កម្ពុជានិង​ប្រទេស​ ៣​ទៀតស្នើ​ឲ្យម៉ាឡេស៊ី បន្ថែម​ប្រភេទ​កីឡា​ដែលមានសក្តានុពល​ទៅ​ក្នុង​​ការ​ប្រកួត​ស៊ីហ្គេម

ប្រទេស​កម្ពុជា ​វៀតណាម ឥណ្ឌូនេស៊ី និង​ប្រទស​មីយ៉ាន់ម៉ា បានស្នើ​ទៅ​ដល់​​ប្រទេស​ម៉ាឡេស៊ី​ជា​ម្ចាស់​ផ្ទះ ឲ្យ​ពិចារណា​ឡើង​វិញ​ចំពោះ​ការមិន​​​បាន​ដាក់​ប្រភេទ​កីឡា ដែល​មាន​សក្តានុពល​របស់​ខ្លួន​ចំនួន​៣​រួម​​មានចំបាប់ វ៉ូវីណាម និងសូរិនហ្ស៊ិកាំ​ប៉ូ ទៅ​ក្នុង​​​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​២៩ កូឡាឡាំ​ពួ ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

sea-game-1

ការ​ស្នើ​សុំ​របស់​ប្រទេស​ទាំង​៤នេះ ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​កិច្ចប្រជុំ​​កំណត់​ប្រភេទ​កីឡា​ស៊ីហ្គេម លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​កូឡាឡាំ​ពួក ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ ព្រោះ​​​នៅ​ក្នុង​បញ្ជីឈ្មោះ​​ប្រភេទ​កីឡាទាំង​៣៩​ ដែលប្រទេស​ជា​ម្ចាស់​ផ្ទះ​ដាក់​ឲ្យ​ប្រទស​ជា​សមាជិក ពិចារណា សម្រាប់​​​​ត្រៀម​​ដាក់​ឲ្យ​ប្រកួត​ស៊ីហ្គេម លើក​ទី​២៩ នៅ​ម៉ាឡេស៊ី នា​ឆ្នាំ​២០១៧​ ខាង​មុខ​នេះ មិន​មាន​​ប្រភេទ​កីឡា​​ចំ​បាប់ វ៉ូវីណាម និង​សូរិនហ្ស៊ិកាំប៉ូ​នោះ​​ឡើយ។

លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​​ចូល​រួមការ​​ប្រជុំ​​កំណត់​ប្រភេទ​កីឡា​ស៊ីហ្គេម លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ​ បាន​​ថ្លែង​​ថា៖​«​នៅ​ក្នុង​ការ​ប្រជុំ​​កំណត់​ប្រភេទ​កីឡា​ស៊ីហ្គេម លើក​ទី​២៩ ដែល​​មាន​រយៈ​ពេល​២​ថ្ងៃនេះ គឺ​​ភាគី​កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី និង​មីយ៉ាន់ម៉ា ​បាន​ស្នើ​ទៅ​ខាង​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី ឲ្យ​បញ្ចូល​ប្រភេទ​កីឡា​ចំបាប់ វ៉ូវីណាម និង​សូរិន​ហ្ស៊ិកាំ​ប៉ូ នៅ​ក្នុងការ​ប្រកួត​ស៊ីហ្គេម ខាង​មុខ​នេះវិញ ប៉ុន្តែ​​​ខាង​ម្ចាស់​ផ្ទះ​ផ្ទាល់សម្រេច​យ៉ាង​ណា​នោះ វា​ជាសិទ្ធិ​របស់​គេ ព្រោះ​​ម្ចាស់​ផ្ទះមាន​​សិទ្ធិ​ធំ​ជាងគេ ក្នុង​ការ​​កំណត់ដាក់​ប្រភេទ​កីឡា​ឲ្យ​ចូល​រួម​ការ​ប្រកួត​ស៊ីហ្គេម​នេះ»។ បន្ថែម​លើក​នេះ កម្ពុជា បាន​ស្នើសុំ​ឲ្យ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី ដាក់​បញ្ចូល​នៅ​​វិញ្ញសារ​ប្រភេទ​ទម្ងន់​ធ្ងន់លើ​​ប្រភេទ​កីឡា​តេក្វាន់ដូ ដែល​កម្ពុជា ធ្លាប់​ដណ្តើម​បាន​មេដាយមាស ក្នុង​ការ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ​២០១៣​ ហើយ​កម្ពុជា ក៏​បាន​ស្នើ​សុំ​បន្ថែម​នៅ​​ការ​ប្រកួត​វិញ្ញាសា​វាយ​យក​ពិន្ទុ​បុរស-នារី​នៃ​ប្រភេទ​កីឡា​ប៉េតង់ និង​ការ​ប្រកួតហុក​គី​​​ក្នុងសាល​ផ្នែក​នារី ផង​ដែរ ដែល​ផ្នែក​ទាំង​អស់​នេះ មិន​ត្រូវ​បាន​ម្ចាស់​ផ្ទះ​ដាក់​ឲ្យ​មាន​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ខាង​មុខ​នោះ​ឡើយ។

sea-game-2

គួរ​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​២៨ នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ឆ្នាំ​២០១៥ ប្រភេទ​កីឡា​ចំបាប់ វ៉ូវីណាម សូរិនហ្ស៊ិកាំប៉ូ ការ​ប្រកួត​ទម្ងន់​ធ្ងន់​ផ្នែក​នារី​នៃ​​ប្រភេទ​កីឡា​តេក្វាន់​ដូ មិន​ត្រូវ​បាន​ម្ចាស់​ផ្ទះ​សិង្ហបុរី ដាក់​ឲ្យ​មាន​ការ​ប្រកួត​នោះ​ឡើយ ហើយ​ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា ដណ្តើម​​បាន​មេដាយ​មាស​ត្រឹម​១ ប្រាក់​ ប្រាក់​​៥ និង​សំរឹទ្ធ​៩​ គឺ​ខុស​គ្នា​ដាច់​ពី​ការ​ប្រកួត​ស៊ីហ្គេម​នៅ​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ​២០១៣ ដោយ​កម្ពុជា បាន​ឈ្នះ​មេដាយមាស​មាស៨ ប្រាក់​១១ និង​សំរឹទ្ធ​២៨ ​ព្រោះ​កាល​នោះក្រុម​ចំបាប់ បាន​ឈ្នះ​មេដាយមាស​៤ ប្រាក់​១ និង​សំរឹទ្ធ​៤ ឯ​ក្រុម​វ៉ូវីណាម បាន​ឈ្នះ​មេដាយ​មាស​២ ប្រាក់​១ និង​សំរឹទ្ធ​៧ ហើយ​ក្រុម​សូរិហ្ស៊ិកាំប៉ូ បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​៤ ខណៈ​​​ក្រុម​កីឡាការិនី ស៊ន សៀវម៉ី និង ស៊ន ដាវីន បាន​ឈ្នះ​មេដាយ​មាស​១ និង​ប្រាក់​១ លើ​ប្រភេទ​វិញ្ញាសា​ទម្ងន់​ធ្ងន់​​នៃ​កីឡាតេក្វាន់​ដូ៕