ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អូស្ត្រាលី​​​ជា​គ្រូបង្រៀន​ម្នាក់​​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ពេក​​បណ្តាល​ឱ្យ​គាំងបេះដូង​ស្លាប់​នៅ​ក្នុងផ្ទះ​ជួល​ជាន់​ទី​២​រហូត​ធុំក្លិន​ស្អុយ​ពេញ​បន្ទប់​ទើប​ដឹង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ​​នៅ​ចំណុច​ផ្ទះល្វែង​ជាន់​ទី​២ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ​។

តាម​ប្រភព​ព័​ត៌​មាន​ពី​ម្ចាស់ផ្ទះ​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​​បុរស​ខាងលើ​បានមក​ជួល​ផ្ទះ​គាត់​​​អស់​​រយៈ​ពេល​ជិត​មួយ​ខែ​​​ហើយ ​គាត់​​គឺ​ជា​គ្រូបង្រៀន​នៅ​សាលា​​​រៀន​មួយ​ ។ កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ កន្លង​មកនេះ ម្ចាស់ផ្ទះ​បាន​នាំក្រុម​គ្រួសារ​ទៅ​លេង​ក្រុងព្រះសីហនុ​មិន​ទាន់​ត្រឡប់​មក​វិញ​ទេ ប៉ុន្តែ​ប្អូនស្រី​ដែល​រស់នៅ​បន្ទប់​ជាប់​នឹង​ជនជាតិ​អូស្ត្រាលី​នោះ​បាន​ធុំក្លិន​ស្អុយ​ខ្លាំង​ពេក​​ក៏​​ដើរ​រក​មើល​ស្មាន​តែ​មានសត្វ​ងាប់ ប៉ុន្តែ​រក​អត់​ឃើញ ទាល់តែ​នាំ​គ្នា​ទៅ​មើល​បន្ទប់​របស់​ជនជាតិ​អូស្ត្រាលី​ទើប​ឃើញបុរស​រូប​អង្គុយ​ស្លាប់​ទាំង​អ​ក្រា​ត​កាយ ។

បន្ទាប់​ពី​រក​ឃើញ​ហើយ​សាច់ញាតិ​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ និងធ្វើ​កោសល្យវិច័យ​រក​ឃើញ​មាន​ស៊ឺ​រ៉ាំង​សម្រាប់​ចាក់​គ្រឿងញៀន​នៅ​ជាប់​នឹង​​សព​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ស​ន្និ​ដ្នា​ន​​ថា ការ​ស្លាប់​នេះ​ប្រមាណ​ជា​៤​ទៅ​៥​ថ្ងៃ​​​ហើយ ចំពោះ​មូលហេតុ បណ្តា​មក​ពី​ការ​ចាក់​គ្រឿងញៀន​លើស​ចំណុះ​ធ្វើ​ឲ្យ​គាំងបេះដូង​ស្លាប់​តែ​ម្តង ។

​សព​ជនជាតិ​អូស្ត្រាលី​ ត្រូវ​បាន​សមត្ថកិច្ច​​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត ៕