្ឋមន្ត្រី​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ Thanasak Patimapragorn ថា​រដ្ឋាភិបាល​ដែលជា​ភ្នាក់ងារ​មួយ​នៃ​ស្ថាប័ន​អនុវត្ត​ច្បាប់ « មិនមាន​តំណែង​ណា​ដើម្បី ជជែក​ជាមួយនឹង​ជន​ដែល​គេចវេស​ពី​ការកាត់ទោស​របស់​តុលាការ​នោះទេ​»​។

​ជាមួយគ្នា​នោះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​ លោក​ឧ​ត្ត​ម​សេនីយ៍ Sansern Kaewkamnerd ក៏បាន​ព្រមាន​លោក ថាក់ស៊ីន​ដែល​រិះគន់​សេចក្តីព្រាងច្បាប់​ថៃ​ថ្មី​ថា «​ជា​ជន​ដែល​កំពុង​ជាប់​ពីបទ​ចោទ កុំ​ក្អេងក្អាង​ពេក » ។ នេះ​បើ​យោងតាម​សារព័ត៌មាន​ថៃ​ដដែល ​ដែល​បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​ថា លោក បានចាត់ទុក​ពាក្យសម្តី​របស់លោក​ថាក់​ស៊ីន ថា​កំពុងតែ​អង្គុយ​លើ​ច្បាប់​ហើយ​។​

​ក្រោម​ការដឹកនាំ​របប​សឹក​របស់លោក​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា កាលពី​ថ្ងៃទី​២៩ ខែមករា កន្លងទៅ​ គណៈកម្មាធិការ​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ថៃ បាន​បោះ​ពុ​ម្ភ​ផ្សាយ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថៃ​ជា​សាធារណៈ និង​រង់ចាំ​អនុសាសន៍​ពី​រដ្ឋាភិបាលយោធា​ ដើម្បី​កែតម្រូវ​ដើម្បី​ឈានទៅរក​ការធ្វើ​ស្ទង់​មតិ​ជារួម ​ពី​ប្រជាជន​តាមរយៈ​ការធ្វើប្រជាមតិ​នៅ​ខែកក្កដា​ខាងមុខ​។ សេចក្តីព្រាងច្បាប់​នេះ បាន​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង ​ពី​គណបក្សនយោបាយ និង​អ្នកវិភាគ​មួយចំនួន ដ្បិត​ពួកគេ​មើលឃើញថា ជា​រដ្ឋធម្មនុញ្ញ​ដែល​បម្រើ​ផលប្រយោជន៍​យោធា ហើយ ជាពិសេស​នោះ​គឺ​លើ​ចំណុច​នៃ​ការឡើង​កាន់អំណាច​រប​ស់​នាយករដ្ឋមន្ត្រី​ មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត​ទៀតផង​ ប្រសិនបើ​ប្រទេស​ជួប​វិបត្តិ​៕

ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​